ការគ្រប់គ្រងជំងឺ និងសត្វល្អិតចង្រៃ គឺជាចំណុចសំខាន់សម្រាប់ឲ្យដំណាំត្រឡាចលូតលាស់ល្អ មានសុខភាពរឹងមាំ និងឲ្យមានទិន្នផលខ្ពស់។ ខាងក្រោមនេះជាជំងឺ និងសត្វល្អិតសំខាន់ៗឧស្សាហ៍ជួបប្រទះលើដំណាំត្រឡាច។
១. ជំងឺទុំលឿងស្លឹក
ជំងឺនេះកើតលើស្លឹក ដោយមានចំណុចអុចពណ៌លឿងរាងជ្រុងៗ បន្ទាប់មកប្រែជាពណ៌ត្នោត។ ផ្នែកខាងក្រោមស្លឹកអាចឃើញដុំជាំរាងជ្រុងៗផងដែរ។

វិធានការណ៍បញ្ឈប់ការរាលដាល
- បេះស្លឹកដែលមានជំងឺចេញដោយដៃ ឬប្រើកន្ត្រៃ/កាំបិត រួចយកទៅកប់ ឬដុតចោលឱ្យឆ្ងាយពីចម្ការ
- បាញ់ថ្នាំផ្សិត។ ប្រឹក្សាជាមួយមន្ត្រីជំនាញកសិកម្មដើម្បីដឹងពីវិធីប្រើប្រាស់ត្រឹមត្រូវ។
- បាញ់ថ្នាំនៅពេលល្ងាច
- កុំស្រោចទឹកជោកជាំពេក
វិធានការណ៍បង្ការ
- ពង្រីកចន្លោះជួរ ៤–៤,៥ម និងចម្ងាយគុម្ព ១,៥–២ម ដើម្បីឲ្យខ្យល់ចេញចូលល្អ ស្លឹកឆាប់ស្ងួត និងងាយបាញ់ថ្នាំ
- កម្ចាត់ស្មៅចង្រៃ និងរុក្ខជាតិគ្មានប្រយោជន៍
- បេះស្លឹកដែលទើបបង្ហាញរោគសញ្ញា ហើយយកទៅកប់ ឬដុតចោល
- តំបន់សំណើមខ្លាំង គួរបាញ់ការពារ
សំគាល់៖ បាញ់ថ្នាំផ្សិតរៀងរាល់ ៣–៧ថ្ងៃម្តង នៅពេលល្ងាច។ បាញ់ទាំងខាងលើ និងខាងក្រោមស្លឹក ហើយលាយទឹកស្អិតដើម្បីឲ្យថ្នាំជាប់ស្លឹកបានយូរ។
២. ដង្កូវស៊ីញ៉េ
ដង្កូវស៊ីញ៉េបំផ្លាញកោសិកាស្លឹក ធ្វើឲ្យរុក្ខជាតិមិនអាចធ្វើរស្មីសំយោគបានល្អ។
វិធានការណ៍ការពារ
កាត់ស្លឹកដែលរងការបំផ្លាញដាក់ក្នុងថង់ប្លាស្ទិច រួចយកទៅកប់ឬដុតចោល ហាមបោះចោលក្នុងចំការ។ ការប្រើថ្នាំកសិកម្មបានត្រឹមត្រូវមានប្រសិទ្ធភាពដោះស្រាយបញ្ហានេះ។ សូមប្រឹក្សាជាមួយមន្ត្រីកសិកម្មអំពីរបៀបប្រើថ្នាំ។
៣. ទ្រីប
ទ្រីបជាសត្វល្អិតតូចៗ ដែលបំផ្លាញត្រួយ ធ្វើឲ្យត្រួយឈប់លូតលាស់។
វិធានការណ៍ការពារ
- ពិនិត្យត្រួយជាញឹកញាប់
- បាញ់ទឹកស្រោចឲ្យចំត្រួយ (បើអាច ១ថ្ងៃ ២ដង)
- បន្ថយការប្រើជីអ៊ុយរ៉េ
- ប្រើថ្នាំកសិកម្មតាមការណែនាំរបស់មន្ត្រីជំនាញ
ការបាញ់ថ្នាំ
- មិនគួរលាយថ្នាំច្រើនមុខជាមួយគ្នា
- ជ្រើសក្បាលបំពង់បាញ់ដែលបាញ់បានម៉ត់ល្អ
- លាយទឹកស្អិតជាមួយថ្នាំ
- បាញ់ឲ្យសព្វតាមត្រួយ និងស្លឹក
- បាញ់នៅពេលល្ងាច
ដោយ៖ សែន តុលា
ប្រភព៖ ឯកសារក្រសួងកសិកម្ម / ECHO Community
