បងប្អូនកសិករជាច្រើនតែងតែងឿងឆ្ងល់ថាហេតុអ្វីបានជាយើងដាក់ជីច្រើនហើយ តែដំណាំនៅតែមិនសូវលូតលាស់? ចម្លើយភាគច្រើនមិនមែនមកពីជីគ្មានគុណភាពនោះទេ ប៉ុន្តែមកពីបងប្អូនភ្លេចគិតដល់គន្លឹះសំខាន់មួយសម្រាប់ជួយឱ្យដំណាំអាចបឺតស្រូបជីទាំងនោះបាន។ គន្លឹះនោះគឺ កម្រិតអាស៊ីត-បាស(pH) នៃដីរបស់បងប្អូន។
តើអ្វីទៅជាកម្រិតpH ដី?
កម្រិត pH គឺជាការវាស់ស្ទង់ភាព «ជូរ» ឬ «ប្រៃ» នៃដី ដែលមានចន្លោះពី ០ ដល់ ១៤។
- pH < ៧៖ ដីជូរ (Acidic) — ដូចរសជាតិក្រូចឆ្មារ។
- pH = ៧៖ ដីមធ្យម ឬណឺត (Neutral) — ជាចំណុចតុល្យភាព។
- pH > ៧៖ ដីអាល់កាឡាំង ឬដីបាស (Alkaline) — ដូចរសជាតិសាប៊ូ។

ហេតុអ្វីបានជា pH គឺជាគន្លឹះនៃឃ្លាំងជីរបស់ដី?
សូមស្រមៃថា ជីដែលបងប្អូនបាចទៅក្នុងដីមានអាសូត ផូស្វ័រ ប៉ូតាស្យូម គឺជាម្ហូបអាហារដែលផ្ទុកក្នុងឃ្លាំង។ ប៉ុន្តែ ម្ហូបទាំងនេះនឹងត្រូវជាប់នៅក្នុងឃ្លាំងមិនអាចឱ្យរុក្ខជាតិបឺតយកបានឡើយប្រសិនបើ pH ដីមិនត្រឹមត្រូវ។
- នៅពេលដីជូរខ្លាំង (pH < ៥,៥) សារធាតុផូស្វ័រ ដែលជួយឱ្យឫសរឹងមាំ និងផ្កាច្រើន នឹងត្រូវជាប់ចំណងជាមួយជាតិដែក និងអាលុយមីញ៉ូមក្នុងដី។ ទោះបងប្អូនបាចជីផូស្វ័រច្រើនប៉ុនណាក៏ដោយ ក៏រុក្ខជាតិបឺតមិនបានដែរ។
- នៅពេលដីអាល់កាឡាំងឬបាសខ្លាំង (pH > ៧,៥) សារធាតុចិញ្ចឹមបន្ទាប់បន្សំដូចជា ដែក និងស័ង្កសីមិនអាចដំណើរការបានដែលធ្វើឱ្យស្លឹកដំណាំឡើងលឿង និងក្រិន។
ចំណុចសំខាន់កម្រិតpH ដែលល្អបំផុតសម្រាប់ដំណាំស្ទើរគ្រប់ប្រភេទគឺចន្លោះ ៦ ដល់ ៧។ ក្នុងកម្រិតនេះដីអាចផ្ដល់ជីជាតិល្អបំផុតសម្រាប់ឫសដំណាំ។
ផលវិបាកនៃដីជូរខ្លាំង
យោងតាម វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដីនៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ជាពិសេសដីស្រែដែលប្រើជីគីមីច្រើនឆ្នាំ ច្រើនតែមានសភាពជូរ។
- ពុលឫស៖ ដីជូរខ្លាំងធ្វើឱ្យជាតិអាលុយមីញ៉ូមរលាយចេញមក សម្លាប់ចុងឫសដំណាំ ធ្វើឱ្យឫសខ្លី និងមិនអាចជញ្ជក់ទឹកបាន។
- សម្លាប់មីក្រូសារពាង្គកាយល្អៗ៖ បាក់តេរីដែលជួយបំបែកជីកំប៉ុស្តមិនអាចរស់នៅបានក្នុងដីជូរឡើយ។

ការកែប្រែpH ដី
ប្រសិនបើបងប្អូនដឹងថាដីរបស់ខ្លួនមានបញ្ហា pH តាមរយៈការតេស្តងាយៗដែលយើងបានរៀនពីមុន បងប្អូនអាចដោះស្រាយបានដូចខាងក្រោម៖
- សម្រាប់ដីជូរ (pH ទាប)៖ ប្រើ កំបោរកសិកម្មឬ ផេះចង្ក្រាន។ កំបោរនឹងទៅបន្សាបជាតិអាស៊ីត និងដោះលែងផូស្វ័រឱ្យដំណាំប្រើប្រាស់បានវិញ។
- សម្រាប់ដីអាល់កាឡាំងឬបាស (pH ខ្ពស់)៖ ប្រើ ជីកំប៉ុស្ត ជីសរីរាង្គ ឬ ស្លឹកឈើស្ងួត។ សារធាតុសរីរាង្គនៅពេលរលួយនឹងបញ្ចេញជាតិអាស៊ីតខ្សោយៗដើម្បីទម្លាក់pH ឱ្យមកធម្មតាវិញ។
បងប្អូនអាចរកទិញឧបករណ៍សម្រាប់វាស់កម្រិត pH ដីនៅលើទីផ្សារបាន ឬសាកសួរព័ត៌មានបន្ថែមពីមន្ត្រីកសិកម្មឃុំ។
អង្គការ FAO លើកឡើងថាការគ្រប់គ្រង pH ដីគឺជាជំហានសំខាន់បំផុតតែមួយគត់ក្នុងការគ្រប់គ្រងសារធាតុចិញ្ចឹម។ ប្រសិនបើ pH មិនត្រឹមត្រូវទេការវិនិយោគលើជីរបស់បងប្អូននឹងផ្តល់ផលមកវិញតិចតួចបំផុត។
កុំទម្លាប់គ្រាន់តែបាចជីតាមគ្នា។ ការស្វែងយល់ពីpHដី គឺជាការធ្វើកសិកម្មបែបវិទ្យាសាស្ត្រ ដែលជួយឱ្យបងប្អូនចំណេញប្រាក់ និងទទួលបានទិន្នផលពិតប្រាកដ។
