ជំងឺផ្សិតម្សៅលើដំណាំម្រះ បងប្អូនធ្លាប់ឃើញ ឬជួបប្រទះដោយផ្ទាល់លើដំណាំរបស់ខ្លួនឬអត់?
ជំងឺផ្សិតម្សៅ ជាជំងឺមួយក្នុងចំណោមជំងឺសំខាន់ៗដែលកើតដំណាំម្រះ។ ជំងឺនេះច្រើនកើតមានឡើងនៅរដូវវស្សា និងដើមរដូវប្រាំង។ វាឆ្លងពីមួយកន្លែងទៅមួយកន្លែងតាមរយៈខ្យល់។ ជំងឺនេះអាចធ្វើឲ្យទិន្នផលដំណាំមានការធ្លាក់ចុះ ឬធ្វើឲ្យដំណាំចុះខ្សោយងាយរងនៅការបំផ្លាញពីជំងឺផ្សេងទៀត និងអាចងាប់ក្នុងករណីធ្ងន់ធ្ងរ។
រោគសញ្ញានិងការរីករាលដាល
រោគសញ្ញាដំបូងលេចឡើងនៅលើសឹ្លកដែលចាស់ និងស្លឹកដែលស្ថិតនៅផ្នែកខាងក្រោមគេ។ ក្នុងលក្ខខណ្ឌអំណោយផល ផ្សិតម្សៅរីករាលដាលយ៉ាងឆាប់រហ័សនិង បង្ហាញរោគសញ្ញាក្នុង រយៈពេលខ្លី គឺត្រឹមតែបីថ្ងៃប៉ុណ្ណោះស្កររបស់ផ្សិតត្រូវបានផលិត។
នៅពេលដែលអាំងតង់ស៊ីតេពន្លឺទាប សំណើមខ្ពស់ និងអាសូតខ្ពស់ វាបង្ករឲ្យស្កររបស់ផ្សិតកាន់តែលូតលាស់លឿន។ ការវិវត្តនៃជំងឺនៅពេលដែលសីតុណ្ហភាពទាបចន្លោះពី២០ ទៅ ២៥ អង្សាសេ។ ចំណែកឯការឆ្លងរាលដាលជំងឺ គឺនៅសីតុណ្ហភាពចន្លោះពី ១៥ ទៅ៣០ អង្សាសេ។ ប៉ុន្តែបើសិនជាសីតុណ្ហភាពឡើងដល់ ៣៧ អង្សាសេ ឬលើសនេះជំងឺនេះនឹងបញ្ឈប់ការវិវត្តតែម្តង។ មានន័យថាកំដៅកាន់តែក្ដៅធ្វើឲ្យផ្សិតឈប់លូតលាស់ឬ ងាប់ ប៉ុន្ដែបើកម្ដៅឡើងខ្ពស់ពេកវាក៏មានផលវិបាកដល់ដំណាំផងដូចគ្នា គឺពិបាកដុះលូតលាស់ ឬក្រិន ងាប់តែម្ដង។

វិធានការការពារ និងគ្រប់គ្រងជំងឺ
កសិករត្រូវពិនិត្យចំការជាប្រចាំដើម្បីតាមដានភាពមិនប្រក្រតីលើដំណាំ។ បន្ថែមពីនេះត្រូវ
តាក់តែងមែកដំណាំដោយកាត់ស្លឹកដែលចាស់ៗចោល និងកាត់ខ្នែងដែលគ្មានផ្លែចោល បើស្លឹងឆ្លងជំងឺត្រូវយកដុតចោលឆ្ងាយពីចម្ការ។
ដូចគ្នាដែរ កសិករគួរដាំកាត់បន្ថយការប្រើប្រាស់អាសូត គឺកាត់បន្ថយការដាក់ជីអ៊ុយរេ កុំដាក់លើដំណាំច្រើនពេក។ ពូជដែលធន់នឹងជំងឺក៏កាន់តែសំខាន់ បើមិនច្បាស់ថាពូជណាល្អគួរសាកសួរកសិករដែលដាំបានជោគជ័យក្នុងភូមិសាស្រ្តដូចគ្នា ឬអ្នកជំនាញខាងកសិកម្ម។
ចែករំលែកដោយ៖ ម៉ៅ ហេង
ប្រភព៖ UFL
