More

    អត្ថប្រយោជន៍​នៃ​ស្លឹក​ទង់ជ័យ​របស់​ដំណាំ​ស្រូវ​

    បងប្អូនកសិករដឹងទេថា នៅកំឡុងពេលស្រូវជិតចេញកួរ មានស្លឹកមួយសន្លឹកដែលសំខាន់បំផុត​សម្រាប់​ដំណាំស្រូវ នោះគឺ «ស្លឹកទង់ជ័យ»។ ស្លឹកទង់ជ័យគឺប្រៀប​ដូច​ជាម៉ាស៊ីន ដែល​សម្រាប់​ជួយ​បញ្ជូនជីជាតិ​ទៅចិញ្ចឹមគ្រាប់ស្រូវឱ្យដាក់ទឹកដោះពេញល្អ​។

    ថ្ងៃនេះ កសិ សូមពន្យល់បងប្អូនឱ្យកាន់តែច្បាស់អំពីសារៈសំខាន់នៃស្លឹកមួយសន្លឹកនេះ។

    ១. តើអ្វីទៅជាស្លឹកទង់ជ័យ ហើយវាមានគុណប្រយោជន៍អ្វី?

    ស្លឹកទង់ជ័យ គឺជាស្លឹកចុងក្រោយបង្អស់ដែលដុះចេញមកមុនពេលកួរស្រូវលេចចេញ។ វាមានទីតាំងនៅខ្ពស់ជាងគេ និងនៅជាប់នឹងកួរស្រូវបំផុត។

    ស្លឹក​ទង់ជ័យ​គឺអ្នកផលិតអាហារចម្បង​មួយ​​។ យោងតាមការស្រាវជ្រាវពី វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) ស្លឹកទង់ជ័យទទួលខុសត្រូវលើការផលិតអាហារស្ករ និងម្សៅ ពី ៦០% ទៅ៩០% សម្រាប់បញ្ជូនទៅបំពេញគ្រាប់ស្រូវ។ ស្លឹកទង់ជ័យ​ស្ថិតនៅខាងលើគេ វាអាចទទួលបានពន្លឺថ្ងៃពេញលេញដើម្បីធ្វើរស្មីសំយោគបានល្អជាងស្លឹកដទៃទៀត។

    ២. បើមានបញ្ហាលើស្លឹកទង់ជ័យតើស្រូវនឹងទៅជាយ៉ាងណា?

    ប្រសិនបើស្លឹកទង់ជ័យត្រូវបានបំផ្លាញដោយជំងឺ សត្វល្អិត ឬខ្វះសារធាតុចិញ្ចឹម ផលវិបាកដែលបងប្អូននឹងជួបគឺ៖

    • គ្រាប់ស្កកច្រើន៖ នៅពេលស្លឹកទង់ជ័យ​ត្រូវបំផ្លាញ វានឹងគ្មានអាហារបញ្ជូនទៅបំពេញគ្រាប់ឡើយ ធ្វើឱ្យគ្រាប់ស្រូវមិនដាក់ទឹកដោះ ឬដាក់បានតែពាក់កណ្តាល។
    • គ្រាប់ស្រូវស្រាល និងមិនភ្លឺ៖ គ្រាប់ស្រូវដែលប្រមូលបាននឹងមានទម្ងន់ស្រាល ស្វិត ឬស្ពោត​ និងមិនសូវមានគុណភាព (លក់មិនបានថ្លៃ)។
    • ការថយចុះទិន្នផលយ៉ាងខ្លាំង៖ បាត់បង់ស្លឹកទង់ជ័យ គឺស្មើនឹងបាត់បង់ទិន្នផលចន្លោះពី ៣០% ទៅ ៥០% ក្នុងមួយហិកតា។

    ៣. វិធីការពារស្លឹកទង់ជ័យឱ្យមានសុខភាពល្អ

    ដើម្បីរក្សាស្លឹកទង់ជ័យឱ្យបៃតងបានយូររហូតដល់ថ្ងៃច្រូត បងប្អូនគួរអនុវត្តតាមគន្លឹះខាងក្រោម៖

    ផ្ដល់អាហារបំប៉នឱ្យចំគោលដៅ

    • ប៉ូតាស្យូម (K)៖ ជួយឱ្យស្លឹកទង់ជ័យរឹងមាំ ធន់នឹងជំងឺ និងជួយរុញច្រានជាតិស្ករពីស្លឹកទៅគ្រាប់បានលឿន។
    • បូរុន (B)៖ ជួយឱ្យស្លឹកទង់ជ័យនៅតែមានលទ្ធភាពផលិតអាហារបាន​ខ្ពស់ ទោះបីក្នុងលក្ខ​ខណ្ឌ​អាកាសធាតុមិនអំណោយផល។
    • បាញ់ជីបំប៉នតាមស្លឹក៖ នៅវគ្គស្រូវផើម គួរប្រើជីបំប៉នដែលមានជាតិ ប៉ូតាស្យូមនិងបូរុន​ខ្ពស់ ដើម្បីរក្សាស្លឹកឱ្យនៅបៃតងបានយូរ។

     ការពារពីសត្រូវចង្រៃ

    • ជំងឺអុជស្លឹក និងជំងឺផ្ទុះរាលដាលប្លាស៖ ជំងឺទាំងនេះចូលចិត្តវាយលុកស្លឹកទង់ជ័យបំផុត។ ត្រូវបាញ់ថ្នាំការពារ (ដូចជាប្រភេទ ទ្រីកូដឺម៉ា ឬថ្នាំការពារផ្សិត) នៅវគ្គស្រូវជិតចេញកួរ។
    • ដង្កូវមូរស្លឹក៖ ដង្កូវប្រភេទនេះចូលចិត្តស៊ីរុំស្លឹកទង់ជ័យខ្លាំងណាស់។ ប្រសិនបើស្លឹកទង់ជ័យត្រូវបានដង្កូវស៊ីសាច់បៃតងអស់ ស្រូវនឹងមិនអាចដាក់ទឹកដោះបានឡើយ។

    ការគ្រប់គ្រងទឹក និងជីអាសូត

    • កុំដាក់ជីអាសូត (N) ច្រើនពេកនៅវគ្គស្រូវផើម ព្រោះវានឹងធ្វើឱ្យស្លឹកទង់ជ័យទន់ ស្ដើង និងងាយរងគ្រោះពីសត្វល្អិត និងជំងឺ។
    • រក្សាសំណើមដី កុំឱ្យដីស្ងួតដាច់ទឹកនៅវគ្គនេះ ព្រោះវានឹងធ្វើឱ្យស្លឹកទង់ជ័យក្រៀម និងឈប់​ផលិត​អាហារ។

    បងប្អូនកសិករ​យើង​ថែ​រក្សាស្លឹកទង់ជ័យឱ្យបៃតងបានកាន់តែ​យូរ​បងប្អូននឹងឃើញទម្ងន់ស្រូវកើនឡើងគួរឱ្យកត់សម្គាល់។

    ដោយ៖ ចាន់ តារា
    ប្រភព៖ NIH / IGB / IRRI