បងប្អូនកសិករធ្លាប់សង្កេតទេថា ស្រូវដែលកំពុងលូតលាស់ល្អ សុខៗក៏ស្រាប់តែមានបណ្ដូលស្លឹកស្វិតងាប់ឬនៅពេលចេញកួរ ស្រាប់តែកួរឡើងពណ៌សស្កកគ្មានគ្រាប់? នេះគឺជាសញ្ញានៃការយាយីពីដង្កូវស៊ីរូងដើមស្រូវ (Rice Stem Borer) ដែលជាសត្រូវបំផ្លាញបេះដូងស្រូវពីខាងក្នុង។ យោងតាមទិន្នន័យបច្ចេកទេសពី វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងស្ថាប័នកសិកម្មផ្សេងទៀត នេះគឺជាអ្វីដែលបងប្អូនត្រូវដឹងដើម្បីការពារស្រែរបស់ខ្លួន។

១. របៀបសម្គាល់ការបំផ្លាញ
ដង្កូវស៊ីរូងដើមស្រូវ បំផ្លាញដើមស្រូវដោយការចោះចូលទៅស៊ីជាលិកាខាងក្នុងដើម ដែលរាំងស្ទះចរន្តទឹក និងអាហារ។ ទី១ការបំផ្លាញនៅដំណាក់កាលលូតលាស់។ នៅពេលដង្កូវស៊ីដាច់បណ្ដូលខាងក្នុង ស្លឹកកណ្ដាលដែលទើបនឹងដុះថ្មីនឹងឡើងពណ៌ត្នោត ស្វិត និងងាយដកចេញពីដើម។ និងទី២ការបំផ្លាញដំណាក់កាលចេញកួរ គឺកួរស្កក (Whitehead) ដែលនេះគឺជាការបំផ្លាញធ្ងន់ធ្ងរបំផុត។ កួរស្រូវដែលចេញមកមានពណ៌សស្កក (គ្មានគ្រាប់) និងឈរត្រង់ (មិនឱន) ព្រោះវាគ្មានទម្ងន់គ្រាប់ និងត្រូវបានដង្កូវស៊ីផ្ដាច់ទងកួរនៅខាងក្នុងដើមរួចជាស្រេច។
២. មូលហេតុ និងកត្តាជំរុញឱ្យកើតមានដង្កូវស៊ីរូងដើម
យោងតាម អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) និង PhilRice កត្តាដែលធ្វើឱ្យដង្កូវនេះរីករាលដាលខ្លាំងរួមមាន៖
- ការប្រើជីអាសូត (អ៊ុយរ៉េ) លើសកម្រិត៖ ធ្វើឱ្យដើមស្រូវឡើងទន់បៃតងខ្ចី ដែលជាចំណីដ៏ឆ្ងាញ់របស់ដង្កូវ។
- ការដាំដុះមិនព្រមគ្នា៖ ការដាំស្រូវខុសពេលវេលាគ្នាក្នុងតំបន់តែមួយ ធ្វើឱ្យដង្កូវមានចំណីស៊ីបន្តបន្ទាប់មិនដាច់រដូវ។
- ការទុកគល់ជញ្ជ្រាំងចោល៖ គល់ជញ្ជ្រាំងគឺជាជម្រកដ៏ល្អបំផុតសម្រាប់ដង្កូវសម្ងំខ្លួនដើម្បីរង់ចាំរដូវក្រោយ។

៣. វិធានការការពារ និងកម្ចាត់តាមបែបចម្រុះ (IPM)
ដើម្បីកម្ចាត់សត្រូវលាក់មុខនេះ IRRI ណែនាំឱ្យប្រើវិធីសាស្ត្រចម្រុះជាជាងការប្រើថ្នាំគីមីតែមួយមុខ។
វិធានការកសិកម្ម
- ភ្ជួររាស់កម្ទេចគល់ជញ្ជ្រាំង៖ ក្រោយប្រមូលផល ត្រូវភ្ជួររាស់ដី និងបញ្ចូលទឹកឱ្យលិច ដើម្បីសម្លាប់ដង្កូវដែលសម្ងំក្នុងគល់ជញ្ជ្រាំង។
- ដាំដុះឱ្យព្រមគ្នា៖ ក្នុងសហគមន៍តែមួយ គួរព្រួសស្រូវឱ្យបានស្របពេលគ្នា ដើម្បីកាត់ផ្ដាច់វដ្តជីវិតរបស់វា។
- ការប្រើជីមានតុល្យភាព៖ ប្រើជីដែលមានជាតិប៉ូតាស្យូម (K) គ្រប់គ្រាន់ ដើម្បីឱ្យដើមស្រូវរឹងមាំ ពិបាកនឹងដង្កូវចោះចូល។
វិធានការរូបវន្ត និងជីវសាស្ត្រ
- ប្រើអន្ទាក់ពន្លឺ (បើមានលទ្ធភាព)៖ មេអំបៅរបស់ដង្កូវស៊ីរូងដើមចូលចិត្តពន្លឺ។ ការដាក់អន្ទាក់ពន្លឺអាចជួយកម្ចាត់មេអំបៅមិនឱ្យពងដាក់ស្លឹកស្រូវបានរាប់ពាន់គ្រាប់។
- ការពារសត្រូវធម្មជាតិ៖ ជៀសវាងការបាញ់ថ្នាំពុលខ្លាំងនៅដើមរដូវ ដើម្បីរក្សាទុកពពួកឱម៉ាល់ (Wasps) ដែលជាអ្នកស៊ីពងដង្កូវ។
វិធានការគីមី
ប្រសិនបើពិនិត្យឃើញការបំផ្លាញដើមស្រូវលើសពី ១០% (ងាប់បណ្ដូល) ឬ ៥% (កួរស្កក) ត្រូវប្រើថ្នាំដែលមានប្រសិទ្ធភាពជ្រាបចូលក្នុងដើមដែលមានធាតុសកម្មអាចកម្ចាត់ដង្កូវនេះបាន។ សូមប្រឹក្សាជាមួយមន្ត្រីកសិកម្មឃុំអំពីការប្រើប្រាស់ថ្នាំ និងធាតុសកម្មដែលត្រូវប្រើ។
ពិនិត្យមើលចង្កោមពងនៅក្រោមស្លឹកស្រូវ។ បើឃើញមានដុំតូចៗមានរោមពណ៌ត្នោតខ្ចី ត្រូវប្រមូលយកទៅដុតចោលភ្លាម នោះបងប្អូននឹងអាចកាត់បន្ថយចំនួនដង្កូវបានរាប់រយក្បាលក្នុងមួយចង្កោម។
