More

    វិធីសាស្ត្រសំខាន់ៗ​ក្នុង​ការ​គ្រប់​គ្រង​សត្វ​កណ្តុរ​​ក្នុង​ចម្ការ​អំពៅ​

    សត្វកណ្តុរ គឺជាសត្វចង្រៃមួយប្រភេទដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដំណាំអំពៅ។ លក្ខណៈបំផ្លាញរបស់វាគឺ ធ្វើការកាត់កូនអំពៅ កកាយដើម និងស៊ីដើមអំពៅ ដែលនាំឲ្យទិន្នផលថយចុះ និងបាត់បង់គុណភាពស្ករ។​សញ្ញានៃការរងគ្រោះរួមមាន ដើមអំពៅត្រូវកាត់ ស្នាមខាំលើដើម រន្ធដីជិតគល់អំពៅ និងសំណល់លាមកសត្វកណ្តុរ។

    ប្រសិនបើមិនមានការគ្រប់គ្រងឲ្យទាន់ពេល នោះសត្វកណ្ដុរនឹងកើតកាន់តែច្រើនឡើង និងបណ្ដាលឲ្យមានការខាតបង់ច្រើន។ ដូច្នេះ កសិករត្រូវអនុវត្តវិធីសាស្ត្រគ្រប់គ្រងដែលមានប្រសិទ្ធភាព និងមានចីរភាព។

    ខាងក្រោមនេះគឺជាវិធីសាស្ត្រក្នុងការគ្រប់គ្រងសត្វកណ្ដុរដែល​បងប្អូន​អាច​សាក​ល្បង​អនុវត្ត​បាន​​។​

    អនាម័យចម្ការ​និងការគ្រប់គ្រងទីជម្រក

    ជំហានសំខាន់បំផុតក្នុងការគ្រប់គ្រងសត្វកណ្តុរ គឺកាត់បន្ថយទីជម្រក និងកន្លែងបន្តពូជរបស់វា។ ចម្ការដែលមានស្មៅដុះខ្ពស់ៗ សំណល់ដំណាំច្រើន និងមិនបានសម្អាត ជាកន្លែងសមស្រប​សម្រាប់សត្វកណ្តុររស់នៅ។

    កសិករគួរអនុវត្តដូចខាងក្រោម៖

    • កាត់ស្មៅ និងសម្អាតវាលជុំវិញចម្ការ។
    • សម្អាតសំណល់ដំណាំបន្ទាប់ពីប្រមូលផល។
    • មិនគួរបង្គរសំណល់អំពៅនៅវាលចម្ការ
    • ថែរក្សាប្រព័ន្ធទឹក និងលូបង្ហូរទឹកឲ្យបានស្អាត ព្រមទាំងការរក្សាអនាម័យល្អ នឹងបង្ការ សត្វកណ្តុរមិនមកស្នាក់នៅ និងបន្តពូជ។

    ការបំផ្លាញរន្ធជម្រកកណ្ដុរ

    សត្វកណ្តុររស់នៅ និងបន្តពូជក្នុងរន្ធក្រោមដី។ ការបំផ្លាញរន្ធជម្រកអាចជួយកាត់បន្ថយចំនួនរបស់វា។

    វិធីសាស្ត្ររួមមាន៖

    • ស្វែងរករន្ធកណ្ដុរ (មានដីថ្មីនៅមាត់រន្ធ)។
    • បញ្ចូលទឹកចូលក្នុងរន្ធ។
    • ប្រើឧបករណ៍កសិកម្មបំផ្លាញផ្លូវរន្ធ។
    • ដាក់អន្ទាក់នៅជិតមាត់រន្ធ។

    ការអនុវត្តនេះមានប្រសិទ្ធភាពខ្ពស់នៅដំណាក់កាលដើមនៃការដាំដុះ មុនពេលចំនួនសត្វកណ្តុរ​កើនឡើង។

    ការប្រើអន្ទាក់

    ប្រភេទអន្ទាក់រួមមាន៖

    • អន្ទាក់ចាប់ភ្លាម (Snap trap)
    • អន្ទាក់ទ្រុង​ (Cage trap)
    • អន្ទាក់​កាវស្អិត​ (ប្រើនៅកន្លែងស្ងួត)

    គួរដាក់អន្ទាក់នៅវាល ជិតរន្ធ និងតាមផ្លូវដែលសត្វកណ្តុរសំងំ និងធ្វើសកម្មភាព។ អាចប្រើដុំសាច់​ដូងអាំង ត្រីស្ងួត ឬសណ្តែកដីដើម្បីទាក់ទាញ និង​ត្រូវពិនិត្យអន្ទាក់រៀងរាល់ថ្ងៃ។

    ការប្រើថ្នាំពុលដោយប្រុងប្រយ័ត្ន

    នៅពេលមានការរាលដាលធ្ងន់ធ្ងរ អាចត្រូវការប្រើថ្នាំពុលសម្រាប់​កណ្តុរ។ ទោះជាយ៉ាងណា ត្រូវប្រើដោយប្រុងប្រយ័ត្នខ្ពស់។

    សូមអនុវត្តដូចខាងក្រោម៖

    • អាន និងគោរពតាមការណែនាំរបស់ប្រភេទថ្នាំនីមួយៗ។
    • ដាក់អាហារបញ្ឆោតនៅក្នុងរន្ធ មិនគួរចាក់ចោលចំហ។
    • ការពារមិនឱ្យសត្វចិញ្ចឹម និងសត្វព្រៃប៉ះពាល់។
    • មិនត្រូវប្រើហួសកម្រិត ដើម្បីបង្ការការធន់ថ្នាំ និងការប៉ះពាល់បរិស្ថាន។

    ថ្នាំពុលគួរប្រើជាជម្រើសចុងក្រោយ បន្ទាប់ពីវិធីផ្សេងៗមិនមានប្រសិទ្ធភាព។ សូម​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​ដើម្បី​ប្រើប្រាស់​បាន​ត្រឹមត្រូវ​។​

    ការគ្រប់គ្រងរួមគ្នាក្នុងសហគមន៍

    សត្វកណ្តុរអាចផ្លាស់ទីពីចម្ការមួយទៅមួយបានយ៉ាងងាយស្រួល។ ប្រសិនបើមានតែអ្នកម្នាក់គ្រប់គ្រង ខណៈអ្នកដទៃមិនអនុវត្ត វានឹងមិនមានប្រសិទ្ធភាពខ្ពស់ឡើយ។ ដូច្នេះ ការរៀបចំយុទ្ធនាការគ្រប់គ្រងសត្វកណ្តុរជាមួយគ្នានៅក្នុងសហគមន៍ គឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត។

    ការគ្រប់គ្រងសត្វកណ្តុរនៅក្នុងចម្ការអំពៅត្រូវការវិធានការរួមបញ្ចូលគ្នា រួមមានការរក្សាអនាម័យ​ចម្ការ ការបំផ្លាញរន្ធជម្រក ការប្រើអន្ទាក់ និងការប្រើថ្នាំពុលដោយប្រុងប្រយ័ត្ន។ ការអនុវត្តឲ្យ ទាន់ពេល និងការសហការរវាងកសិករ គឺជាចំណុចសំខាន់ក្នុងការកាត់បន្ថយការខូចខាត និងការពារទិន្នផលអំពៅឱ្យបានល្អប្រសើរ៕

    ដោយ៖ សែន តុលា
    ប្រភព៖ Sugar Land / FAO