ដំណាំស្រូវ ជាដំណាំគោលនិងជាដំណាំស្បៀងដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។ ជាការពិត ពីមួយឆ្នាំទៅមួយឆ្នាំ មួយរដូវទៅមួយរដូវ កសិករតែងតែធ្វើស្រែវិលជុំ ដោយខ្លះធ្វើបាន២ទៅ៣ដងក្នុងមួយឆ្នាំ អាស្រ័យទៅលើប្រភពទឹកក្នុងតំបន់។
មិនខុសពីដំណាំពោតទេ ដាំណាំស្រូវក៏ជាប្រភេទដំណាំដែលស្រូបយកសារធាតុអាសូតយ៉ាងច្រើនពីក្នុងដីដែរ។ ដូចនេះការដែលដាំដុះដំណាំស្រូវវិលជុំពីមួយរដូវហើយមួយរដូវទៀតដោយពុំមានការផ្លាស់ប្ដូរដំណាំនៅលើផ្ទៃដីនោះ វាប្រឈមទៅនឹងការបាត់បង់អាសូត សារធាតុចិញ្ចឹមដូចៗគ្នាជាបន្តបន្ទាប់និងបង្ករឲ្យទិន្នផលមានការធ្លាក់ចុះទៀតផង ដែលនេះក៏ជាមូលហេតុនៃការកើនឡើងនូវការប្រើប្រាស់ជីគីមីផងដែរ។
ក្នុងដំណើរការផលិតកម្មដំណាំស្រូវ អាសូតនិងសារធាតុចិញ្ចឹមផ្សេងៗអាចបាត់បង់តាមរយៈការស្រូបរបស់ស្រូវ ដោយសារធាតុខ្លះស្រូបដើមនិងខ្លះទៀតតាមគ្រាប់របស់ស្រូវ។ ដូចគ្នាដែរ អាសូតក៏បាត់បង់ងាមរយៈការបំភាយទៅកាន់បរិយាកាស និងមួយចំណែកធំទៀតគឺការបាត់បង់តាមរយៈការដុតជញ្ជ្រាំងនិងស្មៅក្នុងស្រែ។
ដូច្នេះបើសួរថា តើគួរដាំដំណាំគម្របដីឬដំណាំបង្វិលលើផ្ទៃដីដាំស្រូវដែរឬទេ ចម្លើយគឺប្រាកដណាស់ថាគួរតែមានដាំ។ តែតាមជាក់ស្ដែង កសិករភាគច្រើនមិនបានគិតដល់ចំនុចនេះទេ ទើបធ្វើឲ្យការអនុវត្តនេះត្រូវបានគេមើលរំលង។
កសិករគួរចូលរួមស្ដារនិងរក្សារគុណភាពដីឡើងវិញតាមរយៈការដាំនូវដំណាំផ្សេងៗខ្លះលើដីស្រែរបស់ខ្លួន ដើម្បីជួយកាត់បន្ថយការស្រូបយកសារធាតុចិញ្ចឹមដដែលៗ និងផ្ដល់ឲ្យដីវិញនូវសារធាតុចិញ្ចឹមសំខាន់ៗ។
អត្ថបទដោយ៖ Kakse / កសិ
ប្រភព៖ MDPI
