កម្រិត pH របស់ដី ជាតិអាស៊ីត ឬជាតិបាស មានឥទ្ធិពលយ៉ាងខ្លាំងទៅលើគុណភាពដី ទិន្នផលដំណាំ និងសមត្ថភាពរបស់ដំណាំក្នុងការស្រូបយកសារធាតុចិញ្ចឹម។ កសិករគួរយល់ដឹងពីផលប៉ះពាល់ទាំងនេះ។
១. ដីមានជាតិអាស៊ីត (pH ក្រោម ៦,០)
នៅពេលដីមានជាតិអាស៊ីតខ្លាំង វាបង្កបញ្ហាជាច្រើន៖
- កង្វះសារធាតុចិញ្ចឹម៖ កាត់បន្ថយការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗដូចជា អាសូត (N) ផូស្វ័រ (P) ប៉ូតាស្យូម (K) កាល់ស្យូម (Ca) និង ម៉ាញ៉េស្យូម (Mg)។
- ជាតិពុលកើនឡើង៖ បង្កើនការរលាយនៃធាតុពុលដូចជា អាលុយមីញ៉ូមនិង ម៉ង់ហ្គាណែស ដែលអាចបំផ្លាញឫសដំណាំ។
- ការលូតលាស់៖ ដំណាំអាច តឿ ក្រិន ស្លឹកលឿង និងប្រព័ន្ធឫសលូតលាស់មិនបានល្អ។ សត្វល្អិតល្អៗក្នុងដី ដូចជាបាក់តេរីចាប់យកអាសូត ក៏ត្រូវរងផលប៉ះពាល់ផងដែរ។
- ដំណោះស្រាយ៖ ត្រូវប្រើ កំបោរកសិកម្ម (Lime) ដើម្បីបង្កើនកម្រិត pH ដី។ ដើម្បីដឹងពីរបៀនប្រើប្រាស់ត្រឹមត្រូវសូមប្រឹក្សាជាមួយអ្នកជំនាញកសិកម្ម ឬមន្ត្រីកសិកម្មឃុំ។
២. ដីមានជាតិបាស (pH លើស ៧,៥)
ដីមានជាតិបាសក៏បង្កបញ្ហាដល់ដំណាំដែរ បើទោះជាជាធម្មតាវាកម្រកើតមាននៅតំបន់ដាំស្រូវក៏ដោយ។
- ការទប់ស្កាត់សារធាតុចិញ្ចឹម៖ កាត់បន្ថយការរលាយ និងការស្រូបយកសារធាតុចិញ្ចឹមតូច ឬមីក្រូធាតុដូចជា ជាតិដែក (Fe) ស័ង្កសី (Zn) ទង់ដែង (Cu) និង ផូស្វ័រ (P) ដែលនាំឱ្យស្លឹកឡើងលឿង (Chlorosis)។
- រចនាសម្ព័ន្ធដី៖ អាចបណ្ដាលឱ្យដី ឡើងរឹងខះ និងមិនងាយជ្រាបទឹក។
- ការលូតលាស់៖ ដំណាំបង្ហាញរោគសញ្ញា ស្លឹកលឿង ដោយសារកង្វះជាតិដែក ការចេញផ្កាមិនល្អ និងទិន្នផលទាប។
- ដំណោះស្រាយ៖ គួរប្រើ សារធាតុសរីរាង្គ ឬ ស្ពាន់ធ័រ ដើម្បីបន្ថយកម្រិត pH ដី។

៣. កម្រិត pH ដីដ៏ល្អបំផុត
ដំណាំចំណីអាហារភាគច្រើនលូតលាស់បានល្អបំផុតនៅក្នុងដីដែលមានជាតិអាស៊ីតបន្តិចទៅអព្យាក្រឹត ឬណឺត គឺចន្លោះពី pH ៦,០ ដល់ ៧,០។
នៅក្នុងចន្លោះនេះ សារធាតុចិញ្ចឹមសំខាន់ៗត្រូវបានរលាយ និងអាចស្រូបយកបានច្រើនបំផុត ហើយមីក្រូជីវសាស្ត្រល្អៗក្នុងដីក៏លូតលាស់បានយ៉ាងល្អផងដែរ។
សរុបមក ជាតិអាស៊ីតខ្លាំងធ្វើឱ្យសារធាតុចិញ្ចឹមមិនអាចប្រើប្រាស់បាន និងបញ្ចេញលោហធាតុពុល។ ជាតិបាសខ្លាំងទប់ស្កាត់មីក្រូសារធាតុចិញ្ចឹម។ ការរក្សា កម្រិត pH ឱ្យមានតុល្យភាព គឺស្មើនឹងការមានដីមានសុខភាពល្អ ជីវជាតិគ្រប់គ្រាន់ និងទិន្នផលខ្ពស់។ កសិករយើងអាចស្វែងរកទិញឧបរណ៍វាស់កម្រិតpH ដីបាននៅតាមទីផ្សារ ឬប្រឹក្សាជាមួយមន្ត្រីកសិកម្មមុននឹងទិញ ដើម្បីជៀសវាងទិញចំផលិតផលដែលមិនមានគុណភាព។
អត្ថបទ៖ ទូច សុខា
ប្រភព៖ Crop Science
