នៅលើផ្ទៃស្លឹករបស់ដំណាំ ច្រើឃើញមានពពួកចៃ តែពេលខ្លះយើងមិនបានចាប់អារម្មណ៍ថាដំណាំរបស់យើងមានចៃនោះទេ ដោយសារភាគច្រើនពពួកចៃនេះវាចូលចិត្តរស់នៅផ្តុំគ្នានៅផ្នែកខាងក្រោមនៃផ្ទៃស្លឹករបស់រុក្ខជាតិ។
បើក្នុងករណីតិចតួចចៃមិនផ្ដល់ជាផលរំខានទៅដល់រុក្ខជាតិទេ តែពពួកវាក៏មានភាពឆាប់រហ័សក្នុងការបង្កើនចំនួនប្រជាករណាស់។ ដូចនេះវានឹងបង្កផលប៉ះពាល់មួយចំនួនដល់ រុក្ខជាតិ។
ក្នុងករណីធ្ងន់ធ្ងរពួកចៃនឹងធ្វើឲ្យស្លឹករបស់រុក្ខជាតិរមួរ និងកោង ដោយពួកវាបានបឺតយករសរបស់រុក្ខជាតិបណ្ដាលឲ្យស្លឹករុក្ខជាតិឡើងលឿង ពន្លកក្រិន ក្រៀម រុក្ខជាតិពិបាកលូតលាស់ ឬឈានដល់ងាប់ក៏មាន។
យើងអាចកំចាត់ពពួកចៃនេះបានដោយប្រើប្រាស់ពពួកថ្នាំគីមីដែលមានកម្រិតខ្សោយ ឬប្រើថ្នាំពុលបែបធម្មជាតិក៏បាន។ សម្រាប់ថ្នាំពុលធម្មជាតិយើងអាចធ្វើបានដោយខ្លួនឯង។
វិធីធ្វើ៖
យើងត្រូវមាន មើមខ្ទឹមស១ខាំ ស្លឹកទៀបប្រមាណ១ក្ដាប់ធំ និងសាប៊ូលាងចាន១ស្លាបព្រា និងទឹក២លីត្រ។
វិធីធ្វើងាយៗ ដោយគ្រាន់តែយើងបុកខ្ទឹមសនិងស្លឹកទៀបឲ្យម៉ដ្ឋបន្តិច ចាក់ទឹកចូលបន្តិចរួចច្របាច់ឲ្យចេញជាតិ ហើយចម្រោះយកតែទឹក រួចថែមទឹកដែលត្រៀមពីរលីត្រនោះចូលទាំងអស់ និងលាយសាប៊ូលាងចាន១ស្លាបព្រាចូលដែរ រួចក្រឡុកបន្តិច គឺជាការស្រេច។
វិធីប្រើ៖
យើងគួរជ្រើសរើសធុងបាញ់ជាលក្ខណៈចំហាយទឹក ដោយបាញ់ទៅលើស្លឹកដំណាំដែលមានចៃ។ ក្នុងករណីដែលចៃងាប់អស់យើងមិនត្រូវបន្តបាញ់ទៀតនោះទេ តែបើនៅមានវត្តមានចៃយើងអាចបាញ់៣ថ្ងៃម្ដង។
អត្ថបទដោយ៖ Kakse/កសិ
