ការយល់ដឹងពីប្រភេទសត្វល្អិតចង្រៃ គឺជាជំហានដំបូងនៃភាពជោគជ័យ។ យោងតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និង វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) សត្វល្អិតបំផ្លាញដំណាំត្រូវបានបែងចែកជា៣ក្រុមធំៗ មានពពួកស៊ីស្លឹក ពពួកជញ្ជក់រុក្ខរស និងពពួកស៊ីរូងដើម និងចោះផ្លែ។
ពួកស៊ីស្លឹក
ពពួកស៊ីស្លឹកដំណាំមានដូចជា ដង្កូវស៊ីស្លឹក និងកណ្ដូប។ ពួកវាស៊ីកាត់ស្លឹក ផ្កា ឬផ្លែពីខាងក្រៅ ដែលធ្វើឱ្យស្លឹកដាច់រហែក ឬមានរន្ធ ដែលរំខានដល់ការធ្វើរស្មីសំយោគ នាំឱ្យដំណាំលូតលាស់យឺត។ បើការបំផ្លាញមានកម្រិតតិចតួច ដំណាំអាចស្តារខ្លួនឡើងវិញបាន។

ពួកជញ្ជក់រុក្ខរស
ពពួកជញ្ជក់រុក្ខរស ចៃ រុយស និងមមាចត្នោត ដែលមានហានិភ័យខ្ពស់បំផុតលើដំណាំ។ ពួកវាជញ្ជក់យកជាតិទឹក និងជីវជាតិពីក្នុងស្លឹក ឬដើម ធ្វើឲ្យស្លឹកដំណាំឡើងលឿង រួញ ឬក្រៀមស្វិត។
ក្រុមនេះជាភ្នាក់ងារចម្លងជំងឺវីរុស (ដូចជាជំងឺតឿរួញស្លឹក) ដែលមិនអាចព្យាបាលបាន។ យោងតាម IRRI មមាចត្នោតអាចបង្កឱ្យមានសញ្ញាខ្លោច ឬឆេះស្លឹក (Hopper Burn) ដែលធ្វើឱ្យស្រូវងាប់ច្រើនក្នុងរយៈពេលខ្លី។
ពួកស៊ីរូងដើម និងចោះផ្លែ
ពពួកស៊ីរូងដើម និងចោះផ្លែ(Borers) មានដូចជាដង្កូវស៊ីរូងដើមស្រូវ និងដង្កូវចោះផ្លែ។ ពួកវាកកាយចូលទៅរស់នៅ និងស៊ីបំផ្លាញផ្នែកខាងក្នុងនៃដើម ឬផ្លែ និងធ្វើឱ្យដើមស្រូវងាប់បណ្ដូល ឬកួរស្រូវស្កក និងធ្វើឱ្យផ្លែឈើរលួយខូចគុណភាព។

ហេតុអ្វីក្រុមជញ្ជក់រុក្ខរសគួរឱ្យខ្លាចជាងគេ?
ស្ថាប័ន CARDI បានបញ្ជាក់ថា សត្វល្អិតជញ្ជក់រុក្ខរសដូចជាមមាចត្នោត មិនត្រឹមតែបំផ្លាញដោយផ្ទាល់ទេ ប៉ុន្តែវាបង្កើនចំនួនលឿនបំផុត និងនាំជំងឺវីរុសមកជាមួយ។ ការប្រើជីអាសូត (N) លើសកម្រិត គឺជាមេដែកទាញសត្វល្អិតក្រុមនេះឱ្យមកលុកលុយស្រែ ឬចម្ការដំណាំរបស់បងប្អូន។
វិធានការគ្រប់គ្រងតាមគោលការណ៍កសិកម្មវៃឆ្លាត (IPM)
ដើម្បីគ្រប់គ្រងសត្វល្អិតដោយមិនចាំបាច់ចំណាយលើថ្នាំគីមីច្រើន បងប្អូនគួរអនុវត្តដូចខាងក្រោម៖
- លើកកម្ពស់សុខភាពដី៖ ប្រើជីកំប៉ុស្ត និងធ្យូងជីវៈដើម្បីឱ្យដំណាំរឹងមាំ មានភាពស៊ាំពីធម្មជាតិ។
- គ្រប់គ្រងជីអាសូត៖ យោងតាម CARDI ការដាក់ជីអ៊ុយរ៉េច្រើនពេកធ្វើឱ្យស្លឹកស្រូវទន់ និងផ្អែម ដែលទាក់ទាញមមាចត្នោត និងដង្កូវមូរស្លឹក។
- ការត្រួតពិនិត្យជាប្រចាំ៖ ត្រូវដើរមើលស្រែឱ្យបានយ៉ាងតិច ១-២ ដងក្នុងមួយសប្តាហ៍ ដើម្បីដឹងពីវត្តមានសត្វល្អិតទាន់ពេល។
- ប្រើថ្នាំធម្មជាតិ (ទឹកខ្មេះធ្យូងជីវៈ)៖ ជាភ្នាក់ងារបណ្តេញសត្វល្អិត និងការពារការរីករាលដាលនៃផ្សិត។
- កម្ចាត់ដោយដៃ៖ បើឃើញពងខ្យង ឬសំបុកដង្កូវតិចតួច ត្រូវប្រមូលកម្ចាត់ចោលភ្លាម។
- គីមីជាជម្រើសចុងក្រោយ៖ ប្រើតែនៅពេលដែលចំនួនសត្វល្អិតឡើងដល់កម្រិតសេដ្ឋកិច្ច (Economic Threshold) ដែលកំណត់ដោយអ្នកជំនាញប៉ុណ្ណោះ។
ដំណាំមានសុខភាពល្អ ចាប់ផ្ដើមពីការរៀបចំដី និងការតាមដានដិតដល់។ ការកាត់បន្ថយគីមី មិនត្រឹមតែជួយសន្សំលុយបងប្អូនទេ តែវាក៏ជួយរក្សាសត្វល្អិតមានប្រយោជន៍ (ដូចជាពីងពាង) ឱ្យជួយស៊ីសត្វល្អិតចង្រៃជំនួសយើងដែរ។
ដោយ៖ ចាន់ តារា
ប្រភព៖ Alberta /Federal University of Agriculture/ឯកសារក្រសួងកសិកម្ម
