ការប្រមូលផលខ្នុរ គឺជាជំហានដ៏សំខាន់មួយ ដែលប៉ះពាល់ដោយផ្ទាល់ទៅលើគុណភាពរសជាតិ តម្លៃទីផ្សារ និងអាយុកាលរក្សាទុករបស់ផ្លែខ្នុរ។ អាយុកាលពីការចេញផ្ការហូតដល់អាចប្រមូលផលបាន មិនដូចគ្នាទាំងអស់ទេ ព្រោះវាអាស្រ័យលើពូជខ្នុរ និងសភាពបរិយាកាស។
អាយុកាលនៃការប្រមូលផល
ខ្នុរដើមខ្លះ និងពូជខ្លះ អាចប្រមូលផលបានក្នុងរយៈពេលខ្លី ប្រហែល ៣ ខែបន្ទាប់ពីចេញផ្កា ជាពិសេសពូជស្រាលសំបក និងមានរសជាតិផ្អែម។ ខណៈពូជខ្លះទៀត ត្រូវការអាយុកាលយូរជាងនេះ ហើយអាចឈានដល់ ៨ ខែ ទើបអាចបេះបាន។ បច្ចុប្បន្នភាពអាកាសធាតុ ដូចជា រដូវក្តៅ ឬរដូវភ្លៀង ក៏មានឥទ្ធិពលដល់ល្បឿននៃការទុំផ្លែផងដែរ។
ជាទូទៅ នៅរដូវក្តៅ ខ្នុរនឹងទុំលឿនជាងរដូវភ្លៀង ហើយពណ៌ផ្លែមានលក្ខណៈលឿងច្បាស់ជាង។

លក្ខណៈសម្គាល់ខ្នុរទុំ
ការកំណត់ថាពេលណាខ្នុរទុំសមស្របសម្រាប់បេះ អាចធ្វើបានតាមការសង្កេតលក្ខណៈខាងក្រោម៖
- នៅពេលខ្នុរនៅខ្ចី បន្លាផ្លែជិតគ្នា មានពណ៌បៃតងខៀវ និងរឹង
- ពេលខ្នុរចាស់ បន្លានឹងឃ្លាតពីគ្នា ពណ៌បន្លាផ្លាស់ប្តូរពីខៀវទៅជាពណ៌ត្នោតខ្ចី
- ភ្នែកបន្លាដែលដុះលើផ្លែ បង្ហាញការរីកធំ និងឃ្លាតច្បាស់
- ស្លឹកតូចដែលជាប់នឹងក្បាលផ្លែ ផ្លាស់ប្តូរទៅជាពណ៌លឿង
- ប្រើកាំបិតចោះជិតផ្ទៃផ្លែ បើមានជ័រហូរចេញតិចៗ មានលក្ខណៈខាប់ និងមិនថ្លា បង្ហាញថាផ្លែចាស់ល្អ
- បើទឹកជ័រហូរចេញថ្លា និងរាវ បង្ហាញថាផ្លែមិនទាន់ទុំ
- ការផ្ទាត់ផ្លែ បើមានសម្លេងទន់ និងមិនរឹង អាចបេះបាន
វិធីប្រមូលផល
ការប្រមូលផលខ្នុរ ត្រូវអនុវត្តដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងការខូចខាតផ្លែ។ ខ្នុរដែលស្ថិតនៅទីទាប អាចបេះដោយដៃបាន តែត្រូវប្រុងប្រយ័ត្នកុំឲ្យផ្លែធ្លាក់បុកដី។ ចំពោះផ្លែដែលស្ថិតនៅទីខ្ពស់ គួរប្រើខ្សែ ឬឧបករណ៍ចងបង្ហូត ដើម្បីទាញផ្លែចុះយ៉ាងសុវត្ថិភាព មិនគួរឲ្យផ្លែធ្លាក់ប៉ះដី ព្រោះវាអាចបង្ករឱ្យមានការឆ្លងមេរោគផ្សិតនៅកន្លែងរបួស។
បន្ទាប់ពីបេះផ្លែ គួរកាត់ទងឲ្យខ្លីជិតផ្លែ និងធ្វើការសម្អាតជ័រឲ្យបានល្អ ដើម្បីងាយស្រួលដល់ការដឹកជញ្ជូន និងរក្សាគុណភាពផ្លែ។
ការគ្រប់គ្រងទឹកមុនប្រមូលផល
មុនពេលបេះផ្លែ ប្រហែល ១០ ថ្ងៃ គួរបង្អត់ទឹក ដើម្បីជួយឲ្យផ្លែខ្នុរមានរសជាតិផ្អែម និងក្លិនឈ្ងុយកាន់តែប្រសើរ។ ក្នុងករណីមានភ្លៀងជាប់ៗមុនពេលប្រមូលផល គួរពន្យារពេលប្រមូលផលប្រហែល ៥ ថ្ងៃ ប៉ុន្តែត្រូវប្រាកដថាផ្លែបានទុំរួចហើយ ដើម្បីជៀសវាងការបេះផ្លែមិនទាន់ទុំ។
គួរបញ្ជាក់ផងដែរថា ការប្រមូលផលខ្នុរ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមពេលវេលា និងបច្ចេកទេសសមស្រប។ ការសង្កេតលក្ខណៈផ្លែយ៉ាងម៉ត់ចត់ ការបង្អត់ទឹកមុនបេះផ្លែ និងការបេះដោយប្រុងប្រយ័ត្ន នឹងជួយរក្សាគុណភាពផ្លែខ្នុរ ធានាឲ្យបានទាំងរសជាតិល្អ និងតម្លៃទីផ្សារខ្ពស់។
ដោយ៖ សែន តុលា
ប្រភព៖ ឯកសារក្រសួងកសិកម្ម / University of Florida
