ក្នុងអត្ថបទនេះនឹងពន្យល់បងប្អូនពីគន្លឹះសំខាន់ៗមួយចំនួនក្នុងការពិនិត្យតាមដានសុខភាពស្រូវ ដើម្បីការពារ ឬទប់ស្កាត់ជំងឺលើស្រូវបានទាន់ពេល។ ការដើរមើលស្រែឱ្យបានយ៉ាងតិច ២ ដងក្នុងមួយសប្តាហ៍ នឹងជួយឱ្យបងប្អូនទប់ស្កាត់បញ្ហាបានទាន់ពេល។ បងប្អូនត្រូវសង្កេតបញ្ហាលើដំណាំស្រូវ ដោយផ្អែកតាមរោគសញ្ញានៃការបំផ្លាញរបស់ពពួកសត្វល្អិតចង្រៃ។

- ពពួកស៊ីស្លឹក ដូចជាកណ្តូប ដង្កូវ៖ ស្លឹកដាច់រហែក មានរន្ធ ស្លឹកមូរ
- ពពួកជញ្ជក់រុក្ខរស ដូចជាមមាចត្នោត ចៃ៖ ស្លឹកស្រូវឡើងលឿង សញ្ញាខ្លោច ឬឆេះស្លឹក
- ពពួកស៊ីរូងដើម (ដង្កូវស៊ីរូងដើម)៖ បណ្ដូលស្រូវស្ងួត កួរស្កកពណ៌ស
- ជំងឺផ្សិតដូចជាអុចត្នោត ធ្យូងបៃតង៖ អុចរាងគ្រាប់ល្ងលើស្លឹក កួរស្រូវឡើងលឿងដូចស្លាទុំ មានដុះជាកញ្ចំជុំវិញគ្រាប់ស្រូវនិងមានដុំដូចធូលី
ចំណាំ វត្តមានពីងពាង កន្ទុំរុយ និងអណ្តើកមាសជាដើម ជាពពួកសត្វល្អិតមានប្រយោជន៍ដែលត្រូវរក្សាទុក។
បច្ចេកទេសដើរមើលស្រែដែលបងប្អូនគួរអនុវត្តដើម្បីការពារស្រូវបងប្អូនបានទាន់ពេល។
១. ដើរកាត់ស្រែរាងអក្សរ Z
កុំដើរមើលស្រែតែតាមភ្លឺ យើងត្រូវដើរចូលក្នុងស្រែជារាងអក្សរ Z ដើម្បីពិនិត្យឱ្យបានសព្វផ្ទៃដី ព្រោះសត្វល្អិតខ្លះចូលចិត្តពួននៅកណ្តាលស្រែ។
២. ពិនិត្យមើលគល់ស្រូវ
សម្រាប់ មមាចត្នោត បងប្អូនត្រូវវែកគុម្ពស្រូវមើលនៅ ផ្នែកគល់ ក្បែរផ្ទៃទឹក។ បើឃើញវត្តមានវាលោតចុះឡើង ឬឃើញមានពងសៗនៅគល់ ត្រូវប្រយ័ត្នបញ្ហាសញ្ញាខ្លោច ឬឆេះស្លឹក។

៣. ការវាយតម្លៃកម្រិតបំផ្លាញ:
- ទាប៖ ឃើញសត្វល្អិតតិចតួច ឧទាហរណ៍៖ មមាចក្រោម ៥ ក្បាលក្នុងមួយគុម្ព។ យើងមិនទាន់មានវិធានការអ្វីក៏បានដោយទុកឱ្យសត្រូវធម្មជាតិ (ពីងពាង) កម្ចាត់វា។
- មធ្យម៖ ចាប់ផ្តើមឃើញការបំផ្លាញច្បាស់លើស្លឹក។ វិធានការគឺ ប្រើថ្នាំធម្មជាតិ ឬទឹកខ្មេះធ្យូងជីវៈបាញ់បណ្តេញ។
- ខ្លាំង៖ ស្រូវចាប់ផ្តើមលឿង ឬខ្លោចស្លឹកច្រើន។ វិធានការគឺ ប្រឹក្សាជាមួយមន្ត្រីកសិកម្ម ដើម្បីប្រើថ្នាំគីមីចំគោលដៅ និងទាន់ពេលវេលា។
៤. កត់ត្រាវត្តមានមិត្តភក្តិកសិករ
បើបងប្អូនឃើញមាន ពីងពាង ឬ កន្ទុំរុយ ច្រើនក្នុងស្រែ នោះជាសញ្ញាល្អ។ ពួកវាគឺជា ភ្នាក់ងារការពារស្រែ ដែលជួយស៊ីសត្វល្អិតចង្រៃឱ្យយើងដោយមិនគិតថ្លៃ។ការកត់ត្រាជារៀងរាល់សប្តាហ៍ ជួយឱ្យបងប្អូនដឹងថា តើការប្រើជី ឬការគ្រប់គ្រងទឹករបស់បងប្អូនមានប្រសិទ្ធភាពកម្រិតណា ពិសេសគឺដឹងពីកត្តាចង្រៃ និងមានវិធានការទប់ស្កាត់ទាន់ពេល។
