ស្រូវមានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់ការរស់រានមានជីវិត សម្រាប់ប្រជាពលរដ្ឋប្រមាណជិតពាក់ កណ្ដាលនៅក្នុងពិភពលោក និងស្ទើទាំងស្រុងនៅទ្វីបអាស៊ី។ អ្នកស្រាវជ្រាវជាច្រើនបានឯកភាពគ្នាថាស្រូវ អាចមានប្រភពនៅក្នុងតំបន់នៃភូមិភាគអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ប្រមាណជា ៣លានឆ្នាំមុនគ្រឹស្តសករាជ។
បើនិយាយពីពូជស្រូវវិញ សម្រាប់កម្ពុជាមានពូជសំខន់ៗចំនួន ១០ ពូជដែលកសិករនិយមដាំដុះ។
១. ពូជស្រូវស្រាលមិនប្រកាន់រដូវ និងក្រអូប “ សែនពិដោរ ”
ពូជស្រូវសែនពិដោរ ជាពូជស្រូវក្រអូប បានបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាដើមឆ្នាំ២០០២។ ពូជនេះ ជាពូជស្រូវស្រាលមិនប្រកាន់រដូវហើយអាចចេញផ្កានិងទុំបានគ្រប់ពេលវេលា ដរាបណាលក្ខខណ្ឌដាំដុះអំណោយផល។ អាស្រ័យដោយហេតុផលខាងលើនេះ ទើបពូជសែនពិដោរ អាចដាំដុះនៅដើមរដូវវស្សា ក្នុងរដូវវស្សា ចុងរដូវវស្សា និងលក្ខខណ្ឌប្រាំងស្រោចស្រព។
ពូជស្រូវសែនពិដោរ មានអាយុកាលចាប់ពីថ្ងៃសាបរហូតដល់ថ្ងៃប្រមូលផលពី ១១០ ទៅ ១២០ ថ្ងៃ។ កម្ពស់ដើមប្រែប្រួលពី ៩៥ ទៅ ១១០ សង់ទីម៉ែត្រ និងចំនួនដើមបែកផ្ដល់ផលពី ៥ ទៅ ២០ ដើមក្នុងមួយគុម្ព។ ចំនួនគ្រាប់ក្នុងមួយកួរមាន ១១០ ទៅ ១៧០ គ្រាប់ និងមានប្រវែងកួរពី ២០ ទៅ ៣០ សង់ទីម៉ែត្រ។ គ្រាប់អង្ករមានប្រវែង ៦,៧ មិល្លីម៉ែត្រ រលូនភ្លឺថ្លា មានក្លិនក្រអូបប្រហើរ និងជាប្រភេទអង្ករប្រណីត។ ពូជស្រូវសែនពិដោរ មិនធន់ទៅនឹងមមាចត្នោតទេ និងអាចផ្ដល់ផលពី ៣,៥ ទៅ ៥,៥ តោនក្នុងមួយហិកតា។
២. ពូជស្រូវស្រាលមិនប្រកាន់រដូវ “ ជលសារ ”
ពូជស្រូវជលសារ បានបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ដោយក្រសួងកសិកម្មនៅចុងឆ្នាំ១៩៩៩។ ជលសារ ជាពូជស្រូវស្រាលមិនប្រកាន់រដូវ អាចចេញផ្កា និងទុំបានគ្រប់ពេលវេលាដរាបណាលក្ខខណ្ឌដាំដុះអំណោយផល។ អាស្រ័យដោយហេតុផលខាងលើនេះទើបពូជស្រូវជលសារអាចដាំដុះនៅដើមរដូវវស្សា ក្នុងរដូវវស្សា ចុងរដូវវស្សា ស្រូវប្រដេញទឹក (ដំណាំចន្លោះរដូវវស្សា និងរដូវប្រាំង) និងលក្ខខណ្ឌប្រាំងស្រោចស្រព។
ពូជស្រូវជលសារ មានអាយុកាលចាប់ពីថ្ងៃសាបរហូតដល់ថ្ងៃប្រមូលផលពី ៩៥ ទៅ ១០៥ ថ្ងៃ។ កម្ពស់ដើមប្រែប្រួលពី ៧៥ ទៅ ៩៣ សង់ទីម៉ែត្រ និងចំនួនដើមបែកផ្ដល់ផលពី ១០ ទៅ ១៤ ដើមក្នុងមួយគុម្ព។ ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ១០០ ទៅ ១៥០ គ្រាប់ និងមានប្រវែងកួរពី ២០ ទៅ ២៧សង់ទីម៉ែត្រ។ គ្រាប់អង្ករមានប្រវែង ៦,៨ ម.ម រលោងភ្លឺថ្លា និងជាប្រភេទអង្ករលេខ២។ ពូជស្រូវជលសារ ធន់ទ្រាំទៅនឹងមមាចត្នោត និងផ្ដល់ផលពី ៤ ទៅ ៦តោនក្នុង ១ ហិកតា។
៣. ពូជស្រូវស្រាលមិនប្រកាន់រដូវ “ អ៊ីអ៊ែរ ៦៦ ”
ពូជស្រូវអ៊ីអ៊ែរ ៦៦ បានបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ដោយក្រសួងកសិកម្ម ក្នុងឆ្នាំ១៩៩០ជាពូជស្រូវស្រាលមិនប្រកាន់រដូវ។ ដូចនេះពូជនេះអាចចេញផ្កា និងទុំបានគ្រប់ពេលវេលាដរាបណាលក្ខខណ្ឌដាំដុះអំណោយផល។ អាស្រ័យដោយហេតុផលខាងលើនេះទើបពូជស្រូវអ៊ីអ៊ែរ ៦៦ អាចដាំដុះនៅដើមរដូវវស្សា ក្នុងរដូវវស្សា ចុងរដូវវស្សា ស្រូវប្រដេញទឹក (ដំណាំចន្លោះរដូវវស្សា និងរដូវប្រាំង) និងលក្ខខណ្ឌប្រាំងស្រោចស្រព។
ពូជស្រូវអ៊ីអ៊ែរ ៦៦ មានអាយុកាលចាប់ពីថ្ងៃសាបរហូតដល់ថ្ងៃប្រមូលផលពី ១០៥ ទៅ ១១៥ ថ្ងៃ។ កម្ពស់ដើមប្រែប្រួលពី ៨០ ទៅ ១១៨ សង់ទីម៉ែត្រ និងចំនួនដើមបែកផ្ដល់ផលពី ១២ ទៅ ១៨ ដើមក្នុងមួយគុម្ព។ ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ៩៥ទៅ ១០២ គ្រាប់ និងមានប្រវែងកួរ ពី ២៥ ទៅ ២៦ សង់ទីម៉ែត្រ។ គ្រាប់អង្ករមានប្រវែង ៧.២ ម.ម រលោងភ្លឺថ្លា និងជាប្រភេទអង្ករលេខ២។ ពូជស្រូវអ៊ីអ៊ែរ ៦៦ ធន់ទៅនឹងដង្កូវស៊ីរូងដើម តែមិនធន់ទៅនឹងមមាចត្នោតទេ និងអាចផ្ដល់ផលពី ៤ ទៅ ៦,៥ តោនក្នុង១ហិកតា។

៤. ពូជស្រូវកណ្ដាលប្រកាន់រដូវ និងក្រអូប “ ផ្ការំដួល ”
ពូជស្រូវផ្ការំដួល ជាពូជស្រូវក្រអូប ដែលក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ចេញជូនកសិករប្រើប្រាស់នាចុងឆ្នាំ១៩៩៩។ ជាពូជស្រូវកណ្ដាល និងប្រកាន់រដូវមធ្យម ពូជស្រូវផ្ការំដួលអាចចេញផ្កាចាប់ពីដើមសប្តាហ៍ទី២ រហូតដល់ចុងខែតុលា អាស្រ័យទៅលើពេលវេលា និងលក្ខខណ្ឌដាំដុះ។ កម្ពស់ដើមរបស់ពូជផ្ការំដួលប្រែប្រួលពី ១១០ ទៅ ១៧០ សង់ទីម៉ែត្រ និងចំនួនដើមបែកផ្ដល់ផលចាប់ពី ៥ ទៅ ១០ ដើមក្នុងមួយគុម្ពទៅតាមប្រភេទដី។ ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ១១០ ទៅ ១៥០ គ្រាប់ និងមានប្រវែងកួរ ១៨ទៅ២៨សង់ទីម៉ែត្រ។ គ្រាប់អង្ករមានសភាពភ្លឺថ្លាល្អ មានក្លិនក្រអូបប្រហើរមានប្រវែង ៥ម.មនិងជាប្រភេទអង្ករប្រណីត។
ពូជផ្ការំដួល ជាពូជស្រូវវស្សាលូតលាស់ល្អនៅតំបន់ស្រែកកណ្ដាលដែលមានជម្រៅទឹកជាទូទៅមិនជ្រៅជាង ៣០ សង់ទីម៉ែត្រ។ ពូជនេះធន់ទៅនឹងទឹកជំនន់បានល្អ ប៉ុន្តែមិនសូវធន់ទៅនឹងមមាចត្នោតទេ និងមានទិន្នផលជាមធ្យម ៣,៥ តោនក្នុងមួយហិចតា និងអាចខ្ពស់ដល់ទៅ ៥,៥ តោនក្នុងមួយហិចតា។
៥. ពូជស្រូវកណ្ដាលប្រកាន់រដូវ និងក្រអូប “ ផ្ការំដេង ”
ពូជស្រូវផ្ការំដេង ជាពូជស្រូវក្រអូប ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ចេញជូនកសិករប្រើប្រាស់នាឆ្នាំ២០០៧។ ជាពូជស្រូវកណ្ដាល និងប្រកាន់រដូវមធ្យម ពូជស្រូវផ្ការំដេងអាចចេញផ្កាចាប់ពីដើមសប្តាហ៍ទី២ រហូតដល់ចុងខែតុលា អាស្រ័យទៅលើពេលវេលានិងលក្ខខណ្ឌដាំដុះ។ កម្ពស់ដើមរបស់ពូជផ្ការំដេងប្រែប្រួលពី ៨០ ទៅ ១៧៥ សង់ទីម៉ែត្រ និងចំនួនដើមបែកផ្ដល់ផលគឺចាប់ពី ៨ ទៅ ២០ ដើមក្នុងមួយគុម្ព អាស្រ័យទៅតាមប្រភេទដី។ ចំនួនគ្រាប់ក្នុងមួយគួរមានចាប់ពី ១១០ ទៅ ១៥០ គ្រាប់ និងមានប្រវែងកួរ ១៩ ទៅ ៣១សង់ទីម៉ែត្រ។ គ្រាប់អង្ករមានសភាពភ្លឺថ្លាល្អ មានក្លិនក្រអូបប្រហើរមានប្រវែង ៧,២ ម.ម និងជាប្រភេទអង្ករប្រណីត។
ពូជផ្ការំដេងជាពូជស្រូវវស្សា ដុះលូតលាស់ល្អនៅតំបន់ស្រែកកណ្ដាលដែលមានជម្រៅទឹកជាទូទៅមិនជ្រៅជាង ៣០ សង់ទីម៉ែត្រ។ ពូជនេះធន់ទៅនឹងទឹកជំនន់បានល្អ ប៉ុន្តែមិនសូវធន់ទៅនឹងមមាចត្នោតទេ និងមានទិន្នផលជាមធ្យម ៣,៥ តោនក្នុងមួយហិកតានិងអាចខ្ពស់ទៅដល់ ៥,៨តោនក្នុងមួយហិកតា។
៦. ពូជស្រូវកណ្ដាលប្រកាន់រដូវ និងក្រអូប “ ផ្ការមៀត ”
ពូជស្រូវផ្ការមៀត ជាពូជស្រូវក្រអូប ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ចេញជូនកសិករប្រើប្រាស់នៅឆ្នាំ២០០៧។ ជាពូជស្រូវកណ្ដាល និងប្រកាន់រដូវមធ្យម ពូជស្រូវផ្ការមៀអាចចេញផ្កាចាប់ពីដើមសប្តាហ៍ទី២ រហូតដល់ចុងខែតុលា អាស្រ័យទៅលើពេលវេលា និងលក្ខខណ្ឌដាំដុះ។ កម្ពស់ដើមរបស់ពូជផ្ការមៀតប្រែប្រួលពី ១០០ ទៅ ១៥០ សង់ទីម៉ែត្រ និងចំនួនដើមបែកផ្ដល់ផលចាប់ពី ៨ ទៅ ១៨ ដើមក្នុងមួយគុម្ព អាស្រ័យទៅលើប្រភេទដី។ ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ១១០ ទៅ ១៥០ គ្រាប់ និងមានប្រវែងកួរ ១៩ ទៅ ២៩ សង់ទីម៉ែត្រ។ គ្រាប់អង្ករមានសភាពភ្លឺថ្លាល្អ មានក្លិនក្រអូបប្រហើរមានប្រវែង ៧.១ ម.ម និងជាប្រភេទអង្ករប្រណីត។
ពូជផ្ការមៀត ជាពូជស្រូវវស្សា ដុះលូតលាស់ល្អនៅតំបន់ស្រែកកណ្ដាល ដែលមានជម្រៅទឹកជាទូទៅមិនជ្រៅជាង ៣០ សង់ទីម៉ែត្រ។ ពូជនេះធន់ទៅនឹងទឹកជំនន់ ប៉ុន្តែមិនសូវធន់ដំណឹងមមាចត្នោតទេ និងមានទិន្នផលជាមធ្យម ៣,៥ តោនក្នុងមួយហិកតា និងអាចខ្ពស់ដល់ ៥,៨ តោនក្នុងមួយហិកតា។
៧. ពូជស្រូវកណ្ដាលប្រកាន់រដូវ “ ផ្កាច័ន្ទសែនសរ ”
ពូជស្រូវផ្កាច័ន្ទសែនសរ បានបញ្ចេញជូនកសិករប្រើប្រាស់ នាដើមឆ្នាំ២០១០ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាពូជស្រូវកណ្ដាល និងប្រកាន់រដូវ ពូជស្រូវផ្កាច័ន្ទសែនសរ ចាប់ចេញផ្កាពីថ្ងៃទី ២៥ ខែតុលាដល់ថ្ងៃទី២ ខែវិច្ឆិកា អាស្រ័យទៅលើពេលវេលា និងលក្ខខណ្ឌដាំដុះ។ កម្ពស់ដើមរបស់ពូជផ្កាច័ន្ទសែនសរប្រែប្រួលពី ១៥០ទៅ ១៦០ស.ម និងចំនួនដើមបែកផ្ដល់ផលចាប់ពី ៧ ទៅ ១០ ដើមក្នុងមួយគុម្ព អាស្រ័យទៅតាមប្រភេទដី។ ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ១៦៩ គ្រាប់ទៅ ២៣៣ គ្រាប់ និងមានប្រវែងកួរ ២៥ ទៅ ២៨ សង់ទីម៉ែត្រ។ ប្រវែងគ្រាប់អង្ករមាន ៧,២ ម.ម ថ្លារលោងល្អ និងជាប្រភេទអង្ករលេខ១។
ពូជផ្កាច័ន្ទសែនសរ ជាពូជស្រូវវស្សា ដុះលូតលាស់ល្អនៅតំបន់ស្រែកកណ្ដាល ដែលមានជម្រៅទឹកជាទូទៅមិនជ្រៅជាង ៣០ សង់ទីម៉ែត្រ។ ទិន្នផលជាមធ្យមគឺ ៣,៥ តោនហើយអាចដល់ ៥,០ តោនក្នុងមួយហិចតា។
៨. ពូជស្រូវធ្ងន់ប្រកាន់រដូវ “ រាំងជ័យ ”
ជស្រូវរាំងជ័យ បានបញ្ចេញជូនកសិករប្រើប្រាស់នាចុងឆ្នាំ១៩៩៩ ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ពូជស្រូវរាំងជ័យ ជាពូជស្រូវធ្ងន់ប្រកាន់រដូវ ចេញផ្កាក្នុងកំឡុង សប្តាហ៍ទី២ ខែវិច្ឆិកា អាស្រ័យទៅលើអាកាសធាតុ និងពេលវេលាដាំដុះ។ កម្ពស់ដើមរបស់ពូជរាំងជ័យ ប្រែប្រួលពី ១០៥ ទៅ ១៦៨ ស.ម និងចំនួនដើមបែកផ្ដល់ផលគឺចាប់ពី ៥ ទៅ ១០ ដើមក្នុងមួយគុម្ពអាស្រ័យទៅតាមប្រភេទដី។ ប្រវែងគ្រាប់អង្ករមាន ៦.៥ ម.ម ថ្លាល្អ និងជាប្រភេទអង្ករលេខ១។ ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ១៨៦ ទៅ ៣៣៤ គ្រាប់ និងមានប្រវែងកួរចាប់ពី ១៦ ទៅ ៣០ សង់ទីម៉ែត្រ។
ពូជស្រូវរាំងជ័យ ជាពូជស្រូវវស្សា ដុះលូតដល់ល្អនៅតំបន់ស្រែក្រោមដែលមានជម្រៅទឹកជាទូទៅមិនជ្រៅជាង ៥០ សង់ទីម៉ែត្រ។ ពូជរាំងជ័យមានដើមរឹងមាំមិនងាយដួល និងធន់ទ្រាំទៅនឹងទឹកជំនន់ ប៉ុន្តែមិនសូវធន់ទៅនឹងមមាចត្នោតទេនិងមានទិន្នផលជាមធ្យម ៣,៥ តោនក្នុងមួយហិកតា និងអាចខ្ពស់ដល់ ៥,៥ តោនក្នុងមួយហិកតា។
៩. ពូជស្រូវធ្ងន់ប្រកាន់រដូវ “ ខា ៤ ”
ពូជស្រូវខា៤ បានបញ្ចេញជូនកសិករប្រើប្រាស់នាចុងឆ្នាំ១៩៩៩ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពូជស្រូវខា៤ ជាពូជស្រូវធ្ងន់ប្រកាន់រដូវចេញផ្កាក្នុងចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា អាស្រ័យទៅលើអាកាសធាតុ និងពេលវេលាដាំដុះ។ កម្ពស់ដើមរបស់ពូជខា៤ ប្រែប្រួលចាប់ពី ១៣២ ទៅ ១៧៣ ស.ម និងចំនួនដើមបែកផ្ដល់ផលគឺចាប់ពី ៦ ទៅ ១០ ដើមក្នុងមួយគុម្ព អាស្រ័យទៅតាមប្រភេទដី។ ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ១៦០ ទៅ ១៩០ គ្រាប់ និងមានប្រវែងកួរពី ២២ ទៅ ២៥ ស.ម ប្រវែងគ្រប់អង្ករ ៦,៤ ម.ម ថ្លាល្អ និងជាប្រភេទអង្ករលេខ ១។
ពូជស្រូវខា៤ ជាពូជស្រូវវស្សាដុះលូតលាស់ល្អនៅតំបន់ស្រែក្រោម ដែលមានជម្រៅទឹកជាទូទៅមិនជ្រៅជាង ៥០ ស.ម។ ពូជខា ៤ ធន់ទ្រាំទៅនឹងភាពរាំងស្ងួត ប៉ុន្តែមិនធន់ទៅនឹងមមាត្នោតទេ និងមានទិន្នផលជាមធ្យមពី ២,៥ តោនក្នុងមួយហិកតា និងអាចខ្ពស់ដល់ទៅ ៥ តោនក្នុងមួយហិកតា។
១០. ពូជស្រូវធ្ងន់ប្រកាន់រដូវ “ ខា ៦ ”
ពូជស្រូវខា ៦ បានបញ្ចេញជូនកសិករប្រើប្រាស់នាចុងឆ្នាំ១៩៩៩ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពូជស្រូវខា៦ ជាពូជស្រូវធ្ងន់ប្រកាន់រដូវចាប់ចេញផ្កាក្នុងកំឡុងថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែវិច្ឆិកាអាស្រ័យទៅលើអាកាសធាតុ និងពេលវេលាដាំដុះ។ កម្ពស់ដើមរបស់ពូជខា៦ ប្រែប្រួលពី ១៣៩ ទៅ ១៧៧ ស.ម និងចំនួនដើមបែកផ្ដល់ផលគឺចាប់ពី ៧ ទៅ ៩ ដើមក្នុងមួយគុម្ពអាស្រ័យទៅតាមប្រភេទដី។ ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ១៥៥ គ្រាប់ទៅ ១៨៨ គ្រាប់ និងមានប្រវែងកួរ ២១ ទៅ ២៥៤ ស.ម។
ពូជខា ៦ ជាពូជស្រូវវស្សាដុះលូតដល់ល្អនៅតំបន់ស្រែក្រោម ដែលមានជម្រៅទឹកជាទូទៅមិនជ្រៅជាង ៥០ ស.ម ប្រវែងគ្រាប់អង្ករ ៦,៦ ម.ម ថ្លាល្អ និងជាប្រភេទអង្ករលេខ១។ ទិន្នផលជាមធ្យមគឺ ៣,៥ តោនក្នុងមហិកតា និងអាចខ្ពស់ដល់ទៅ ៥ តោនក្នុងមួយហិកតា។
ចុះបងប្អូនកសិករយើងវិញ មាននិយមដាំដុះពូជផ្សេងពីនេះអត់? បើមានជួយចែករំលែកមក កសិ/Kakse ផង។
ចែករំលែកដោយ៖ ឡឹក គឹមសួរ
ប្រភព៖ ឯកសារក្រសួងកសិកម្ម
