ឫសគឺជាមូលដ្ឋានគ្រឹះនៃសុខភាពដំណាំទាំងមូល។ នៅពេលដែលឫសមានបញ្ហា ឬខ្សោយ ដំណាំនឹងមិនអាចដំណើរការមុខងារសំខាន់ៗបានទេ ដែលបង្ហាញចេញតាមរោគសញ្ញាជាច្រើននៅផ្នែកខាងលើរបស់រុក្ខជាតិ។
១. រោគសញ្ញានៃដំណាំខ្សោយឫស
រោគសញ្ញាទាំងនេះច្រើនតែច្រឡំថាជាបញ្ហាខ្វះជី ឬជំងឺលើស្លឹក ប៉ុន្តែតាមពិតវាជាសញ្ញាបង្ហាញថាឫសដំណាំមានបញ្ហា។
លឿងស្លឹក ជាសញ្ញាមួយបញ្ជាក់ថាដំណាំកំពុងមានបញ្ហាឫស។ ស្លឹកដំណាំប្រែជាពណ៌លឿង ឬស្លេក ព្រោះឫសមិនអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ជាពិសេសអាសូត និងធាតុសំខាន់ៗដទៃទៀត។
ដូចគ្នាដែរពេលដំណាំក្រិន ឬលូតលាស់យឺតកសិករគួរគិតដល់បញ្ហាខ្សោយឫសរបស់ដំណាំ។ ដំណាំដែលខ្សោយឫសគឺនៅទ្រឹង មិនរីកលូតលាស់ ឬតឿជាងធម្មតា បើប្រៀបធៀបនឹងដំណាំផ្សេងទៀតក្នុងបរិវេណតែមួយ។
បញ្ហាស្លឹកស្វិត ក៏ជារោគសញ្ញាខ្សោយឫសដែរ។ ទោះបីជាដីមានសំណើមក៏ដោយ ស្លឹកនៅតែមានសភាពស្វិត ឬយារធ្លាក់ចុះមកក្រោម ព្រោះឫសដែលខ្សោយមិនអាចស្រូបទឹកបានគ្រប់គ្រាន់។ បន្ថែមពីនេះ បញ្ហានេះក៏បង្កឲ្យមានបញ្ហាជ្រុះផ្កា ឬផ្លែ។ ដើមដាំដុះអាចចេញផ្កា ប៉ុន្តែមិនអាចទ្រទ្រង់ការលូតលាស់ផ្លែបានយូរទេ ហើយជ្រុះចោល ព្រោះខ្វះថាមពល និងសារធាតុចិញ្ចឹមគ្រប់គ្រាន់។
បើឃើញបញ្ហាទាំងនេះ កសិករអាចពិនិត្យឫសដំណាំដោយផ្ទាល់។ បើដំណាំខ្សោយឫស នោះឫសដំណាំនឹងមានពណ៌ត្នោត ឬខ្មៅ ទន់ ឬមានក្លិនស្អុយ មិនមាំដូចឫសដែលមានសុខភាពល្អ។

២. ហេតុអ្វីបានជាដំណាំមានបញ្ហាខ្សោយឫស?
មូលហេតុចម្បងដែលនាំឱ្យឫសខ្សោយមានច្រើនយ៉ាង ភាគច្រើនទាក់ទងនឹងបរិយាកាសដី។
បញ្ហារលួយឫសមូលហេតុសំខាន់បំផុតមួយ។ បញ្ហានេះអាចកើតពីទឹកដក់ ឬស្រោចទឹកច្រើនពេក បណ្តាលឲ្យឫសខ្វះអុកស៊ីហ្សែន និងងាយរងការវាយលុកពីមេរោគផ្សិត។
ដូចគ្នាដែរសត្វល្អិតវាយលុកឫស ក៏អាចបង្កឲ្យមានបញ្ហាខ្សោយឫសដែរ។ សត្វល្អិតដូចជាកណ្តៀរឬដង្កូវស៊ីឫសអាចវាយលុកបំផ្លាញជាលិកាឫស ធ្វើឱ្យឫសមិនអាចស្រូបទឹក ឬសារធាតុចិញ្ចឹមបាន។
ចំពោះបញ្ហាដីខ្វះខ្យល់ចេញចូលក៏ជាដើមចមនៃបញ្ហាខ្សោយឫសដំណាំដែរ។ ដីដែលហាប់ណែនខ្លាំងពេក ភាគច្រើនជាដីឥដ្ឋ រារាំងដល់ការលូតលាស់របស់ឫស និងកាត់បន្ថយការជ្រាបចូលនៃអុកស៊ីហ្សែនទៅដល់ឫស។
ចំពោះសីតុណ្ហភាពដីក៏ជាមូលហេតុមួយដែរ។ ដីក្តៅខ្លាំងពេក ឧទាហរណ៍ ពេលដាំក្នុងផើងខ្មៅក្រោមថ្ងៃក្តៅខ្លាំង អាចធ្វើឱ្យឫសរងការខូចខាត។ ជាតិប្រៃជីគីមីលើស ក៏បង្កបញ្ហាដល់ដំណាំដែរ។ ការប្រើប្រាស់ជីគីមីលើសកម្រិត អាចបង្កឲ្យមានជាតិប្រៃនៅក្នុងដី ដែលបណ្តាលឲ្យដំណាំឆេះខ្លោច (Fertilizer Burn) ឬឫសឆេះ ដោយសារជីបឺតយកជាតិទឹកចេញពីឫស។
៣. វិធីដោះស្រាយ និងព្យាបាលឫសខ្សោយ
ការដោះស្រាយទាមទារនូវការកែតម្រូវបរិស្ថានដាំដុះ៖
- កែតម្រូវការស្រោចទឹក៖ បញ្ឈប់ការស្រោចទឹកភ្លាមៗ ប្រសិនបើដីមានសភាពសើមខ្លាំង។ ទុកឲ្យដីស្ងួតល្មម (មិនមែនស្ងួតហួតហែងទេ) មុននឹងស្រោចទឹកម្តងទៀត។ ត្រូវធានាថាប្រព័ន្ធបង្ហូរទឹកនៃដី ឬផើងមានដំណើរការល្អ។
- ការគ្រប់គ្រងមេរោគ៖ ប្រសិនបើមានការសង្ស័យថាមានជំងឺរលួយឫសដោយសារផ្សិតត្រូវប្រើ ថ្នាំសម្លាប់ផ្សិត ដែលសមស្របសម្រាប់ជំងឺរលួយឫសដោយចាក់ចូលក្នុងដី។ គួរប្រឹក្សាជាមួយអ្នកជំនាញមុននឹងប្រើប្រាស់។
- កែលម្អរចនាសម្ព័ន្ធដី៖ ដីហាប់ណែន៖ អាចប្រើឧបករណ៍ភ្ជួររាស់តូចៗ ឬចោះរន្ធនៅជុំវិញឫសដើម្បីបង្កើនខ្យល់ចេញចូល។ ត្រូវបន្ថែមសារធាតុសរីរាង្គ (ជីកំប៉ុស្ត៍ ឬលាមករលួយ) ទៅក្នុងដី។
- ការបន្សាបជាតិប្រៃ៖ ប្រសិនបើឫសខ្សោយដោយសារជាតិប្រៃ ឬជីលើស ត្រូវស្រោចទឹកក្នុងបរិមាណច្រើន ដើម្បីលាងសម្អាតជាតិអំបិល ឬជីគីមីដែលលើសចេញពីតំបន់ឫស។
- ប្រើជីជំនួយឫស៖ បន្ទាប់ពីកែតម្រូវបរិស្ថានដីហើយ អាចប្រើប្រាស់ជីដែលមានសារធាតុជំរុញឫសដូចជា អាស៊ីតហ៊្យូមិកឬវីតាមីន B1 ដើម្បីជំរុញឱ្យឫសបង្កើតថ្មីឡើងវិញ។ សូមប្រឹក្សាជាមួយមន្ត្រីកសិកម្មឃុំដើម្បីបានព័ត៌មានច្បាស់លាស់។
អត្ថបទគួរអាន៖ ដំណាំលឿងស្លឹកបណ្ដាលមកពីអ្វី?
អត្ថបទដោយ៖ ចាន់ តារា
ប្រភព៖ MDPI
