ដីមានជីវជាតិជារបស់ចាំបាច់មិនអាចកាត់ថ្លៃបាន ព្រោះវាជាជម្រកយ៉ាងសំខាន់សម្រាប់សត្វ រុក្ខជាតិ និងសារពាង្គកាយដទៃទៀត។ ដីមានជីវជាតិល្អបានជួយដល់ប្រព័ន្ធអេកូឡូស៊ី និងជួយដល់ការផលិតអាហារ និងធនធានសំខាន់ៗជាចាំបាច់ជាច្រើនទៀត។
ប៉ុន្តែដីដែលធ្លាប់មានគុណភាព ក៏អាចបាត់បង់ដែរ។ ការបាត់បង់គុណភាពដី នឹងបង្កជាបញ្ហាដល់សុវត្ថិភាពចំណីអាហារពិភពលោក ជាពិសេសគឺផ្លាស់ប្ដូរទម្រង់ក្នុងការធ្វើកសិកម្ម។
ដីបាត់បង់គុណភាព មានន័យថា ដីដែលធ្លាប់តែដាំដំណាំផ្ដល់ជាអាហារសម្រាប់មនុស្ស និងសត្វប្រែក្លាយជាដី ដែលមិនអាចដាំដំណាំបាន ឬក៏ដាំបានតែមិនអាចផ្ដល់ផលបានល្អ។
ដីសឹករិចរឹលក៏ជាផ្នែកមួយនៃការបង់គុណភាពផងដែរ។ នៅពេលដីបាត់បង់គុណភាពមានន័យថាដីបានបង់អាហារសារធាតុចិញ្ចឹមដូចជាសារធាតុគីមី ជីវជាតិជីវសាស្ត្រផ្សេង ហើយសកម្មភាពមនុស្សក៏រួមចំណែកធ្វើឲ្យដីបាត់គុណភាពដែរ ។
ប្រភេទដីនៅលើពិភពលោកមានច្រើនដូចជាដីឥដ្ឋ ដីខ្សាច់ និងដីល្បាប់ ហើយប្រភេទដីនីមួយៗបានបំពេញតម្រូវការជាក់ស្ដែងរបស់មនុស្ស។
ដីមានជីវជាតិមិនអាចកើតឡើងដោយឯកឯង និងភ្លាមៗបាននោះទេ ដោយវាត្រូវការពេលវេលារាប់រយឆ្នាំក្នុងការបង្កបង្កើតឲ្យមានគុណភាពឡើងវិញ ក៏ប៉ុន្តែដីដែលគ្មានគុណភាពគឺងាយស្រួលនឹងកើតឡើង ហើយបញ្ហានេះកើតឡើងគឺផ្នែកធំដោយសារសកម្មភាពមនុស្ស។
ជាស្ដែងនៅរយៈកាលប៉ុន្មាន១០-២០ឆ្នាំកន្លងទៅនេះសកម្មភាពមួយចំនួនរបស់មនុស្សដូចជា ការកាប់បំផ្លាញព្រៃឈើ ការវាតទីដី ការដុតបំផ្លាញព្រៃឈើ និងការរីកដុះដាលនៃសំណង់ បានពន្លឿនដល់ការខូចខាតគុណភាពដី។ ចំពោះការធ្វើកសិកម្ម ដោយដាំដំណាំតែមួយមុខក៏ធ្វើឲ្យដីបាត់គុណភាពដីផងដែរ។
ដីបាត់បង់គុណភាពអាចបង្កឲ្យមានវិបត្តិទូទាំងពិភពលោកជាពិសេសគឺវិបត្តិទឹកជំនន់ ការបំពុលបរិស្ថាន និងការធ្លាក់ចុះនូវសុវត្ថិភាពស្បៀងអាហារពិភពលោក។
វិធីសាស្រ្តធ្វើឲ្យដីមានជីវជាតិឡើងវិញ
វិធីសាស្ត្រដែលគេប្រើច្រើនបំផុតគឺការអនុវត្តការដាំដំណាំច្រើនប្រភេទលើដីតែមួយជារៀងរាល់ឆ្នាំ ឬហៅថាដំណាំឆ្លាស់។ ដូច្នេះដីនឹងវិវឌ្ឍប្រែក្លាយទៅជាដីអាចសម្រប និងផ្ដល់ជីវជាតិដល់ដំណាំវិញដែរ។
វិធីសាស្ត្របន្ទាប់គឺកសិកម្មរុក្ខាប្រមាញ់ ពាក់ព័ន្ធនឹងការដាំដំណាំជុំវិញដើមឈើ និងរុក្ខជាតិផ្សេងៗ ទៀតប្រៀបដូចជាធ្វើរបងការពារ។ ដើមឈើបង្កើតជាបរិយាកាសផ្ទាល់ផ្ដល់អំណោយផលសម្រាប់ដំណាំ ហើយវាក៏ដើរតួជាទម្រង់ការពារប្រឆាំងនឹងការខូចខាតពីខ្យល់ និងទឹកក៏ដូចជាបង្កើតជីវចម្រុះ ដែលរក្សាប្រព័ន្ធអេកូឡូស៊ីឱ្យរឹងមាំ និងធ្វើឲ្យដីមានសុខភាពល្អ។
ប្រភព៖ BBC
