ការដាំដុះដំណាំគឺត្រូវការដីដែលមានជីវជាតិល្អទើបដំណាំលូតលាស់បានល្អ។ ការដាំដំណាំតែមួយមុខលើដីដដែលៗគឺមិនសូវទទួលបានទិន្នផលល្អទេ ដែលភាគច្រើនកសិករតែងតែហៅថាដំណាំខ្លាចខ្មោចដំណាំ។ ឧទាហរណ៍ពេលដែលយើងដាំដុះដំណាំខ្ញីហើយ យើងក៏ប្រមូលផល តែក្រោយពីការប្រមូលផលរួចយើងក៏ដាំខ្ញីទៅវិញដដែលលើដីដដែល នោះវានឹងធ្វើឲ្យខ្ញីយើងរលួយ ឬលូតលាស់មិនល្អ។
នៅពេលដែលយើងដាំដុះដំណាំដដែលៗវាធ្វើឲ្យអតុល្យភាពសារធាតុចិញ្ចឹមក្នុងដី ដោយសារឫសដំណាំនីមួយៗគឺស្រូបយកសារធាតុចិញ្ចឹមមិនដូចគ្នា ដំណាំខ្លះត្រូវការធាតុអាសូតច្រើន ដំណាំខ្លះត្រូវការផូស្វ័រ និងខ្លះទៀតត្រូវការទាំងបីមុខដែលមានទាំងអាសូត ផូស្វ័រនិង ប៉ូតាស្យូម និងធាតុផ្សេងទៀតផងដែរ។ ការដាំដំណាំដដែលត្រូវការភ្ជួរដីក្នុងជម្រៅដដែលៗ ដែលអាចបណ្ដាលឲ្យដីក្ដាំងនៅស្រទាប់ក្រោម។
គុណវិបត្ដិនៃការដាំដំណាំតែមួយមុខលើដីដដែលៗ
ដំណាំងាយរងសត្វល្អិត និងជំងឺ៖ សត្វល្អិតតែងតែរស់នៅកន្លែងណាដែលសំបូរចំណីដែលវាចូលចិត្ដ ហើយវានឹងបន្ដូពូជយ៉ាងឆាប់រហ័ស និងរីកធំធាត់លឿនព្រោះសំបូរអាហារ។ បើយើងនៅតែដាំដំណាំតែមួយមុខមិនផ្លាស់ប្ដូរទេវានឹងកើតកូនចៅទៅជំនាន់ក្រោយទៀតនាំឲ្យពិបាក គ្រប់គ្រង។
ដីដែលដាំម្ដងហើយតែងតែកើតមាននូវពពួកបាក់តេរី ផ្សិត ដែលវាបង្កជាជំងឺដល់ដំណាំ ជាហេតុនាំឲ្យទិន្នផលធ្លាក់ចុះ ការលូតលាស់មិនលូវល្អ ដោយសារតែសត្វល្អិតនិងជំងឺបំផ្លាញ។
ក្រៅពីនេះក៏ធ្វើឲ្យដីអាចបាត់បង់ជីវជាតិណាមួយ ឬធាតុណាមួយច្រើន មានន័យថាបើយើងដាំដុះតែស្ពៃដដែលៗនោះក្នុងដីនឹងបាត់បង់ធាតុអាសូតច្រើន ហើយបើដាំដុះដំណាំយកផ្លែដដែលៗវិញ ក្នុងដីនឹងបាត់បង់ផូស្វ័រ និងប៉ូតាស្យូមច្រើន។
ហេតុផលទាំងអស់នេះហើយទើបកសិករគួរតែដាំដំណាំច្រើនមុខនៅលើដីតែមួយដើម្បីការពារ និងគ្រប់គ្រងសត្វល្អិតបាន។ ម្យ៉ាងវិញទៀតពេលដែលទីផ្សារធ្លាក់ចុះមួយមុខយើងនៅមានបន្លែ ផ្សេងទៀតដែលថ្លៃអាចទប់ទល់នឹងការខាតបង់ផងដែរ។
អត្ថបទដោយ៖ Kakse / កសិ
