នៅសព្វថ្ងៃនេះ កសិករជាច្រើននៅកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហា តម្លៃស្រូវទាប កសិករខ្លះកំពុងជាប់បំណុល និងការខ្វះឱកាសទីផ្សារ។ ដើម្បីជួយកសិករឲ្យមានជីវភាពប្រសើរឡើង នេះជាយុទ្ធសាស្ត្រជាក់ស្តែងចំនួន៧ ប្រភេទ ដែលអាចអនុវត្តបានទាំងក្នុងរយៈពេលខ្លី និងវែង បើសិនជាមានការចូលរួម។
១. រួមគ្នាជាក្រុមផលិត ឬសហគមន៍កសិករ
ពេលកសិករយើងរួមគ្នា យើងមានអំណាចចរចានិងសមត្ថភាពគ្រប់គ្រងចំណាយល្អជាងមុន។
- ចរចាតម្លៃលក់ស្រូវឲ្យបានល្អជាងមុន
- ទិញជី ឬគ្រឿងសម្ភារៈកសិកម្មក្នុងតម្លៃថោកជាងមុន
- ប្រើប្រាស់ម៉ាស៊ីនរួម ដើម្បីកាត់បន្ថយថ្លៃចំណាយ
- ចូលរួមកម្មវិធីគាំទ្រពីរដ្ឋ ឬអង្គការងាយជាងមុន
ការរួមគ្នាជាសហគមន៍កសិករជាជំហានដំបូងដ៏សំខាន់ក្នុងការរីកចម្រើនទៅរកផ្លូវចំណេញ។
២. ស្តុកស្រូវរង់ចាំពេលតម្លៃឡើង
តម្លៃស្រូវភាគច្រើនធ្លាក់នៅពេលទើបប្រមូលផល។ បើកសិករអាចស្តុកស្រូវបាន២ ឬ៣ខែ នោះនឹងអាចលក់ចេញវិញនៅពេលតម្លៃស្រូវចាប់ផ្ដើមឡើងថ្លៃ។ ប៉ុន្តែវិធីនេះត្រូវមានមូលដ្ឋានសំខាន់ពីរ។
- ប្រើឃ្លាំងស្តុក ឬសៃឡូសហគមន៍
- ប្រើម៉ាស៊ីនសម្ងួត ដើម្បីរក្សាគុណភាពស្រូវ
ការស្តុកស្រូវជួយកសិករបង្កើនចំណេញ និងបន្ថយការខាតបង់ក្រោយប្រមូលផល។

៣. ស្វែងរកឥណទានអត្រាការប្រាក់ទាប
កសិករជាច្រើននៅតែពឹងលើម្ចាស់បំណុលឯកជនដែលមានអត្រាការប្រាក់ខ្ពស់។ ដូច្នេះកសិករយើងគួរ៖
- បង្កើត មូលនិធិសន្សំ និងឥណទានសហគមន៍
- ភ្ជាប់ជាមួយ ធនាគារកសិកម្ម ឬកម្មវិធីរដ្ឋ ដើម្បីទទួលបានឥណទានថោកជាងកម្ចីឯកជន
- ប្រើបច្ចេកវិទ្យាឌីជីថលសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ
ការស្វែងរកឥណទានមានការប្រាក់ទាបជួយកសិករបន្ថយបំណុល និងវិនិយោគបានច្រើនជាងមុន។ ការចូលរួមបង្កើតជាសហគមន៍អាចនឹងជួយកសិករយើងមានភាពងាយស្រួលក្នុងការស្វែងរកប្រាក់កម្ចីមានការប្រាក់ទាប។
៤. ផ្លាស់ប្តូរទៅផលិតស្រូវដែលមានតម្លៃខ្ពស់
កសិករអាចបង្កើនប្រាក់ចំណេញដោយផលិតស្រូវដែលមានតម្លៃខ្ពស់ជាងស្រូវធម្មតា៖
- ស្រូវក្រអូប ដូចជា ផ្ការរមដួល ឬសែនក្រអូប
- ស្រូវសរីរាង្គ (Organic Rice) ដែលតម្រូវការកាន់តែខ្ពស់មិថាទីផ្សារក្នុងស្រុក ឬក្រៅស្រុក
អង្គការ និងក្រសួងកសិកម្មអាចជួយផ្តល់វិញ្ញាបនបត្រនិងភ្ជាប់ទៅទីផ្សារបាន។ ស្រូវមានគុណភាពខ្ពស់នឹងធានាថាកសិកររកចំណេញបានច្រើនជាងមុន។
៥. ភ្ជាប់ទៅអ្នកទិញ ឬក្រុមហ៊ុន
កសិករអាចភ្ជាប់ទៅក្រុមហ៊ុន ឬរោងម៉ាស៊ីនកិនស្រូវតាមរយៈ កិច្ចសន្យាលក់ទិញ ដើម្បីធានាតម្លៃលក់ថេរ។
- កិច្ចសន្យាជួយកសិករមានទីផ្សារស្ថិរភាព
- អាចទទួលបានការបណ្តុះបណ្តាល និងគាំទ្រផ្នែកបច្ចេកទេស
បណ្តាញគាំទ្រមួយចំនួនអាចជួយភ្ជាប់កសិករទៅទីផ្សារ ជាតិនិងអន្តរជាតិបាន។ ស្វែងរកព័ត៌មានទាំងនេះពីមន្ត្រីកសិកម្មឃុំ ឬសហគមន៍កសិកម្មក្នុងមូលដ្ឋានរបស់បងប្អូន។

៦. បន្ថែមតម្លៃក្នុងស្រុក
ជំនួសការលក់ស្រូវ កសិករអាចរកតម្លៃបន្ថែមដោយលក់ចេញជាអង្ករវិញ៖
- កិនស្រូវ និងផលិតអង្ករដែលមានម៉ាកយីហោរបស់សហគមន៍ “ស្រូវសហគមន៍”
- វេចខ្ចប់ឲ្យបានស្អាត ដើម្បីលក់ក្នុងទីផ្សារក្នុងស្រុក ពិសេសនៅទីក្រុងសំខាន់ៗ។
- ប្រើអង្កាម កន្ទក់ ឬចុងអង្ករ ដើម្បីផលិតជាចំណីសត្វ ឬលក់ឲ្យអ្នកផលិតចំណីសត្វ
ការបង្កើតតម្លៃបន្ថែមក្នុងស្រុកជួយរកប្រាក់ចំណេញបន្ថែម និងបង្កើតការងារថ្មីក្នុងសហគមន៍។
៧. ផ្តល់ការគាំទ្រពីរដ្ឋ និងវិស័យឯកជន
នៅរយៈពេលវែង រដ្ឋ និងវិស័យឯកជនគួរតែមានតួនាទីសំខាន់ក្នុងការជួយកសិករ៖
- កំណត់ តម្លៃទិញស្រូវអប្បបរមា ក្នុងរដូវប្រមូលផល
- ឧបត្ថម្ភ ឃ្លាំងស្តុក និងម៉ាស៊ីនសម្ងួតស្រូវ
- ផ្តល់ ការបណ្តុះបណ្តាលអំពីកសិកម្មឆ្លាតវៃ និងបច្ចេកវិទ្យាបរិស្ថាន
ការគាំទ្រពីគ្រប់ភាគីជួយអោយវិស័យកសិកម្មរឹងមាំ និងអភិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់។
«ស្រូវគឺជាជីវិតកសិករ — យើងគ្រប់គ្នា និងកសិករខ្លួនឯងអាចជួយកសិករឱ្យរស់បានប្រសើរឡើង!»
ប្រភេទ៖ អត្ថបទទស្សនៈ
