More

    ជំងឺអុចត្នោតដើមចមនៃគ្រោះទុរភិក្សនៅតំបន់Bengal ប្រទេសឥណ្ឌា

    គ្រោះទុរភិក្សនៅ Bengal ឆ្នាំ១៩៤៣ គឺជាសោកនាដកម្មដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលបានកើតឡើងនៅតំបន់ Bengal នៃប្រទេសឥណ្ឌា ដែលបច្ចុប្បន្នជាផ្នែកមួយ​របស់​ប្រទេសបង់ក្លាដែស និងរដ្ឋ West Bengal របស់ឥណ្ឌា។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ ជំងឺផ្សិតតូចមួយនៅលើស្រូវ​គឺ​ជំងឺ​អុតត្នោត បានធ្វើឲ្យ​គ្រោះ​នេះ​កើត​ឡើង​។​

    ក្នុងឆ្នាំ ១៩៤៣ ខណៈពេលដែលពិភពលោកកំពុងឆាបឆេះដោយសារភ្លើងសង្គ្រាមលោកលើកទី២ មនុស្សប្រមាណ ២ ទៅ ៣លាននាក់ បានបាត់បង់ជីវិតដោយសារការអត់ឃ្លាន និងជំងឺនៅតំបន់ Bengal។ នេះមិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាគឺជាលទ្ធផលនៃព្យុះដ៏អាក្រក់ដែលបង្កឡើងដោយកត្តានយោបាយ សង្គ្រាម និងមហន្តរាយកសិកម្ម។

    ទំនាក់ទំនងរវាងគ្រោះទុរភិក្ស និងជំងឺអុចត្នោតលើ​ដំណាំស្រូវ

    មនុស្សភាគច្រើនគិតថាគ្រោះទុរភិក្សកើតឡើងដោយសារកត្តានយោបាយតែមួយមុខ ប៉ុន្តែខាងផ្នែកវិទ្យាសាស្ត្រកសិកម្ម ជំងឺអុចត្នោត (Brown Spot) ដែលបង្កឡើងដោយមេរោគផ្សិត គឺជាមូលហេតុចម្បងនៃមហន្តរាយនេះ។

    • នៅចុងឆ្នាំ១៩៤២ និងដើមឆ្នាំ១៩៤៣ តំបន់ Bengal មានភ្លៀងធ្លាក់ខ្លាំងខុសធម្មតា និងមេឃស្រទុំជាប់ៗគ្នា។ លក្ខខណ្ឌនេះបានធ្វើឱ្យជំងឺអុចត្នោតរីករាលដាលពេញវាលស្រែក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក។

    ជំងឺនេះបានបំផ្លាញគ្រាប់ស្រូវស្ទើរតែទាំងស្រុង ធ្វើឱ្យទិន្នផលស្រូវធ្លាក់ចុះចន្លោះពី ៤០% ទៅ ៩០% នៅក្នុងតំបន់ខ្លះ។ កង្វះខាតស្បៀងអាហារដែលបង្កឡើងដោយជំងឺផ្សិតនេះ គឺជាចំណុច​ចាប់ផ្ដើមនៃមហន្តរាយ។

    មូលហេតុផ្សេងៗទៀតដែលធ្វើឱ្យស្ថានភាពកាន់តែអាក្រក់

    ក្រៅពីជំងឺផ្សិត កត្តាមនុស្ស និងសង្គ្រាមបានធ្វើឱ្យគ្រោះទុរភិក្សនេះក្លាយជាសោកនាដកម្មដែលមិនអាចគ្រប់គ្រងបាន។

    ការឈ្លានពានរបស់ជប៉ុនទៅលើប្រទេសភូមាបានកាត់ផ្ដាច់ការនាំចូលអង្ករមកកាន់តំបន់ Bengal។ ចំណែក​រដ្ឋាភិបាលអាណានិគមអង់គ្លេសនាពេលនោះ បានប្រមូលស្បៀងអាហារទុកសម្រាប់ជួយដល់កងទ័ព និងកម្មករសង្គ្រាម ជាជាងជួយដល់ប្រជាជនដែលកំពុងអត់ឃ្លាន​។ គ្រប់គ្នា​ប្រែ​ជា​ភ័យខ្លាច ស្លន់ស្លោ ដែល​បានធ្វើឱ្យមានការទិញអង្ករទុកសម្រាប់លក់ចំណេញពីសំណាក់ឈ្មួញ និង​បាន​ធ្វើឱ្យតម្លៃអង្ករហក់ឡើងខ្ពស់ហួសពីសមត្ថភាពទិញរបស់ប្រជាជនក្រីក្រ។

    ជនរងគ្រោះ និងផលវិបាកដ៏ជូរចត់

    គេប៉ាន់ប្រមាណថាមានមនុស្សចន្លោះពី ២,១ ដល់៣ លាននាក់ បានស្លាប់ដោយសារការអត់ឃ្លាន និងជំងឺដែលកើតតាមក្រោយដូចជាអាសន្នរោគ និងគ្រុនចាញ់។ គ្រួសារជាច្រើនត្រូវបានបែកបាក់ មនុស្សរាប់លាននាក់បានបោះបង់ចោលផ្ទះសម្បែងដើម្បីដើរស្វែងរកអាហារតាមទីក្រុង និងការធ្លាក់ចុះនៃសេដ្ឋកិច្ចកសិកម្មយ៉ាងធ្ងន់ធ្ងរ។

    សោកនាដកម្មនេះបានក្លាយជាចំណុចរបត់មួយដែលជំរុញឱ្យមានការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីជំងឺស្រូវ និងសុខភាពដី ដែលក្រោយមកបានឈានទៅដល់បដិវត្តន៍បៃតង ដើម្បីធានាថាមនុស្សជាតិនឹងមិនជួបប្រទះរឿងបែបនេះម្តងទៀតឡើយ។

    គ្រោះទុរភិក្សនៅ Bengal បង្រៀនយើងថា «ជំងឺអុចត្នោត» មិនមែនគ្រាន់តែជាចំណុចតូចៗនៅលើស្លឹកស្រូវនោះទេ ប៉ុន្តែវាគឺជាសញ្ញាព្រមាននៃអស្ថិរភាពស្បៀងអាហារ។ ការថែទាំដី និងការការពារជំងឺស្រូវឱ្យបានត្រឹមត្រូវ គឺជាការធានានូវសន្តិសុខស្បៀងសម្រាប់គ្រួសារ និងប្រទេសជាតិ។

    ដោយ៖ ចាន់ តារា
    ប្រភព៖ Crop Life / Britannica / History Guild