More

    សញ្ញាអាសន្ននៃគុណភាពដីឆ្នាំ២០២៦ និងផលប៉ះពាល់ដល់កសិករ

    នៅដើមឆ្នាំ២០២៦ នេះអ្នកជំនាញកសិកម្ម និងបរិស្ថានទូទាំងពិភពលោកបានចេញសារព្រមានយ៉ាងខ្លាំងៗអំពី «វិបត្តិសុខភាពដី» ដែលកំពុងធ្លាក់ចុះក្នុងកម្រិតគួរឱ្យបារម្ភ។ បញ្ហានេះមិនមែនជារឿងឆ្ងាយខ្លួនទៀតទេ វាគឺជាផលប៉ះពាល់ផ្ទាល់ដល់សេដ្ឋកិច្ចគ្រួសារ និងទិន្នផលរបស់បងប្អូនកសិករគ្រប់រូប។

    ហេតុអ្វីបានជាអ្នកជំនាញព្រមាននៅឆ្នាំ២០២៦ នេះ?

    យោងតាមអត្ថបទចុះផ្សាយដោយ AOL និងមតិរបស់អ្នកជំនាញថែទាំដី ពួកគាត់បានសង្កេតឃើញថា ដីកសិកម្មបច្ចុប្បន្នកំពុងជួបប្រទះនូវ «ភាពរងគ្រោះខ្លាំង​» ដោយសារកត្តា ៣ យ៉ាងធំៗ​។

    • ការប្រើថ្នាំនិង​ជី​គីមីហួសកម្រិត៖ ការបន្តបាចជីគីមី និងថ្នាំសម្លាប់សត្វល្អិតច្រើនឆ្នាំពេក បានធ្វើឱ្យដីបាត់បង់តុល្យភាពធម្មជាតិ។ ដីលែងមានជីវិត ហើយក្លាយជា ដីងាប់​ដែលចាំតែលេបជីគីមី​។
    • ការបាត់បង់ធាតុសរីរាង្គ៖ អ្នកជំនាញលើកឡើងថា ដីភាគច្រើនកំពុងក្លាយជា«ធូលីដី» ព្រោះគ្មានកាកសំណល់រុក្ខជាតិ ឬជីកំប៉ុស្តមកបំពេញវិញ។
    • អាកាសធាតុប្រែប្រួលខ្លាំង៖ នៅឆ្នាំ២០២៦ នេះ ភាពក្តៅហួតហែងខ្លាំង និងទឹកជំនន់ភ្លាមៗ បានធ្វើឱ្យស្រទាប់ដីលើដែលសម្បូរជីជាតិ (Topsoil) ត្រូវហូរច្រោះបាត់ក្នុងល្បឿនលឿនជាងមុន​។

    អំណះអំណាងពីស្ថាប័នជំនាញពិភពលោក

    មិនមែនមានតែអ្នកជំនាញថែលើ​ដីស្រែចម្ការទេដែល​បង្ហាញក្ដី​បារម្ភ​ សូម្បីតែស្ថាប័នកំពូលៗក៏បានបញ្ជាក់ដែរ​។ អង្គការស្បៀង និងកសិកម្ម (FAO) បានព្យាករណ៍ថា ប្រសិនបើយើងមិនផ្លាស់ប្តូររបៀបដាំដុះទេ ស្រទាប់ដីលើរបស់ពិភពលោកប្រហែល៩០% នឹងរងការខូចខាតនៅត្រឹមឆ្នាំ២០៥០។ ចំណែក​អនុសញ្ញាសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងវាលខ្សាច់ (UNCCD) បានបញ្ជាក់ថា ការស្តារដីឡើងវិញមិនមែនជាជម្រើសទៀតទេ ប៉ុន្តែវាគឺជាកាតព្វ​កិច្ច​ដើម្បីរស់។ ដីដែលខូចគុណភាព នឹងធ្វើឱ្យតម្លៃចំណីអាហារកើនឡើង និងបង្កឱ្យមាន​គ្រោះ​អត់ឃ្លាន។

    តើសញ្ញាដីធ្លាក់ចុះគុណភាពមានអ្វីខ្លះ?

    បងប្អូនអាចសង្កេតមើលស្រែចម្ការខ្លួនឯងបាន បើឃើញសញ្ញាទាំងនេះ មានន័យថាដីកំពុងដង្ហោយហៅរកការជួយសង្គ្រោះហើយ៖

    • ដីហាប់ណែនខ្លាំង៖ ពេលស្ងួតរឹងដូចថ្ម ពេលសើមឡើងភក់ស្អិតគ្មានរន្ធខ្យល់។
    • ការបាចជីលែងសូវមានប្រសិទ្ធភាពើ ដាក់ជីកាន់តែច្រើន តែទិន្នផលនៅតែដដែល ឬថយចុះ។
    • បាត់បង់សត្វល្អិតល្អៗ៖ លែងសូវឃើញមានជន្លេន ឬសត្វល្អិតក្នុងដី។
    • ទឹកដក់លើផ្ទៃដី៖ ទឹកមិនងាយជ្រាបចូលដី បង្កឱ្យរលួយឫសដំណាំ។

    ដំណោះស្រាយ

    អ្នកជំនាញបានផ្តល់អនុសាសន៍ឱ្យកសិករអនុវត្តវិធីសាស្ត្រមួយ​ចំនួន​​ដើម្បីស្រោចស្រង់ដីឡើងវិញនៅឆ្នាំ២០២៦ នេះ។

    ការដាំដំណាំគម្របដី ដូចជា ចង្ក្រង់ស្វា និង​ពពួកសសណ្ដែក​ ដើម្បីការពារដីពីកម្តៅថ្ងៃ និងបញ្ចូលអាសូតធម្មជាតិទៅ​ក្នុង​ដីវិញ​។ បន្ថែម​ពី​នេះ ការប្រើធ្យូងជីវៈ (Biochar) ដើម្បីសាងសង់ ជម្រកឱ្យមីក្រូសារពាង្គកាយក្នុងដីបាន​រស់រាន​ឡើងវិញ​។

    មួយ​វិញទៀត​ត្រូវបញ្ឈប់​ការ​ដុតកាកសំណល់ ដូចជា​ការដុតជញ្ជ្រាំង ឬសំណល់ដំណាំ​ដែល​ការ​ធ្វើ​បែបនេះ​ដូច​ជា​ការដុតលុយនិងជីជាតិចោល។ យើង​ត្រូវយកវាមកធ្វើកំប៉ុស្តវិញ។

    ដីគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់កសិករ។ ដូចដែលអ្នកជំនាញបាននិយាយថា​បើបងប្អូនមិនថែដីនៅថ្ងៃនេះទេ ថ្ងៃក្រោយដីនឹងមិនអាចចិញ្ចឹមបងប្អូនវិញបានឡើយ។

    ដោយ៖ ចាន់ តារា
    ប្រភព៖ AOL/UNEP.org/FAO