ដី គឺជាមូលដ្ឋានគ្រឹះនៃជីវិតរស់នៅរបស់មនុស្ស សត្វ រុក្ខជាតិនៅលើផែនដី។ ចំពោះកសិកម្ម ដីអាចទ្រទ្រង់ទឹកនិងសារធាតុចិញ្ចឹមទៅឲ្យដំណាំ ជួយទ្រទ្រង់រុក្ខជាតិ ជួយការពារសត្វចង្រៃ ការពារតំណក់ទឹកភ្លៀងប៉ះពាល់លើផែនដី ការពារគុណភាពទឹក ខ្យល់ និងជាជម្រករបស់មនុស្សជាតិនិងសត្វគ្រប់ប្រភេទជាច្រើនទៀត។ យ៉ាងណាមិញ ដី ត្រូវបានទទួលរងនូវសម្ភាធពីមនុស្ស តាមរយៈសកម្មភាពផ្សេងៗនិងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុបណ្ដាលឲ្យដីជួបបញ្ហាកើនឡើងជាលំដាប់ដូចជា ការឈានទៅដល់ការបាត់បង់ផលិតភាពដី ធ្លាក់ចុះនៃគុណភាពដីបង្កបង្កើនផល ដែលវានឹងជះឥទ្ធិពលដល់ការកើនឡើងតម្លៃស្បៀងអាហារនិងធ្វើឲ្យមនុស្សរាប់លាននាក់ធ្លាក់ក្នុងភាពក្រីក្រ។
តើដីត្រូវការគ្រប់គ្រងដែរឬទេ? ជាការពិតណាស់ ដី ត្រូវការការគ្រប់គ្រងឲ្យបានត្រឹមត្រូវ។ មុននឹងចូលដល់ការគ្រប់គ្រងដីឲ្យបានត្រឹមត្រូវ យើងត្រូវយល់ដឹងពីគោលដៅគ្រប់គ្រងដី តើមានគោលដៅអ្វី?
គោលដៅគ្រប់គ្រងដី គឺដើម្បីការពារគុណភាពដី កុំឲ្យបាត់បង់សារធាតុចិញ្ចឹម ការពារឱនភាព ផលិតភាពដីធ្លី និងជួយលើកកម្ពស់គុណភាពដីឲ្យប្រសើរឡើងដែលយើងអាចទទួលបានផលចំណេញពីការដាំដុះលើដីស្រែចម្ការ និងថែរក្សាឲ្យបាននូវគុណភាពដីសម្រាប់អ្នកជំនាន់ក្រោយ។
ដីផ្ដល់នូវអត្ថប្រយោជន៍ច្រើនយ៉ាង
ការដាំដុះ៖ ដី ទ្រទ្រង់ទឹកនិងភាពចម្រុះក្នុងទឹក និងជាទ្រទ្រង់រុក្ខជាតិ។ បើសិនដីមានជីជាតិល្អគ្រប់គ្រាន់ យើងអាចសន្សំសំចៃថវិការបានមួយផ្នែកធំដោយមិនចាំបាច់ទិញជីគីមីបំប៉នដីច្រើន។ លើសពីនេះទៀត ដីល្អ ដាំអ្វីក៏បានផលដុះលូតលាស់ល្អ។
ដីការពារទឹកហូរច្រោះ៖ ដី ជួយការពារទប់ទល់នឹងទឹកហូរច្រោះនៅលើផែនដី។ រាល់ពេលភ្លៀង ទឹកភ្លៀងហូរចាក់លឿនទៅ ក្នុងប្រឡាយទឹក ជាជាងនៅលើដី។ ដី អាចជួយកាត់បន្ថយការបាត់បង់សារធាតុសរីរាង្គ សារធាតុចិញ្ចឹម ហើយដីអាចជួយ កាត់បន្ថយការហូរច្រោះជីជាតិរបស់ដីកុំឲ្យបាត់បង់។
ដីជាចំរោះទឹក៖ ដី មានជីជាតិអាចច្រោះនិងរំលាយសារធាតុសរីរាង្គដូចជា លាមកសត្វ សារធាតុគីមីកសិកម្ម និងសមាសធាតុដែលអាចធ្វើឲ្យពុលមានក្នុងខ្យល់និងទឹក។
ដីស្ដុកកាបូន៖ ដី ជាឃ្លាំងផ្ទុកសារធាតុកាបូនច្រើនបំផុតក្នុងធម្មជាតិ។ ដី មានតួនាទីបង្កើនកាបោនឌីអុកស៊ីត ពីក្នុងដី ធ្វើឲ្យកសិករអាចបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់ ដោយមិនចាំបាច់ប្រើប្រាស់សារធាតុកាបូន គីមីសរីរាង្គ ជំនួសនោះទេ។

តើការគ្រប់គ្រងដីឲ្យមានគុណភាពត្រូវការធាតុផ្សំអ្វីខ្លះ?
ការគ្រប់គ្រងចម្រុះលើគុណភាពដី (Integrated Soil Management) ជាប់ទាក់ទងនឹងយុទ្ធសាស្រ្តបញ្ចូលគ្នានៃ ការគ្រប់គ្រងសារធាតុចិញ្ចឹម ដំណាំ ទឹក ដី និងដីធ្លីដោយមានប្រសិទ្ធភាពដើម្បីឈានដល់ផលិតកម្មកសិកម្មប្រកបដោយ និរន្តរភាព។ ការអនុវត្តគោលការណ៍ ការគ្រប់គ្រងចម្រុះលើគុណភាពដី ត្រឹមត្រូវជួយឱ្យសុខភាពដីកាន់តែប្រសើរឡើង។
ការគ្រប់គ្រងភាពចម្រុះលើដីឲ្យមានគុណភាព រួមមាន ការគ្រប់គ្រងដំណាំ ការគ្រប់គ្រងទឹក ការគ្រប់គ្រងសារធាតុចិញ្ចឹម ការគ្រប់គ្រងការប្រើប្រាស់ដីធ្លី និងការគ្រប់គ្រងការភ្ជួររាស់ និងអភិរក្សដី ហើយសមាសភាពផ្សំទាំងនេះមានអន្តរអំពើទៅវិញទៅមក។
ការគ្រប់គ្រងដី មានសារសំខាន់ពីព្រោះវាអាចមានសក្តានុពលធ្វើឱ្យប្រសើរឡើងផលិតភាពកសិកម្ម អាចដឹងពី បម្រែបម្រួល សុខភាពដី អាចប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងដើម្បីធានាបាននូវសន្តិសុខស្បៀងអាហារផងដែរ៕
ចែករំលែកដោយ៖ រក្សា
ប្រភព៖ Intechopen
