ស្រូវមិនមែនជាដំណាំស្បៀងធំជាងគេក្នុងពិភពលោកនោះទេ ប៉ុន្តែដំណាំពោតវិញទេ ទើបជាដំណាំដែលពិភពលោកដាំច្រើនជាងគេ។ នេះបើតាមទិន្នន័យរបស់អង្គការចំណីអាហារ និងកសិកម្មពិភពលោក ហៅកាត់ថាFAO។
បើនិយាយអំពីដំណាំវិញ អង្គការ FAO បែងចែកថ្នាក់ដំណាំជា ច្រើនប្រភេទរួមមាន ដំណាំគ្រាប់ធញ្ញជាតិ ដំណាំស្ករ ដំណាំបន្លែ ដំណាំប្រេង ដំណាំផ្លែឈើ និងដំណាំមើម និងឫស។ ក្នុងនោះដែរ ពិភពលោកផលិតដំណាំប្រភេទជាគ្រាប់ធញ្ញជាតិបែបស្បៀងច្រើនជាងគេ។
ក្នុងប្រភេទនោះដែរ ដំណាំស្បៀងធំៗទាំង ៥នៅក្នុងពិភពលោកកាលពីឆ្នាំ២០២១រួមមាន ដំណាំពោត ដំណាំស្រូវ ដំណាំស្រូវសាលី ដំណាំស្រូវបេលី និងដំណាំស្ដៅ។
ចំណោមដំណាំទាំង ៥នោះ ពោតជាដំណាំស្បៀង ដែលពិភពលោកផលិតច្រើនជាងគេ។ ដំណាំពោត កាលពីខ្ទង់ឆ្នាំ២០២០/២០២១ មានទិន្នផលសរុបរហូតដល់ទៅ ១,២ប៊ីលានតោនឯណោះ ចំណែកឯស្រូវអង្ករវិញមានត្រឹម ៨០០លានតោនប៉ុណ្ណោះ។
ពោតត្រូវបានគេប្រើប្រាស់ ក្នុងគោលបំណងផ្សេងៗដែលមានដូចជា ប្រើប្រាស់ជាស្បៀងអាហារប្រចាំថ្ងៃ ក៏ដូចជាប្រើប្រាស់ជាស្ករបម្លែង ហើយថែមទាំងប្រើប្រាស់ក្នុងគោលបំណងឧស្សាហកម្មដូចជា ប្រើប្រាស់ជាប្រេងធម្មជាតិនានា។
ជាមួយគ្នានេះដែរ បើយោងតាមគេហទំព័រ Investopedia ប្រទេសដែលផលិតពោតច្រើនជាងគេគឺ សហរដ្ឋអាមេរិក ដោយកាលពីឆ្នាំ២០២២/២០២៣ ស្រុកនេះផលិតពោតរហូតដល់ទៅ ៣៤៦លានតោន ហើយក្នុងឆ្នាំ២០២៣/២០២៤ គេប៉ាន់ស្មានថា អាមេរិកអាចផលិតពោតរហូតដល់ទៅ ៣៨៩លានតោន។
បន្ទាប់ពីអាមេរិកគឺ ចិន។ ប្រទេសផលិតពោតបាន ២៧៧លានតោននៅឆ្នាំ២០២២/២០២៣ ហើយប៉ាន់ស្មានថា អាចផលិតបាន ២៨៨លានតោននៅឆ្នាំបន្ទាប់។ ប្រេស៊ីលក៏ផលិតពោតបានច្រើនផងដែរ ដោយប្រទេសនេះផលិតបានខ្ទង់ ១៣០លានតោន។
ចំណែកឯនៅស្រុកខ្មែរវិញ បើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម កម្ពុជាផលិតពោតបាន ១,៥លានតោនកាលពីឆ្នាំ២០២៣៕
ប្រភព៖ Yahoo Finance
