កាហ្វេជាភេសជ្ជៈមួយ ដែលមានភាពពេញនិយមនៅទូទាំងពិភពលោកយើងនេះ។ ភេសជ្ជៈនេះផ្ទុកជាតិកាហ្វេអ៊ីន ដែលអាចដាស់អារម្មណ៍មនុស្សនៅពេលព្រឹកមុនពេលធ្វើការអ្វីមួយ។ ភេសជ្ជៈនេះដែរផលិតចេញពីគ្រាប់កាហ្វេ ដែលសម្រិតសម្រាំងយ៉ាងម៉ត់ចត់។
ជាមួយគ្នានេះដែរ ពាក់ព័ន្ធនឹងផលិតកម្មកាហ្វេ តំបន់អាស៊ីអាគ្នេយ៍ជាមជ្ឈមណ្ឌលផលិតកម្មធំជាងគេទីពីរនៅលើពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នេះបើតាមរបាយការណ៍របស់អង្គការកាហ្វេអន្តរជាតិ។
បើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក ចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ វៀតណាមផលិតកាហ្វេច្រើនជាងគេ។ នៅក្នុងឆ្នាំ២០២៣/២០២៤ ប្រទេសនេះផលិតកាហ្វេក្បែរ៣០លានបាវ (១បាវ ៦០គីឡូក្រាម)។ ចំនួនប្រមាណខ្ទង់ ២លានតោននេះធ្វើឱ្យផលិតកម្មកាហ្វេនៅវៀតណាមជាប់លេខ ២ នៅជុំវិញពិភពលោក ដែលមានចំនួនរហូតដល់ទៅ ១៧% នៃផលិតកម្មពិពភលោកសរុប។
ក្រៅពីវៀតណាមគឺ ឥណ្ឌូនេស៊ី។ ឥណ្ឌូនេស៊ីជាប្រទេសផលិតកាហ្វេច្រើនជាងគេចំណាត់ថ្នាក់លេខ ៥។ ប្រទេសនេះក្នុងឆ្នាំដដែលផលិតកាហ្វេបាន ៨លានបាវ ឬ ប្រហាក់ប្រហែលនឹងក្បែរ ៥ម៉ឺនតោន ដែលស្មើនឹង ៥%នៃផលិតកម្មកាហ្វេពិភពលោក។
បន្ទាប់ពីនេះទៀតរួមមាន ម៉ាឡេស៊ី។ ប្រទេសនេះជាប់លេខ ១៤ ដោយផលិតកាហ្វេបាន ១,៥លានបាវ។ បន្តពីនេះទៀតគឺ ថៃ ដែលជាប់លេខ ១៩ ដែលផលិតកាហ្វេបាន ៧៥ម៉ឺនបាវ ហើយហ្វីលីពីន និងឡាវជាប់លេខ ២២ ដែលផលិតបាន ៤៥ម៉ឺនបាវ។
ចំណែកឯនៅកម្ពុជាវិញ បើយោងតាមការស្រាវជ្រាវរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យស្វាយរៀង នៅក្នុងឆ្នាំ២០២០ កម្ពុជាផលិតកាហ្វេបាន ៣ ៩០០តោន ហើយគ្រោងនឹងផលិតឱ្យបាន ១ម៉ឺនតោននៅឆ្នាំ២០២៥៕
