ការសិក្សាមួយនៅប្រទេសអង់គ្លេសបានបង្ហាញថា ការចិញ្ចឹមឆ្កែ ឬឆ្មាអាចជួយការពារមុខងារខួរក្បាលជាពិសេសគឺជួយឲ្យការចចាំបានល្អ នៅពេលយើងចាស់ទៅ។
ការស្រាវជ្រាវនេះបានតាមដានមនុស្សពេញវ័យដែលមានអាយុ ៥០ឆ្នាំឡើងទៅ ដោយធ្វើការអង្កេតមើលរយៈពេល ១៨ឆ្នាំ ហើយបានពិនិត្យមើលពីរបៀបដែលសត្វចិញ្ចឹមផ្សេងៗ មានឥទ្ធិពលដល់ការចងចាំ និងជំនាញគិតរបស់ខួរក្បាលជាពិសេសទៅលើក្រុមមនុស្សវ័យចំណាស់។

លទ្ធផលបានបង្ហាញពីភាពខុសគ្នាយ៉ាងច្បាស់រវាងសត្វចិញ្ចឹម។ អ្នកដែលមានឆ្កែច្រើន អាចរក្សាការចងចាំបានល្អជាង ទាំងរយៈពេលខ្លី និងរយៈពេលវែង បើធៀបទៅនឹងសត្វចិញ្ចឹមផ្សេងទៀត។ ចំពោះការចិញ្ចឹមឆ្មាបានបង្ហាញពីការធ្លាក់ចុះយឺតនៃជំនាញប្រើប្រាស់ពាក្យសំដី ដូចជាការស្វែងរក និងការប្រើប្រាស់ពាក្យត្រឹមត្រូវក្នុងការនិយាយ និងគិត។ ចំពោះអ្នកដែលមានត្រី ឬសត្វស្លាប ជាសត្វចិញ្ចឹមមិនបានបង្ហាញពីអត្ថប្រយោជន៍ច្បាស់លាស់ណាមួយជួយដល់ប្រព័ន្ធខួរក្បាលនោះទេ។
អ្នកស្រាវជ្រាវជឿថា ឆ្កែ និងឆ្មាជួយដល់សុខភាពខួរក្បាលរបស់អ្នកចិញ្ចឹម ពីព្រោះពួកវាត្រូវការប្រលែងលេង ប្រាស្រ័យទាក់ទង និងការតភ្ជាប់អារម្មណ៍ច្រើន។ ការដើរលេងជាមួយឆ្កែ ជាមួយឆ្មា ការថែទាំពួកវា ផ្តល់នូវការរំញោចផ្លូវចិត្ត និងលើកទឹកចិត្តឲ្យមានទម្លាប់សកម្មជាប្រចាំថ្ងៃ។ ឆ្កែក៏ជួយម្ចាស់ឱ្យបង្កើតទំនាក់ទំនងសង្គមកាន់តែច្រើនផងដែរ ខណៈពេលដែលឆ្មាអាចផ្តល់ភាពជាដៃគូ ជាពិសេសសម្រាប់មនុស្សដែលរស់នៅតែម្នាក់ឯង។
ផ្ទុយទៅវិញ ត្រី និងសត្វស្លាបជាធម្មតាមិនសូវមានប្រាស្រ័យទាក់ទងជាមួយមនុស្ស ដែលជាម្ចាស់នោះទេ។ ត្រីមានអាយុកាលខ្លីក្នុងការរស់នៅ ខណៈពេលដែលសត្វស្លាបអាចរំខានដល់ការគេងដោយសំឡេង ដែលអាចប៉ះពាល់ដល់សុខភាពខួរក្បាល។
គួរបញ្ជាក់ផងដែរថា ការសិក្សានេះបានបង្ហាញថា ការចិញ្ចឹមសត្វឆ្កែ ឬឆ្មាអាចជាមធ្យោបាយដ៏រីករាយ និងមានអត្ថន័យមួយ ដើម្បីគាំទ្រដល់សុខភាពខួរក្បាល ក៏ដូចជាមនុស្ស ដែលមានវ័យចាស់ជរា ឲ្យមានសុខភាពល្អ ខណៈពេលដែលសង្គមក្នុងពេលនេះកំពុងប្រឈមមុខនឹងអត្រាកើនឡើងនៃជំងឺវង្វេង៕
ដោយ៖ សែន តុលា
ប្រភព៖ The Guardian
