More

    គន្លឹះ​សំខាន់ៗ​ដើម្បី​កសិករ​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​ហានិភ័យ​កសិកម្ម​

    ជារឿយៗ នៅពេលដែលកសិករដាំដុះមិនបានផល ឬខាតបង់ មនុស្សមួយចំនួនតែងគិតថាវាមកពីកសិករខ្ជិល ឬមិនចេះបច្ចេកទេស។ ប៉ុន្តែការពិតមិនមែនដូច្នោះទេ កសិកម្មគឺជាការងារដែលប្រឈមនឹងហានិភ័យខ្ពស់បំផុត ដែលជួនកាលស្ថិតនៅក្រៅការគ្រប់គ្រងរបស់មនុស្ស។

    ដើម្បីទប់ទល់នឹងបញ្ហាប្រឈមខាងលើ​ក្រសួងកសិកម្ម​ក៏ដូចជាអង្គការស្បៀង និងកសិកម្ម (FAO)  បង្ហាញ​នូវ​យុទ្ធសាស្ត្រមួយចំនួនដែលកសិករអាចអនុវត្តដើម្បីកាត់បន្ថយហានិភ័យ​។​

    ១. ការធ្វើកសិកម្មចម្រុះ

    FAO តែងតែណែនាំឱ្យកសិករដាំដំណាំចម្រុះ ឬចិញ្ចឹមសត្វបន្ថែម។ ប្រសិនបើដំណាំមួយប្រភេទធ្លាក់ថ្លៃ ឬខូចខាតដោយសារសត្វល្អិត អ្នកនៅមានចំណូលពីដំណាំមួយប្រភេទទៀត។

    ២. ប្រើប្រាស់បច្ចេកទេសកសិកម្មឆ្លាតវៃនឹងអាកាសធាតុ

    យោងតាម ក្រសួងកសិកម្ម​កសិករគួរផ្លាស់ប្តូរទម្លាប់តាមរយៈ៖

    • ការជ្រើសរើសពូជ៖ ប្រើប្រាស់ពូជដែលធន់នឹងការរាំងស្ងួត ឬធន់នឹងទឹកជំនន់ ដូចជាពូជស្រាលដែលប្រមូលផលលឿន។
    • ការគ្រប់គ្រងទឹក៖ រៀបចំប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក ដូចជាប្រព័ន្ធតំណក់ទឹក ឬជីកស្រះខ្នាតតូចក្នុងចម្ការដើម្បីត្រៀមបម្រុងទឹក។

    ៣. ការចងក្រងជាសហគមន៍កសិកម្ម

    ការលក់​ដូរ​តែម្នាក់ឯងធ្វើឱ្យកសិករងាយរងគ្រោះពីឈ្មួញកណ្តាល។ ការចូលរួមជាសហគមន៍ជួយឱ្យ៖

    • អំណាចចរចា៖ មានកម្លាំងចរចាតម្លៃលក់ចេញបានខ្ពស់ និងទិញជីឬពូជក្នុងតម្លៃបោះដុំ (ថោកជាងមុន)។
    • ការចែករំលែកចំណេះដឹង៖ ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗពីស្ថាប័នជំនាញបានលឿនជាងមុន។

    ៤. កាត់បន្ថយការចំណាយតាមរយៈកសិកម្មធម្មជាតិ

    ដើម្បីទប់ទល់នឹងតម្លៃជី និងថ្នាំកសិកម្មឡើងថ្លៃ កសិករគួរ៖

    • ផលិតជីធម្មជាតិ៖ ប្រើប្រាស់ជីកំប៉ុស ឬលាមកសត្វ ដើម្បីកាត់បន្ថយការទិញជីគីមី។
    • ការគ្រប់គ្រងសមាសធាតុចង្រៃ (IPM)៖ ប្រើប្រាស់បច្ចេកទេសចម្រុះដើម្បីកម្ចាត់សត្វល្អិត ជាជាងការប្រើថ្នាំពុលតែមួយមុខ ដែលនាំឱ្យចំណាយច្រើន និងប៉ះពាល់សុខភាព។

    ៥. ការតាមដានព័ត៌មាន និងការព្យាករណ៍អាកាសធាតុ

    ការតាមដានព័ត៌មានពីក្រសួងធនធានទឹក និងឧតុនិយម គឺជារឿងចាំបាច់បំផុត។ ការដឹងមុនពីគ្រោះរាំងស្ងួត ឬទឹកជំនន់ ជួយឱ្យបងប្អូនអាចសម្រេចចិត្តបានត្រឹមត្រូវថា គួរដាំនៅពេលណា ឬគួរប្រមូលផលមុនពេលកំណត់។

    អង្គការ FAO និង IFAD បានសង្កត់ធ្ងន់ថាភាពធន់របស់កសិករមិនមែនស្ថិតលើការខំប្រឹងធ្វើការងារធ្ងន់ជាងមុននោះទេ ប៉ុន្តែស្ថិតលើការប្រើប្រាស់ ទិន្នន័យ ការចងក្រងគ្នា និងការបត់បែនតាមបច្ចេកទេសថ្មីៗ។

    ដោយ៖ ចាន់ តារា
    ប្រភព៖ ឯកសារក្រសួងកសិកម្ម / FAO