ការដុតជញ្ជ្រាំងក្រោយប្រមូលផលនៅតែកើតមាននៅក្នុងប្រទេសកម្ពុជា ដោយកសិករមួយចំនួនយល់ថាការដុតនេះនឹងបង្កភាពងាយស្រួលក្នុងការបង្កបង្កើនផលនៅរដូវបន្ទាប់។ ប៉ុន្តែការធ្វើបែបនេះ មិនមែនជារឿងល្អសម្រាប់វិស័យកសិកម្ម និងបរិស្ថាននោះទេ។ ការដុតជញ្ជ្រាំងបង្កផលប៉ះពាល់មួយចំនួនដល់វិស័យកសិកម្ម និងបរិស្ថាន។
ប៉ះពាល់គុណភាពដី
ការដុតដល់ជញ្ជ្រាំង ធ្វើឲ្យប៉ះពាល់ដល់សមាសធាតុសរីរាង្គនៅក្នុងដី រួមទាំងសត្វល្អិតក្នុងដីដែលមាននាទីជួយបំបែកកាកសំណល់ រក្សាជីជាតិដី និងរចនាសម្ព័ន្ធរបស់ដី។ ការបន្តដុតជញ្ជ្រាំងម្ដងហើយម្ដងទៀតនឹងធ្វើឲ្យគុណភាពដីធ្លាក់ចុះ និងផលដំណាំក៏ថយចុះ។

បាត់បង់ជីជាតិ
គល់ជញ្ជ្រាំងមានផ្ទុកសារជាតិចិញ្ចឹមសំខាន់ៗ ដែលជួយដល់ការលូតលាស់របស់ដំណាំនៅរដូវបន្ទាប់ បើសិនជាយើងគ្រប់គ្រងគល់ជញ្ជ្រាំងទាំងនោះបានល្អ។ ចំណែកការដុតជញ្ជ្រាំងនឹងធ្វើឲ្យដីស្រែបាត់បង់សារជាតិចិញ្ចឹមទាំងនោះ ហើយកសិករនឹងត្រូវប្រើជីគីមីកាន់តែច្រើន ដើម្បីធានាដល់ការលូតលាស់របស់ស្រូវ ឬដំណាំផ្សេងទៀត។
ប្រហាក់ប្រហែលគ្នានេះដែរ ការដុតជញ្ជ្រាំងនឹងធ្វើឲ្យបាត់បង់សមាសធាតុសរីរាង្គសម្រាប់ប្រើជាជីជំនួយដី ជាពិសេសគឺអាសូត។ ក្រៅពីនេះក៏សម្លាប់ពពួកមីក្រូសរីរាង្គនៅក្នុងដី ធ្វើឲ្យដីប្រែទៅជាក្ដាំង រឹង មិនមានជីជាតិ និងបាត់បង់គម្របការពារដីពីកម្ដៅថ្ងៃផងដែរ។ ក្រៅពីនេះ ការដុតជញ្ជ្រាំងក៏ធ្វើឲ្យកើតមានឧស្ម័នកាបូនិច បំពុលបរិយាកាស និងបង្កឲ្យអាកាសធាតុឡើងកម្ដៅទៀតផង។
បងប្អូនណាខ្លះបានបញ្ឈប់ទង្វើនេះ ឬនៅបន្ត? ហេតុអ្វី? ជួយចែករំលែកឲ្យក្រុមការងារកសិ/Kakseបានដឹងផង។
ចែករំលែកដោយ៖ ទូច ស្រីនាថ
ប្រភព៖ International Journal of Life Sciences
