ជំងឺមាន់មានច្រើនប្រភេទ ហើយជំងឺអាសន្នរោគមាន់គឺជាជំងឺឆ្លងដ៏កាចសាហាវមួយ បង្កឡើងដោយបាក់តេរីឈ្មោះថា Pasteurella multocida។ វាអាចកើតឡើងលើបក្សីគ្រប់ប្រភេទ ជាពិសេសមាន់ និងទាដែលមានអាយុលើសពី ៦សប្ដាហ៍។
១. មូលហេតុបង្ក និងការឆ្លងរាលដាល
- ភ្នាក់ងារបង្ក៖ បាក់តេរី Pasteurella multocida ដែលអាចរស់នៅក្នុងមជ្ឈដ្ឋានសើម និងត្រជាក់បានយូរ។
- ប្រភពចម្លង៖ ឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយបក្សីឈឺ សត្វព្រៃ (ចាប ក្អែក) ឬតាមរយៈ សត្វកកេរ (កណ្ដុរ) ដែលជាភ្នាក់ងារចម្លងដ៏សំខាន់បំផុត។
- ការចម្លង៖ តាមរយៈការស៊ីចំណី ឬផឹកទឹកដែលមានមេរោគ និងការដកដង្ហើមចូលនូវធូលីដីដែលមានមេរោគ។

២. រោគសញ្ញាសំខាន់ៗ
ជំងឺនេះចែកចេញជា ២ ទម្រង់៖
- ទម្រង់ស្រួចស្រាល់
- មាន់/ទាងាប់ភ្លាមៗ (ងាប់ទាំងនៅស្រស់ មិនទាន់ឃើញចេញរោគសញ្ញា)។
- សិរមាន់ ប្រែជាពណ៌ ស្វាយ ឬខៀវ។
- រាកពណ៌បៃតង និងមានសំបោរខាប់ហៀរចេញពីមាត់ ឬច្រមុះ។
- ទម្រង់រ៉ាំរ៉ៃ
- ហើមមុខ ហើមភ្នែក ហើមសន្លាក់ជើង ធ្វើឱ្យមាន់ដើរខ្ចើច ឬដើរមិនរួច។
- មាន់វង្វេងវង្វាន់ ឬថ្លោះសរសៃក(Torticollis)។
៣. ហានិភ័យនៃការខាតបង់បើទប់ស្កាត់មិនទាន់ពេល
ប្រសិនបើមិនមានវិធានការទប់ស្កាត់ទេ កសិករនឹងជួបគ្រោះថ្នាក់ដូចជា៖
- អត្រាងាប់ខ្ពស់៖ អាចឈានដល់ ១០០% នៃហ្វូងមាន់ក្នុងរយៈពេលខ្លីបំផុត។
- ការខាតបង់ដើមទុន៖ បាត់បង់ប្រាក់ចំណាយលើកូនពូជ ចំណី និងវ៉ាក់សាំងដែលបានវិនិយោគ។
- ការចម្លងរ៉ាំរ៉ៃ៖ មាន់ដែលជាសះស្បើយនឹងក្លាយជា «សត្វផ្ទុកមេរោគ» ដែលចាំចម្លងទៅហ្វូងក្រោយៗទៀតមិនចេះចប់។
៤. វិធីការពារ និងបង្ការ
យោងតាម MSD Manual និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ វិធានការដែលមានប្រសិទ្ធភាពបំផុតគឺ៖
- ការចាក់វ៉ាក់សាំង៖ ត្រូវចាក់វ៉ាក់សាំងការពារអាសន្នរោគឱ្យបានទៀងទាត់ (ជាទូទៅនៅអាយុ ៦-៨ សប្ដាហ៍ និងចាក់ឡើងវិញរៀងរាល់ ៦ ខែម្ដង)។
- ការកម្ចាត់សត្វកកេរ៖ ត្រូវមានវិធានការកម្ចាត់កណ្ដុរក្នុងកសិដ្ឋានឱ្យខានតែបាន ព្រោះកណ្ដុរគឺជាអ្នកនាំមេរោគនេះមកឱ្យមាន់។
- អនាម័យជីវសុវត្ថិភាព៖
- បាញ់ថ្នាំសម្លាប់មេរោគក្នុងទ្រុង និងសម្ភារៈប្រើប្រាស់ជាប្រចាំ។
- ហាមបក្សីព្រៃចូលក្នុងទ្រុងមាន់។
៥. ការព្យាបាល
- ប្រើថ្នាំផ្សះ៖ បាក់តេរីនេះអាចព្យាបាលបានដោយប្រើថ្នាំក្រុម Tetracycline, Sulfonamides ឬ Penicillin តាមការណែនាំរបស់ពេទ្យសត្វ។
- ចំណាំ៖ ទោះបីព្យាបាលជា ក៏មេរោគអាចនៅមានក្នុងខ្លួនមាន់ដែរ។ ដូច្នេះ ការកម្ចាត់មាន់ដែលសេសសល់ និងការសម្លាប់មេរោគក្នុងទ្រុងឱ្យបានហ្មត់ចត់ គឺជាជម្រើសល្អបំផុតដើម្បីផ្ដាច់ពូជមេរោគ។
ដោយ៖ ទូច សុខា
ប្រភព៖ MSD Veterinary Manual / ACIAR
