សត្វកណ្ដុរមិនមែនគ្រាន់តែជាសត្វចង្រៃបំផ្លាញសម្ភារក្នុងផ្ទះនោះទេ ប៉ុន្តែពួកវាគឺជា ក៏ជាសត្វចង្រៃដែលអាចបំផ្លាញកសិដ្ឋានឬកន្លែងចិញ្ចឹមមាន់បងប្អូនតាមរយៈការលួចស៊ីចំណី ការបំផ្លាញទ្រព្យសម្បត្តិ និងការចម្លងជំងឺសាហាវៗផងដែរ។
យោងតាមអត្ថបទបច្ចេកទេសពី The Poultry Site រួមជាមួយព័ត៌មានបន្ថែមពី អង្គការ FAO បានបង្ហាញពីហានិភ័យដែលអាចបង្កដោយកណ្ដុរមួយចំនួន។

ហានិភ័យធំៗទាំង ៤ នៃសត្វកណ្ដុរលើកសិដ្ឋានចិញ្ចឹមមាន់
សត្វកណ្ដុរអាចបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដែលបងប្អូនកសិករពេលខ្លះមើលមិនឃើញផ្ទាល់ភ្នែក៖
- ការចម្លងជំងឺ៖ កណ្ដុរគឺជាភ្នាក់ងារចម្លងជំងឺច្រើនជាង ៤៥ ប្រភេទ។ ក្នុងនោះមានជំងឺសំខាន់ៗលើមាន់ដូចជា៖
– អាសន្នរោគមាន់ (Fowl Cholera)៖ បាក់តេរីនេះត្រូវបានចម្លងតាមរយៈទឹកមាត់ និងលាមកកណ្ដុរក្នុងស្នូកចំណី។
– បាក់តេរីសាល់មូណែល (Salmonella)៖ ធ្វើឱ្យមាន់រាក និងប៉ះពាល់ដល់គុណភាពស៊ុត បង្កឲ្យមានជាតិពុលក្នុងសាច់ និងស៊ុតមាន់។
– ជំងឺឡិបតូស្ពឺរ៉ូស (Leptospirosis)៖ ជំងឺបង្កដោយវីរុស អាចឆ្លងតាមទឹកនោមកណ្ដុរ។
- ការខាតបង់ចំណី៖ កណ្ដុរមួយក្បាលអាចស៊ីចំណីអស់ប្រហែល១០ទៅ១៥គីឡូក្រាមក្នុងមួយឆ្នាំ។ ប៉ុន្តែអ្វីដែលអាក្រក់ជាងនេះគឺវាធ្វើឱ្យខូចចំណី។ ពេលស៊ីចំណីវាក៏បន្ទោរបង់លាមក និងនោមដាក់ចំណីដែលនៅសេសសល់ ធ្វើឱ្យមាន់លែងស៊ី ឬស៊ីទៅឈឺ។
- ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ៖ កណ្ដុរមានធ្មេញដែលដុះវែងជានិច្ច ដូច្នេះវាត្រូវខាំកាត់ខ្សែភ្លើង (បង្កជាអគ្គិភ័យ) ខាំធ្លុះជញ្ជាំងទ្រុង និងបំផ្លាញអ៊ីសូឡង់ទប់កម្ដៅក្នុងទ្រុងជាដើម។
- ការយាយីលើសត្វមាន់៖ កណ្ដុរធំៗ អាចខាំសម្លាប់កូនមាន់តូចៗ និងលួចស៊ីស៊ុតមាន់។ វត្តមានរបស់ពួកវាក៏ធ្វើឱ្យមាន់មានការភ័យខ្លាចនាំឱ្យអត្រាពងធ្លាក់ចុះ។
វិធីសាស្ត្រការពារ
គោលការណ៍សំខាន់គឺដកហូតប្រភពអាហារ ទឹកនិងជម្រករបស់ពួកវា។
- គ្រប់គ្រងចំណីឱ្យបានល្អ៖ ប្រើធុងដែក ឬធុងជ័រដែលមានគម្របបិទជិតសម្រាប់រក្សាទុកចំណី។ សម្អាតចំណីដែលកំពប់ជុំវិញស្នូកឱ្យអស់នៅពេលល្ងាច។
- រៀបចំបរិស្ថានជុំវិញទ្រុង៖ កាត់ស្មៅជុំវិញទ្រុងឱ្យខ្លី និងកុំទុកគំនរឈើ ឬសម្ភារៈចាស់ៗក្បែរទ្រុង ដែលជាជម្រកដ៏ល្អសម្រាប់កណ្ដុរពួន និងបង្កើតកូន។
- ការរារាំងច្រកចូល៖ កណ្ដុរតូចអាចចូលតាមចន្លោះតូចៗ ប្រើសំណាញ់ដែកភ្នែកញឹកបិទរន្ធខ្យល់ និងប្រើស៊ីម៉ងត៍ប៉ះរន្ធជញ្ជាំងឱ្យជិត។
វិធីសាស្ត្រកម្ចាត់
យោងតាម The Poultry Site ការប្រើប្រាស់ កម្មវិធីគ្រប់គ្រងសត្វចង្រៃចម្រុះ (IPM) ផ្ដល់ប្រសិទ្ធភាពខ្ពស់បំផុត៖
- ការប្រើប្រាស់អន្ទាក់៖ ជាវិធីសាស្ត្រសុវត្ថិភាពសម្រាប់មាន់។ ដាក់អន្ទាក់នៅតាមជញ្ជាំងដែលកណ្ដុរចូលចិត្តដើរកាត់ (កណ្ដុរចូលចិត្តដើរតាមជញ្ជាំង មិនចូលចិត្តដើរកាត់កណ្ដាលវាលទេ)។
- ការប្រើថ្នាំបំពុល៖ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតបើសិនជាប្រើ។ ត្រូវប្រើប្រអប់ដាក់ថ្នាំ ដែលមានសុវត្ថិភាព ដើម្បីកុំឱ្យមាន់ ឬសត្វចិញ្ចឹមផ្សេងទៀតអាចស៊ីថ្នាំបាន។ បន្ថែមពីនេះ ត្រូវប្ដូរប្រភេទថ្នាំជារៀងរាល់ ៦ខែម្ដង ដើម្បីការពារកុំឱ្យកណ្ដុរស៊ាំនឹងថ្នាំ។
- ការតាមដាន៖ ពិនិត្យមើលសញ្ញានៃវត្តមានកណ្ដុរជារៀងរាល់សប្ដាហ៍ ពិនិត្យមើលលាមក ស្នាមខាំ ឬរន្ធថ្មីៗ។
ការគ្រប់គ្រងកណ្ដុរគឺជាផ្នែកមួយនៃជីវសុវត្ថិភាព។ ប្រសិនបើកសិដ្ឋានមានកណ្ដុរច្រើន ទោះបីចាក់វ៉ាក់សាំងមាន់ល្អយ៉ាងណាក៏ដោយ ក៏ជំងឺនៅតែអាចចូលលុកលុយបានតាមរយៈកណ្ដុរ។
សាកលវិទ្យាល័យ Auburn រកឃើញថា កណ្ដុរមួយគូ អាចបង្កកូនចៅបានរហូតដល់រាប់រយក្បាលក្នុងមួយឆ្នាំ បើគ្មានការគ្រប់គ្រង។ ដូច្នេះត្រូវកម្ចាត់វាឱ្យទាន់ពេល កុំចាំដល់វាច្រើនទើបកម្ចាត់។
ការចំណាយលើប្រអប់ដាក់ថ្នាំកណ្ដុរ និងការសម្អាតបរិស្ថាន អស់ប្រាក់តិចជាងការខាតបង់លើចំណី និងការបាត់បង់មាន់ដោយសារជំងឺអាសន្នរោគដែលបង្កដោយកណ្ដុរឆ្ងាយណាស់។
ដោយ៖ ចាន់ តារា
ប្រភព៖ The Poultry Site / Medcrave Online
