វិធានការសម្អាតទ្រុងក្រោយមាន់កើត​ជំងឺអាសន្នរោគ

វិធានការ​សម្អាតទ្រុង​ក្រោយ​មាន់ឆ្លងជំងឺ​អាសន្នរោគ​គឺ​ជា​រឿង​ចាំ​បាច់​។ ការសម្លាប់មេរោគមិនមែនត្រឹមតែបាញ់ថ្នាំឱ្យតែរួចពីដៃនោះទេ បើបងប្អូនមិនធ្វើតាមបច្ចេកទេសឱ្យបានហ្មត់ចត់ មេរោគនឹងនៅតែលាក់ខ្លួនក្នុងទ្រុង ហើយចាំស៊ីសាច់កូនមាន់ថ្មីដែលបងប្អូនទើបនឹងដាក់ចូល។

យោងតាមការណែនាំបច្ចេកទេសពី អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និង MSD Veterinary Manual ខាងក្រោមនេះគឺជាជំហានទាំង ៥ ដើម្បីសម្អាតទ្រុងឱ្យ «ដាច់ពូជមេរោគ»។

ផែនការ ៥ ជំហាន ដើម្បីសម្អាតទ្រុងឱ្យមានសុវត្ថិភាព

ជំហានទី ១៖ ការកម្ចាត់ចោល និងបោសសម្អាត

  • បោសសម្អាត៖ យកមាន់ដែលនៅសេសសល់ចេញ រួចកើបលាមកមាន់ និងកម្រាលទ្រុង (អង្កាម/ចំបើង) ចេញឱ្យអស់ពីទ្រុង។
  • ការកម្ចាត់៖ ហាមយកលាមកមាន់ឈឺទៅធ្វើជីដាក់ដំណាំក្បែរទ្រុងភ្លាមៗ។ ត្រូវយកទៅកប់ចោលឱ្យជ្រៅ ឬផ្អាប់ទុកឱ្យឆ្ងាយពីទ្រុង។
  • បោសធូលី៖ បោសសម្អាត​ធូលីតាមជញ្ជាំង និងដំបូលទ្រុង។

ជំហានទី ២៖ ការលាងសម្អាតដោយទឹក និងសាប៊ូ

  • ត្រាំ៖ បាញ់ទឹកឱ្យសើមគ្រប់កន្លែង (កម្រាល ជញ្ជាំង ស្នូក)។
  • ដុសខាត់៖ ប្រើសាប៊ូ និងច្រាសដុសខាត់កម្ទេចលាមក ឬដីដែលជាប់ស្អិតឱ្យអស់។
  • បើ​តាម MSD Manual៖ ថ្នាំសម្លាប់មេរោគ នឹងគ្មានប្រសិទ្ធភាពទេ ប្រសិនបើបាញ់ទៅលើកន្លែងដែលមានដី ឬកន្លែង​នៅ​មាន​លាមកមាន់នៅឡើយ។ ដូច្នេះការសម្អាតឱ្យស្អាតមុនបាញ់ថ្នាំគឺជាចំណុចសំខាន់បំផុត។

ជំហានទី ៣៖ ការប្រើប្រាស់ថ្នាំសម្លាប់មេរោគ

ក្រោយពេលលាងសម្អាតឱ្យស្ងួត សឹមចាប់ផ្ដើមបាញ់ថ្នាំសម្លាប់មេរោគ៖

  • ថ្នាំដែលណែនាំ៖ បងប្អូនអាចប្រើប្រភេទថ្នាំ​ណា​មួយ​ដោយ​ផ្អែក​តាមការណែ​នាំ​របស់​ពេទ្យ​សត្វ​។
  • កំបោរស៖  បាចកំបោរសលើដីជុំវិញទ្រុង និងកម្រាលទ្រុង ដើម្បីកាត់បន្ថយជាតិអាស៊ីត និងសម្លាប់មេរោគក្នុងដី។

ជំហានទី ៤៖ ការទុកទ្រុងឱ្យទំនេរ

  • រយៈពេល ១៤ ថ្ងៃ៖ យោងតាម GDAHP និង FAO បងប្អូនត្រូវទុកទ្រុងឱ្យទំនេរ (គ្មានសត្វ) យ៉ាងតិច ១៤ថ្ងៃ។ ក្នុងរយៈពេលនេះ ពន្លឺព្រៃអាទិត្យ និងខ្យល់អាកាសនឹងជួយសម្លាប់មេរោគដែលនៅសេសសល់ឱ្យអស់ទាំងស្រុង។

ជំហានទី ៥៖ ការត្រួតពិនិត្យឧបករណ៍

  • សម្ភារៈ៖ ស្នូកទឹក និងស្នូកចំណី ត្រូវយកមកត្រាំថ្នាំសម្លាប់មេរោគ និងហាលថ្ងៃឱ្យបានយ៉ាងតិច ២-៣ ថ្ងៃ មុននឹងយកទៅប្រើប្រាស់ឡើងវិញ។

ការណែនាំបន្ថែមលើជីវសុវត្ថិភាព

  • មជ្ឈមណ្ឌល MSD៖ បានបញ្ជាក់ថា ការបាញ់ថ្នាំសម្លាប់មេរោគតែម្ដង មិនអាចការពារបានរហូតទេ បើបងប្អូនមិនមានរបាំងជ្រលក់ជើង​នៅ​មាត់ទ្វារទ្រុងមុនពេលចូល។
  • ក្រសួងកសិកម្ម (MAFF)៖ ណែនាំឱ្យកសិករផ្លាស់ប្ដូរស្បែកជើង និងសម្លៀកបំពាក់មុនចូលក្នុងទ្រុងថ្មី ដើម្បីការពារកុំឱ្យនាំមេរោគពីកន្លែងចាស់ចូល។

ការសម្អាតទ្រុងឱ្យបានហ្មត់ចត់តាមជំហានខាងលើ គឺជាការចាប់ផ្ដើមអាជីវកម្មវគ្គថ្មីដោយទំនុកចិត្ត និងកាត់បន្ថយហានិភ័យនៃជំងឺដដែលៗ។

ដោយ៖ ចាន់ តារា
ប្រភព៖ FAO / Bivatec