ក្នុងករណីដែលបងប្អូនសង្ស័យថាមានសត្វគោ ក្របី ងាប់ដោយសារ «ជំងឺឈាមខ្មៅ» (Anthrax) បងប្អូនត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះវាជាជំងឺឆ្លងសាហាវដែលប៉ះពាល់ដល់ជីវិតមនុស្ស។
យោងតាមការណែនាំបច្ចេកទេសពី អង្គការសុខភាពពិភពលោក (WHO) អង្គការ FAO និង អគ្គនាយកដ្ឋានសុខភាពសត្វ (GDAHP) នេះគឺជាវិធានការសុវត្ថិភាពទាំង ៧ យ៉ាងដែលបងប្អូនត្រូវអនុវត្តដើម្បីសុវត្ថិភាព។
១. ហាមវះកាត់ ឬពន្លះសាច់សត្វដាច់ខាត
នេះគឺជាចំណុចសំខាន់បំផុត។ នៅពេលបងប្អូនវះកាត់សាកសពសត្វដែលផ្ទុកមេរោគឈាមខ្មៅ មេរោគនោះនឹងប៉ះជាមួយខ្យល់អាកាស ហើយប្រែខ្លួនទៅជា «ស្ប៉» (Spores) ដែលមានសំបកការពារយ៉ាងរឹងមាំ។ ស្ប៉ទាំងនេះអាចរស់នៅក្នុងដីបានរាប់សិបឆ្នាំ និងធន់នឹងកម្ដៅថ្ងៃខ្លាំង។ ស្ប៉ គឺជាសរីរាង្គបន្តពូជឯកកោសិកា ឬពហុកោសិរបស់ពពួកផ្សិត ឬបាក់តេរី។

២. បិទខ្ទប់បរិវេណសត្វងាប់
កសិករត្រូវព័ទ្ធរបង ឬប្រើខ្សែចងបិទតំបន់ដែលសត្វងាប់ ដើម្បីការពារកុំឱ្យសត្វឯទៀត មនុស្ស ឬសត្វចិញ្ចឹម (ឆ្កែ ឆ្មា) ចូលទៅជិត ឬប៉ះពាល់ឈាមដែលហូរចេញពីសាកសព។
៣. រាយការណ៍ទៅភ្នាក់ងារពេទ្យសត្វជាបន្ទាន់
បើបងប្អូនជួបបញ្ហានេះ ត្រូវទាក់ទងទៅភ្នាក់ងារសុខភាពសត្វភូមិ ឬមន្ត្រីកសិកម្មភ្លាមៗ ដើម្បីឱ្យពួកគាត់ចុះមកពិនិត្យ និងយកសំណាកដោយប្រើបច្ចេកទេសត្រឹមត្រូវ។ ហាមដោះស្រាយដោយខ្លួនឯងដោយគ្មានការការពារ។
៤. ការកប់សាកសពតាមបច្ចេកទេស
ប្រសិនបើពេទ្យសត្វណែនាំឱ្យកប់ បងប្អូនត្រូវអនុវត្តដូចខាងក្រោម៖
- ជីករណ្ដៅឱ្យបានជម្រៅយ៉ាងតិច ២ ម៉ែត្រ។
- បាចកំបោរស (Lime) ឱ្យក្រាស់នៅបាតរណ្ដៅ និងពីលើសាកសព។
- ហាមអូសសាកសពសត្វទៅឆ្ងាយ (បើអាច ត្រូវកប់នៅកន្លែងដែលវាងាប់តែម្ដង) ដើម្បីការពារការសាយភាយមេរោគតាមផ្លូវ។
៥. ហាមបរិភោគ ឬលក់សាច់សត្វងាប់
ដាច់ខាត ហាមយកសាច់សត្វដែលងាប់ដោយមិនដឹងមូលហេតុមកធ្វើជាអាហារ ឬលក់បន្ត ទោះបីជាចម្អិនឆ្អិនយ៉ាងណាក៏ដោយ ព្រោះ «ស្ប៉» នៃជំងឺឈាមខ្មៅមិនងាយងាប់ដោយសារកម្ដៅដាំស្លធម្មតានោះទេ។
៦. ការសម្លាប់មេរោគក្នុងបរិវេណជុំវិញ
កន្លែងដែលសត្វងាប់ និងឈាមដែលហូរចេញមក ត្រូវបាញ់ថ្នាំសម្លាប់មេរោគឲ្យបានត្រឹមត្រូវ ឬបាចកំបោរសឱ្យបានក្រាស់។ សម្ភារៈដែលបានប៉ះពាល់សាកសព (កាំបិត ខ្សែ ចបកាប់) ត្រូវត្រាំថ្នាំសម្លាប់មេរោគ ឬដុតសម្លាប់មេរោគឱ្យបានហ្មត់ចត់។
៧. អនាម័យ និងការតាមដានសុខភាពមនុស្ស
ប្រសិនបើបងប្អូនជ្រុលជាបានប៉ះពាល់សាកសព ឬឈាមសត្វដោយអចេតនា៖
- ត្រូវលាងដៃ និងងូតទឹកសម្អាតខ្លួនជាមួយសាប៊ូឱ្យបានស្អាតភ្លាមៗ។
- ប្រសិនបើមានចេញរោគសញ្ញាដូចជា ដំបៅខ្មៅលើស្បែក (មិនឈឺតែរមាស់) ក្ដៅខ្លួន ឬពិបាកដកដង្ហើម ត្រូវប្រញាប់ទៅមន្ទីរពេទ្យ និងប្រាប់គ្រូពេទ្យថាបងប្អូនបានប៉ះពាល់សត្វងាប់។
«ជំងឺឈាមខ្មៅ» គឺជាជំងឺឆ្លងពីសត្វទៅមនុស្ស (Zoonosis) ដែលបង្កគ្រោះថ្នាក់បំផុតដល់សហគមន៍កសិកម្ម។ ការលាក់បាំងសត្វឈឺ ឬការយកសត្វងាប់មកបរិភោគ គឺជាការប្រថុយនឹងអាយុជីវិតគ្រួសារទាំងមូល។
ក្នុងនាមជាកសិករវៃឆ្លាត កាលណាឃើញសត្វងាប់មានឈាមខ្មៅហូរតាមមាត់ ឬច្រមុះ ត្រូវចាំ ថា៖ «កុំប៉ះ កុំវះ កុំបរិភោគ ត្រូវកប់ឱ្យជ្រៅ និងរាយការណ៍ភ្លាមៗ»។ ការពារគោរបស់បងប្អូនពីជំងឺនេះដោយចាក់វ៉ា់សាំងបង្ការ។
ដោយ៖ ចាន់ តារា
ប្រភព៖ ឯកសារក្រសួងកសិកម្ម /MSD Vet Manual
