ជំងឺអង់ត្រាក់ឬជំងឺឈាមខ្មៅ គ្រោះថ្នាក់កសិករត្រូវប្រយ័ត្នខ្ពស់​

ជំងឺឈាមខ្មៅ បង្កឡើងដោយបាក់តេរី Bacillus anthracis ដែលមានលក្ខណៈពិសេសគឺវាអាចបង្កើតជា ស្ប៉ (Spores) រស់នៅក្នុងដីបានរាប់សិបឆ្នាំ។ ស្ប៉ គឺ​ជា​សរីរាង្គ​បន្តពូជឯកកោសិកា ឬពហុកោសិ​របស់​ពពួក​ផ្សិត ឬបាក់តេរី​។​ ជំងឺ​នេះ​អាច​ការ​ពារ​បាន​ដោយ​ចាក់វ៉ាក់សាំង​។

១. រោគសញ្ញាសំខាន់ៗជំងឺ​អង់ត្រាក់ ឬ​ឈាមខ្មៅ​

  • ងាប់ភ្លាមៗ៖ សត្វអាចងាប់ក្នុងរយៈពេលខ្លីបំផុតដោយមិនទាន់ចេញរោគសញ្ញាច្បាស់លាស់។
  • ឈាមខ្មៅ៖ មានឈាមពណ៌ក្រហមក្រម៉ៅ (ស្ទើរខ្មៅ) ហូរចេញតាមរន្ធធម្មជាតិរបស់សត្វ (ច្រមុះ មាត់ រន្ធគូទ)។
  • ឈាមមិនកក៖ ឈាមដែលហូរចេញមកនោះមានលក្ខណៈរាវ និងមិនងាយកកឡើយ។
  • ហើមពោះខ្លាំង៖ សាកសពសត្វឆាប់ហើមប៉ោង និងឆាប់ស្អុយរលួយ។

២. ការប្រុងប្រយ័ត្នខ្ពស់

ជំងឺឈាមខ្មៅ គឺជា ជំងឺឆ្លងពីសត្វទៅមនុស្ស ដែលគ្រោះថ្នាក់ដល់ជីវិត។

  • ហាមវះកាត់សាកសព៖ ដាច់ខាតមិនត្រូវវះកាត់សាកសពសត្វដែលសង្ស័យថាមានជំងឺឈាមខ្មៅឡើយ ព្រោះនៅពេលមេរោគប៉ះជាមួយខ្យល់ វានឹងបង្កើតជាស្ប៉ដែលសម្លាប់មិនងាយងាប់ និងអាចចម្លងទៅមនុស្សតាមរយៈការប៉ះពាល់ ឬដកដង្ហើមចូល។
  • ការកម្ចាត់សាកសព៖ ត្រូវកប់សាកសពឱ្យបានជ្រៅ (យ៉ាងតិច ២ ម៉ែត្រ) រួចបាចកំបោរសឱ្យបានក្រាស់ ឬដុតចោលទាំងស្រុង។

ជំងឺឈាមខ្មៅជាជំងឺដែលត្រូវ រាយការណ៍ជាបន្ទាន់ទៅ​មន្ត្រី​ជំនាញ​។ ប្រសិនបើមានសត្វងាប់ដោយសង្ស័យ កសិករត្រូវបិទខ្ទប់តំបន់នោះ និងរាយការណ៍ទៅពេទ្យសត្វភ្លាមៗ។ អង្គការ FAO និង WHO ណែនាំឱ្យមានការចាក់វ៉ាក់សាំងការពារជំងឺអង់ត្រាក់ជាប្រចាំ នៅក្នុងតំបន់ដែលធ្លាប់មានប្រវត្តិផ្ទុះជំងឺនេះ ព្រោះមេរោគអាចរស់នៅក្នុងដីបានយូរអង្វែង។ ការយល់ដឹងពីជំងឺ និងសញ្ញានៃជំងឺឈាមខ្មៅ មិនត្រឹមតែជួយការពារហ្វូងសត្វរបស់បងប្អូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារអាយុជីវិតគ្រួសារ និងសហគមន៍ទៀត​ផង។

ដោយ៖ ចាន់ តារា
ប្រភព៖ ឯកសារក្រសួងកសិកម្ម /MSD Vet Manual