បងប្អូនកសិករប្រាកដជាធ្លាប់សង្កេតឃើញថា ក្រោយពេលមេឃភ្លៀងខ្លាំង ២-៣ ថ្ងៃជាប់គ្នា ដំណាំចាប់ផ្តើមមានស្នាមអុជៗ ក្រៀមស្លឹក ឬរលួយគល់ភ្លាមៗ។ នេះមិនមែនជារឿងចៃដន្យ ទេ ប៉ុន្តែវាគឺជាបាតុភូតវិទ្យាសាស្ត្រដែលត្រូវបានគេសិក្សារកឃើញមួលហេតុយ៉ាងច្បាស់លាស់។
យោងតាមឯកសារពី វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងស្ថាប័នកសិកម្មល្បីៗ ខាងក្រោមនេះគឺជាការពន្យល់អំពីមូលហេតុ និងវិធីសាស្ត្រដោះស្រាយលើបញ្ហាដំណាំឆ្លងជំងឺក្រោយមានភ្លៀងធ្លាក់ខ្លាំង។

១. ហេតុអ្វីបានជាភ្លៀងបង្កជាជំងឺរាតត្បាត?
មូលហេតុចម្បងដែលភ្លៀងជំរុញឱ្យមានជំងឺ គឺដោយសារ៖
- ការខ្ទាតទឹកនិងការចម្លងជំងឺ៖ យោងតាមឯកសាររបស់វេទិកាសេដ្ឋកិច្ចពិភពលោក តំណក់ទឹកភ្លៀងដែលធ្លាក់មកប៉ះដី ឬប៉ះស្លឹកដែលមានជំងឺ នឹងបាញ់ខ្ទាតមេរោគ (បាក់តេរី ឬផ្សិត) ឱ្យទៅប៉ះនឹងស្លឹកដែលនៅល្អ ឬទៅដល់ដើមផ្សេងទៀតដែលនៅក្បែរនោះ។ ទឹកគឺជាកត្តាចម្លងដ៏លឿនបំផុតសម្រាប់មេរោគរាលដាល។
- សំណើមខ្ពស់៖ មេរោគផ្សិតភាគច្រើនត្រូវការសំណើមលើសពី ៩០% ដើម្បីលូតលាស់។ ក្រោយភ្លៀង បរិយាកាសមានសំណើមខ្លាំងអំណោយផលដល់មេរោគលូតលាស់បានលឿន។
- មុខរបួសលើរុក្ខជាតិ៖ ខ្យល់ និងភ្លៀងខ្លាំងបង្កឱ្យមានមុខរបួសតូចៗលើស្លឹក និងដើម។ មុខរបួសទាំងនេះប្រៀបដូចជាទ្វារចំហដែលអនុញ្ញាតឱ្យបាក់តេរីចូលទៅបំផ្លាញកោសិការុក្ខជាតិបានយ៉ាងងាយ។
២. ប្រភេទជំងឺដែលឧស្សាហ៍កើតមានក្រោយភ្លៀង
- មេរោគផ្សិត បង្កជាជំងឺអុជស្លឹក ជំងឺឆេះស្លឹក និងជំងឺអង់ត្រាក់ណូស ជាដើម ហើយស្លឹកដំណាំអាចលេចចេញជារោគសញ្ញាដូចជាមានស្នាមអុជពណ៌ត្នោត ឬខ្មៅ ក្រៀមស្លឹក ឬរលួយផ្លែ។
- បាក់តេរី អាចបង្កជាជំងឺរលួយគល់ និងជំងឺបាក់តេរីឆេះស្លឹក ជាដើម ហើយដំណាំអាចចេញរោគសញ្ញាដូចជាមានសភាពរលួយអមដោយក្លិនស្អុយ ឬមានទឹកពណ៌មាសចេញពីមុខរបួស។
- ផ្សិតក្នុងដី បង្កជាជំងឺរលួយឫស និងគល់ ហើយដំណាំ អាចចេញរោគសញ្ញាដូចជាស្លឹកស្រពោនទាំងនៅបៃតង រួចងាប់មួយដើមៗតែម្ដង។
វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) បានបញ្ជាក់ថា ជំងឺបាក់តេរីឆេះស្លឹកស្រូវ រាលដាលខ្លាំងបំផុតតាមរយៈទឹកភ្លៀង និងខ្យល់ព្យុះ ដែលបក់បោកឱ្យស្លឹកស្រូវប៉ះទង្គិចគ្នា បង្កជាមុខរបួស។
ចំណែកសាកលវិទ្យាល័យ California (UC ANR) បានសង្កត់ធ្ងន់លើការប្រើប្រាស់វិធីគ្របគល់ដំណាំ (Mulching)។ ការគ្របគល់ដំណាំដោយចំបើង ឬផ្លាស្ទិក ជួយទប់ស្កាត់តំណក់ទឹកភ្លៀងមិនឱ្យបុកផ្ទប់ដីផ្ទាល់ ដែលជួយកាត់បន្ថយការខ្ទាតមេរោគពីដីឡើងមកលើស្លឹកបានរហូតដល់ទៅ ៥០-៧០%។
៣. វិធីដោះស្រាយ និងការការពារ
ដើម្បីការពារដំណាំបងប្អូនក្រោយភ្លៀង គួរអនុវត្តវិធានការដូចខាងក្រោម៖
- ការរៀបចំប្រព័ន្ធរំដោះទឹក៖ ធានាថាទឹកមិនដក់ក្នុងស្រែ ឬចំការឡើយ ព្រោះទឹកដក់ជាប្រភពមេរោគរលួយឫស។
- ការប្រើប្រាស់ “ទ្រីកូដឺម៉ា” (Trichoderma)៖ ជាផ្សិតមានប្រយោជន៍ដែលជួយកម្ចាត់ផ្សិតចង្រៃក្នុងដី។ គួរប្រើវាលាយជាមួយជីកំប៉ុស្ត៍ ឬស្រោចដល់គល់ដំណាំមុន និងក្រោយភ្លៀង។
- ការដាំដុះឱ្យមានចន្លោះឃ្លាតគ្នា៖ កុំដាំញឹកពេក ដើម្បីឱ្យខ្យល់ចេញចូលបានល្អ និងជួយឱ្យស្លឹកឆាប់ស្ងួតក្រោយភ្លៀង។
- បាញ់ថ្នាំការពារ (កម្រិតស្រាល)៖ ក្រោយភ្លៀងខ្លាំង បងប្អូនអាចបាញ់ថ្នាំបង្ការប្រភេទផ្សិត ឬបាក់តេរី ដើម្បីកម្ចាត់មេរោគដែលទើបនឹងមកទុំលើស្លឹក។ សូមប្រឹក្សាជាមួយមន្ត្រីកសិកម្មឃុំអំពីជម្រើសក្នុងការប្រើប្រាស់ថ្នាំបានត្រឹមត្រូវតាមស្ថានភាពដីនៅតំបន់របស់បងប្អូន។
- សម្អាតចំការ៖ ប្រសិនបើឃើញមានដើម ឬស្លឹកណាដែលមានជំងឺ ត្រូវប្រញាប់កាត់ចោល ហើយយកទៅដុតបំផ្លាញនៅឆ្ងាយពីចំការ ដើម្បីកុំឱ្យភ្លៀងបន្តខ្ទាតមេរោគទាំងនោះទៅដើមផ្សេងទៀត។
ចំណាំ៖ ជៀសវាងការដើរក្នុងចំការ ឬបេះផ្លែឈើនៅពេលស្លឹកនៅសើម ព្រោះសកម្មភាពបងប្អូនអាចជួយចម្លងមេរោគពីដើមមួយទៅដើមមួយទៀតបានកាន់តែលឿន។
ដោយ៖ ចាន់ តារា
ប្រភព៖ World Economic Forum / AGROTICA / IRRI
