កុំប្រហែសតែដំណាំរលួយឫសខាតធ្ងន់មិនខាន

ការរលួយឫស (Root Rot) គឺជាបញ្ហាទូទៅនិងធ្ងន់ធ្ងរមួយនៅក្នុងវិស័យកសិកម្ម ដែលអាច​បណ្តាល​ឱ្យដំណាំទាំងមូលងាប់។ ជំងឺនេះមិនមែនបណ្តាលមកពីមូលហេតុតែមួយទេ តែជាការរួម​បញ្ចូល​គ្នារ​វាងកត្តាជីវសាស្រ្ត (មេរោគ) និង​កត្តាបរិស្ថាន (ដី)។

១. ហេតុអ្វីបានជាដំណាំរលួយឫស?

ការរលួយឫសកើតឡើងនៅពេលដែលបរិយាកាសនៅក្នុងដីខ្វះខាតអុកស៊ីហ្សែន ហើយមេរោគ​បង្ក​ជំងឺ​រីកសាយភាយ​ខ្លាំង​។

ក. ទឹកច្រើនលើសលប់

នេះជា​រឿង​សំខាន់ និង​ជាកត្តាបង្កចម្បងបំផុតមួយ​។ នៅពេលដីលិចទឹក ឬមានសំណើមខ្លាំង​រយៈ​ពេល​យូរ រន្ធខ្យល់ចេញ​ចូល​ក្នុងដីត្រូវបានបំពេញដោយទឹក ធ្វើឱ្យឫសខ្វះអុកស៊ីហ្សែន ហើយក៏​ជាំ​ទឹក។ កង្វះអុកស៊ីហ្សែនធ្វើឱ្យឫសចុះខ្សោយ និងងាយរងការវាយលុកពីមេរោគ។

ខ. មេរោគបង្កជំងឺ

នៅពេលឫសចុះខ្សោយដោយសារការខ្វះអុកស៊ីហ្សែន មេរោគផ្សិត ឬបាក់តេរីដែលមាននៅក្នុងដីនឹងវាយលុកយ៉ាងលឿន។ មេរោគសំខាន់ៗដែលបណ្តាលឱ្យរលួយឫសមានដូចជា Phytophthora, Pythium, និង Fusarium។

គ. ការបង្ហូរទឹកមិនល្អ

ប្រសិនបើដីចម្ការ​ជាប្រភេទដីឥដ្ឋច្រើន ឬដីបាតក្រោមមិនអាចជ្រាប​ទឹកបានល្អ ទឹកនឹងកកដក់នៅតំបន់ឫស ដែលបង្កបរិយាកាសងាយរលួយ។

ឃ. ដីមានមេរោគ

ការប្រើប្រាស់ដី ឬឧបករណ៍ដាំដុះដែលធ្លាប់មានមេរោគរលួយឫសពីមុនមក។

រោគសញ្ញាជាក់ស្តែង

  • ឫស៖ ប្រែជាពណ៌ត្នោត ខ្មៅ ឬទន់ មានក្លិនស្អុយ មិនដូចឫសធម្មតាដែលមានពណ៌ស និងរឹងមាំ។
  • ផ្នែកខាងលើនៃដំណាំ៖ ស្លឹកលឿង ក្រិន ស្វិត ដើមងាប់ដោយសារឫសមិនអាចស្រូបទឹក និងសារធាតុចិញ្ចឹមបាន។ ដំណាំមើលទៅដូចខ្វះទឹក ទោះបីដីសើមខ្លាំងក៏ដោយ។

២. វិធីការពារ និងព្យាបាលជំងឺរលួយឫស

ការដោះស្រាយបញ្ហារលួយឫសទាមទារនូវការអនុវត្តន៍ជាយុទ្ធសាស្រ្ត៖

ក. វិធានការបង្ការ

ការបង្ការដោយគ្រប់គ្រងបរិស្ថានដី គឺជាវិធីល្អបំផុត៖

  1. ការគ្រប់គ្រងទឹកឱ្យបានត្រឹមត្រូវ
    1. កុំស្រោចទឹកលើសលប់៖ ត្រូវពិនិត្យមើលសំណើមដីជានិច្ចមុននឹងស្រោចទឹកម្តងទៀត។
    1. ប្រើប្រព័ន្ធបង្ហូរទឹកល្អ៖ ធានាថារុក្ខជាតិដាំដុះនៅក្នុងដីដែលមានសមត្ថភាពបង្ហូរ ឬជ្រាប​ទឹកបានលឿន។ អាចបន្ថែមដីខ្សាច់ ឬសារធាតុសរីរាង្គ ដូចជាសំបកដូង ឬអង្កាម ដើម្បីធ្វើឱ្យដីធូរ​ងាយ​ស្រូប​ទឹក​។
  2. រៀបចំរងដាំខ្ពស់៖ សម្រាប់ដំណាំដែលងាយរលួយឫស ដូច​ជា​បន្លែ ត្រូវដាំនៅលើរងខ្ពស់ ដើម្បីជួយឱ្យទឹកហូរចេញបានល្អនៅរដូវភ្លៀង។
  3. អនាម័យឧបករណ៍៖ សម្អាត និងសម្លាប់មេរោគលើឧបករណ៍កាត់ ឬឧបករណ៍ដាំដុះទាំងអស់មុនពេលប្រើប្រាស់។

ខ. វិធានការព្យាបាល

នៅពេលដំណាំចាប់ផ្តើមមានរោគសញ្ញារលួយឫស យើង​អាចព្យាបាលបានដូចតទៅ៖

  1. កាត់បន្ថយ/បញ្ឈប់ការស្រោចទឹក៖ កុំស្រោចទឹក រហូតទាល់តែដីស្ងួតល្មម។
  2. កែលម្អការបង្ហូរទឹក៖ បើដីដាំក្នុងផើង ត្រូវផ្លាស់ប្តូរទៅដីថ្មី ឬផើងដែលមានរន្ធបង្ហូរទឹកធំជាងមុន។ បើដាំលើដីចម្ការ​ ត្រូវជីកផ្លូវ​បង្ហូរទឹកនៅជុំវិញរង។
  3. ប្រើថ្នាំសម្លាប់ផ្សិត៖
    1. ត្រូវប្រើថ្នាំសម្លាប់ផ្សិតដែលមានប្រសិទ្ធភាពចំពោះមេរោគ។ ប្រឹក្សា​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ​ដើម្បី​បានព័ត៌មាន​ច្បាស់​លាស់​ពី​ការ​​ប្រើ​ប្រាស់​ថ្នាំ​។​
    1. វិធីប្រើ៖ ត្រូវចាក់ថ្នាំចូលទៅក្នុងដី នៅជុំវិញតំបន់ឫស ដើម្បីឱ្យថ្នាំទៅដល់ឫសដែលកើតជំងឺ។
  4. កាត់ចោលផ្នែករងការខូចខាត (សម្រាប់រុក្ខជាតិមានតម្លៃ)៖ សម្រាប់រុក្ខជាតិដែលដាំក្នុងផើង ឬមានតម្លៃថ្លៃ យើង​អាចដកវាចេញពីដី កាត់ផ្តាច់ឫសដែលរលួយ (មានពណ៌ខ្មៅ/ត្នោត) ចេញ ហើយលាបថ្នាំសម្លាប់ផ្សិត រួចដាំឡើងវិញក្នុងដីថ្មី។

ចំណាំ៖ ការព្យាបាលជំងឺរលួយឫសច្រើនតែពិបាក និងមិនសូវបានផលល្អទេ ប្រសិនបើជំងឺបានរីករាលដាលខ្លាំងហើយ។ ការបង្ការតាមរយៈការគ្រប់គ្រងទឹក និងគុណភាពដី គឺជាគន្លឹះជោគជ័យ។

បងប្អូន​មាន​បទពិសោធលើ​រឿង​នេះ ចង់ចែក​រំលែកដល់បងប្អូនកសិករ​ផ្សេង​ទៀត កុំភ្លេច​ទាក់ទង​មក​កសិ/Kakse។​

ចែករំលែកដោយ៖ សែន តុលា
ប្រភព៖ Manitobapulse