ក្រៅពីសត្វអណ្តើកមាសដែលយើងបានស្គាល់ នៅមានកងទ័ពសម្ព័ន្ធមិត្ត៥ ប្រភេទទៀតដែលដើរតួយ៉ាងសំខាន់ក្នុងការយាមល្បាត និងកម្ចាត់សត្រូវបំផ្លាញដំណាំជូនបងប្អូនកសិករដោយមិនគិតកម្រៃ។ នេះគឺជាបញ្ជីឈ្មោះសត្វល្អិតមិត្តភក្តិកសិករ ៥ ប្រភេទ និងវិធីទាក់ទាញពួកវាឱ្យមករស់នៅក្នុងចម្ការយើង។
១. កណ្ដូបបុកស្រូវ
កណ្ដូបបុកស្រូវ (Praying Mantis)គឺជាអ្នកប្រមាញ់លំដាប់កំពូលក្នុងពិភពសត្វល្អិត។ វាមានភ្នែកមុតស្រួច និងដៃដែលរឹងមាំសម្រាប់ចាប់សត្រូវ។ វាស៊ីសត្វល្អិតស្ទើរគ្រប់ប្រភេទដែលយាយីដំណាំ រួមមាន កណ្តូប មេអំបៅយប់ រុយ និងសូម្បីតែដង្កូវធំៗ។
ពួកវាចូលចិត្តទីជម្រកដែលមានស្មៅខ្ពស់ៗ ឬគុម្ពោតព្រៃនៅជុំវិញរបងចម្ការ ដើម្បីលាក់ខ្លួនពួនស្ទាក់ចាប់ចំណី។ ការដាំដំណាំចម្រុះមុខ និងការមិនប្រើថ្នាំពុលគីមី នឹងធ្វើឱ្យពួកវារស់នៅបានយូរអង្វែង។

២. សត្វស្លាបសំណាញ់
សត្វស្លាបសំណាញ់ (Green Lacewings) ទោះបីជាសត្វពេញវ័យមើលទៅមានរាងតូចប៉ុន្តែដំណាក់កាលជាដង្កូវរបស់វាត្រូវបានគេប្រសិទ្ធនាមថាតោស៊ីចៃលើដំណាំ(Aphid Lions)។
ដង្កូវរបស់វាស៊ីចៃ (Aphids) បានរាប់រយក្បាលក្នុងមួយថ្ងៃៗ ព្រមទាំងស៊ីមមាច និងពងសត្វល្អិតចង្រៃផ្សេងៗទៀតផង។ ពួកវាចូលចិត្តផ្កាដែលមានទឹកដម និងលម្អងផ្កាច្រើន ដូចជា ផ្កាជីវ៉ាន់ស៊ុយ ផ្កាស្បៃរឿង និងផ្កាឈូករ័ត្ន។
៣. រុយសំកាំង
បងប្អូនប្រហែលជាធ្លាប់ឃើញសត្វម្យ៉ាងដែលមើលទៅដូចឃ្មុំ តែងហើរចុះឡើងនៅក្បែរផ្កា។ ពួកវាគេហៅថារុយសំកាំង(Hoverflies)។
ដូចសត្វស្លាបសំណាញ់ដែរ កូនចៅ (ដង្កូវ) របស់រុយសំកាំង គឺជាអ្នកកម្ចាត់ចៃដី និងចៃស្លឹកដ៏ពូកែ។ ចំណែកសត្វពេញវ័យ ជួយនាំលម្អងផ្កាឱ្យដំណាំបានយ៉ាងល្អ។ ដាំផ្កាដែលមានពណ៌លឿង ឬស (ដូចជា ផ្កាស្បៃរឿង ឬផ្កាស្ពៃ) នៅតាមចន្លោះរងបន្លែ ជួយទាក់ទាញពួកមានមករស់នៅ។

៤. ឱម៉ាល់ប៉ារ៉ាស៊ីត
កុំបារម្ភ! ឱម៉ាល់ប៉ារ៉ាស៊ីត (Parasitoid Wasps) តូចខ្លាំងណាស់ ហើយវាមិនចេះទិចមនុស្សឡើយ។ វាគឺជាអាវុធជីវសាស្ត្រដែលអង្គការ FAO និយមប្រើបំផុត។
វាជួយបញ្ឈប់ការរីករាលដាលនៃសត្រូវដំណាំ ដោយទៅពងដាក់ក្នុងខ្លួនដង្កូវ ឬកញ្ចែចង្រៃ ដូចជាកញ្ចែដូង។ នៅពេលកូនឱម៉ាល់ញាស់ វានឹងស៊ីសត្វចង្រៃនោះពីខាងក្នុង។ ពួកវាត្រូវការផ្កាតូចៗបំផុតដើម្បីបឺតជញ្ជក់ទឹកដម។ ការដាំ ជីនាងវង ជីរអង្កាម ឬស្លឹកគ្រៃ ឱ្យចេញផ្កា គឺជាការទាក់ទាញដ៏ល្អបំផុត។
៥. សត្វកន្ទុំរុយ
កន្ទុំរុយ(Dragonflies) ប្រៀបដូចជាយន្តហោះចម្បាំងក្នុងចម្ការ ដែលជួយការពារដំណាំកសិករពីសត្វល្អិតហើរលើអាកាស។
ពួកវាស៊ីមូស រុយ និងមេអំបៅដែលបំផ្លាញដំណាំ បានយ៉ាងលឿនបំផុតនៅលើអាកាស។ កន្ទុំរុយត្រូវការប្រភពទឹក។ ការមានស្រះទឹកតូចៗ ឬអាងទឹកដែលមានរុក្ខជាតិទឹក ដូចជា ត្រកួន ឬកំប្លោក នឹងទាក់ទាញពួកវាឱ្យមកពងកូន និងយាមល្បាតក្នុងចម្ការ។
កាលណាដី និងបរិស្ថានក្នុងចម្ការមានតុល្យភាព បងប្អូនមិនចាំបាច់ហត់បាញ់ថ្នាំគីមីច្រើនឡើយ ព្រោះមិត្តភក្តិទាំងនេះនឹងជួយយាមចម្ការជូនបងប្អូន ២៤ ម៉ោងលើ ២៤ ម៉ោង។
ដោយ៖ ចាន់ តារា
ប្រភព៖ University of Florida /Cornell / USDA
