ចៃលើដំណាំ មាឌល្អិតតែលក្ខណៈបំផ្លាញខ្លាំង

បងប្អូនកសិករដឹងទេថា ចៃលើដំណាំ (Aphid) គឺជាសត្វល្អិតដែលមានខ្លួនតូចល្អិតល្អិត​ប៉ុន្តែវាមានសមត្ថភាពបំផ្លាញស្រែចម្ការរបស់បងប្អូនឱ្យវិនាសបានក្នុងរយៈពេលដ៏ខ្លី ប្រសិនបើមិនមានវិធានការទប់ស្កាត់ទាន់ពេល។ ថ្ងៃនេះ កសិ សូមពន្យល់លម្អិតបន្ថែមអំពីសត្រូវដ៏ស្ងាត់ស្ងៀម​មួយ​នេះ និងវិធីសាស្ត្រការពារតាមបច្ចេកទេស​។

ផលប៉ះពាល់បដ៏សាហាវនៃចៃលើដំណាំ

យោងតាមការសិក្សារបស់ អង្គការ FAO និងស្ថាប័នការពារដំណាំអន្តរជាតិ ចៃបំផ្លាញដំណាំតាមរូបភាពធំៗចំនួន ៥៖

  • បឺតជញ្ជក់រុក្ខរស៖ ចៃប្រើមាត់ដែលមានរាងដូចម្ជុល ចាក់ទម្លុះសាច់ស្លឹក ឬត្រួយខ្ចី ដើម្បីបឺតយកអាហារដែលរុក្ខជាតិផលិតបាន។ វាធ្វើឱ្យរុក្ខជាតិខ្សោយ ក្រិន និងលូតលាស់យឺត។
  • បំផ្លាញរូបរាងស្លឹក៖ នៅពេលចៃបឺតរុក្ខរស វាក៏បញ្ចេញជាតិពុលម្យ៉ាងចូលក្នុងរុក្ខជាតិ ដែល​បណ្តាល​ឱ្យស្លឹកលឿង ស្វិត រួញ និងខូចទ្រង់ទ្រាយ។
  • ការបន្តពូជលឿនរហ័ស៖ ចៃញីអាចបង្កើតកូនដោយមិនបាច់បង្កាត់ពូជ (Parthenogenesis)។ ក្នុងរយៈពេលតែមួយសប្តាហ៍ ចៃពីរបីក្បាលអាចកើនឡើងដល់រាប់ពាន់ក្បាល។
  • ភ្នាក់ងារចម្លងវីរុស (គ្រោះថ្នាក់បំផុត)៖ ចៃគឺជាអ្នកនាំវីរុស។ វីរុសដែលចៃចម្លង (ដូចជាជំងឺស្លឹករួញលឿង) គ្មានថ្នាំព្យាបាលឡើយ។ បើដំណាំឆ្លងវីរុសហើយ បងប្អូនមានតែដកដុតចោលប៉ុណ្ណោះ។
  • បញ្ចេញទឹកផ្អែម (Honeydew)៖ កាកសំណល់ដែលចៃបញ្ចេញមកមានជាតិស្ករផ្អែម ដែលនាំឱ្យដុះ ផ្សិតខ្មៅលើស្លឹក។ ផ្សិតនេះបាំងពន្លឺថ្ងៃ ធ្វើឱ្យដំណាំមិនអាចធ្វើរស្មីសំយោគបាន។

មិត្តភក្តិអាថ៌កំបាំងរបស់ចៃគឺសត្វស្រមោច

បងប្អូនសង្កេតឃើញទេថា កន្លែងណាមានចៃ កន្លែងនោះមានស្រមោច? ស្រមោចចូលចិត្តស៊ីទឹកផ្អែមដែលចៃបញ្ចេញមក។ ជាថ្នូរមកវិញ ស្រមោចនឹងជួយការពារចៃពីសត្រូវធម្មជាតិ និងជួយជញ្ជូនចៃពីធាងមួយទៅធាងមួយទៀត។ ដូច្នេះ បើកម្ចាត់ចៃ ត្រូវកម្ចាត់ស្រមោចជាមួយគ្នាដែរ។

វិធីការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព

ដើម្បីគ្រប់គ្រងចៃឱ្យបានជោគជ័យ បងប្អូនគួរអនុវត្តតាមជំហានខាងក្រោម៖

ការតាមដាន និងអនាម័យ (វិធានការដំបូង)

  • ពិនិត្យក្រោមស្លឹក៖ ចៃចូលចិត្តលាក់ខ្លួននៅផ្នែកខាងក្រោមនៃស្លឹក និងតាមត្រួយខ្ចី។ ត្រូវពិនិត្យឱ្យបាន២ដងក្នុងមួយសប្តាហ៍។
  • សម្អាតដោយដៃ៖ បើឃើញមានតិចតួច ត្រូវបេះស្លឹកនោះចេញ រួចយកទៅដុតចោល ឬកប់ដីឱ្យឆ្ងាយពីចម្ការ។

ប្រើវិធីសាស្ត្រធម្មជាតិ (សុវត្ថិភាព និងសន្សំសំចៃ)

  • ទឹកខ្មេះធ្យូងជីវៈ (Wood Vinegar)៖ លាយក្នុងសមាមាត្រ ១:២០០ (ទឹកខ្មេះ ១ ភាគ ទឹក ២០០ ភាគ) បាញ់ឱ្យសព្វលើ និងក្រោមស្លឹក។ ក្លិនឆ្អេះនៃទឹកខ្មេះធ្យូងនឹងដេញចៃមិនឱ្យមកជិត។
  • ទឹកសាប៊ូកក់សក់៖ លាយសាប៊ូបន្តិចជាមួយទឹក រួចបាញ់ទៅលើចៃ។ សាប៊ូនឹងទៅរុំព័ទ្ធរន្ធដង្ហើមរបស់ចៃ ធ្វើឱ្យវាថប់ដង្ហើមងាប់។
  • លើកទឹកចិត្តសត្វល្អិតផ្តល់ផល៖ រក្សាវត្តមាន សត្វអណ្ដើក​មាស​ ឬកន្ទុំរុយ ព្រោះពួកវាជាសត្រូវធម្មជាតិដែលស៊ីចៃជាអាហារ។

ការប្រើថ្នាំគីមី (ជម្រើសចុងក្រោយ)

ប្រសិនបើការរាតត្បាតខ្លាំងហួសពីការគ្រប់គ្រង៖

  • ប្រើថ្នាំដែល​ណែនាំ​ដោយ​មន្ត្រី​ជំនាញ​។
  • ប្រយ័ត្ន៖ ត្រូវបាញ់នៅពេលព្រឹកព្រលឹម ឬពេលល្ងាចត្រជាក់ ដើម្បីកុំឱ្យប៉ះពាល់ដល់ឃ្មុំ និងសត្វល្អិតល្អៗ។
  • ចំណាំ៖ ថ្នាំគីមីសម្លាប់បានតែសត្វចៃទេ តែមិនអាចសម្លាប់មេរោគវីរុសដែលនៅក្នុងដើមដំណាំបានឡើយ។

ការប្រើជីអាសូត​ច្រើនពេក ធ្វើឱ្យស្លឹកដំណាំទន់ និងមានជាតិផ្អែម ដែលទាក់ទាញចៃឱ្យមកស៊ីកាន់តែច្រើន។ ដូច្នេះ ត្រូវប្រើជីឱ្យមានតុល្យភាពដើម្បីឱ្យដំណាំរឹងមាំ។

ដោយ៖ សែន តុលា
ប្រភព៖ FAO / UC IPM