ហេតុ​អ្វី​ត្រូវ​​តែង​មែក​​ឬ​​បេះ​​ស្លឹក​ដំណាំ​ចោល​ខ្លះ​?

បងប្អូនកសិករខ្លះប្រហែលជាធ្លាប់មានចម្ងល់ថា៖ «ទុកមែកឱ្យច្រើន មិនល្អជាងឬ? ចុះបើមែកច្រើន មិនមែនផ្លែច្រើនទេអី?» តាមពិតទៅ នៅក្នុងបច្ចេកទេសកសិកម្មទំនើប ការទុកមែកឱ្យដុះញ៉េរញ៉ៃនៅផ្នែកខាងក្រោម (កៀកដី) មិនត្រឹមតែមិនជួយឱ្យផ្លែច្រើនទេ តែថែមទាំងជាដើមហេតុធ្វើឱ្យដំណាំចុះខ្សោយ និងងាយរងការវាយប្រហារពីសត្រូវទៀតផង។ នេះគឺជាមូលហេតុសំខាន់ៗចំនួន ៤ និងអំណះអំណាងបច្ចេកទេសដែលបងប្អូនគួរដឹង។

១. កាត់បន្ថយជម្រកសត្វល្អិត និងជំងឺផ្សិត

មែក និងស្លឹកដែលដុះនៅកៀកដីពេក ងាយនឹងធ្វើឱ្យគល់ដំណាំហប់ខ្យល់​ និងមានសំណើមខ្ពស់ខ្លាំង។

យោងតាម អង្គការ FAO ការរក្សាលំហូរខ្យល់​នៅផ្នែកខាងក្រោមនៃដើមរុក្ខជាតិ គឺជាវិធីសាស្ត្រ​បង្ការជំងឺតាមបែបធម្មជាតិដ៏ពូកែបំផុត។ កាលណាគល់ស្រឡះ ពពួកចៃ (Aphids) និង ផ្សិត គ្មានកន្លែងកក់ក្ដៅសម្រាប់ពួន និងបង្កាត់ពូជឡើយ។

២. ការពារមេរោគឆ្លងពីដី

ដីគឺជាប្រភពនៃមេរោគជាច្រើនប្រភេទ ជាពិសេសផ្សិតដែលបង្កជំងឺរលួយគល់ និងជំងឺអង់ត្រាក់ណូស (Anthracnose)។

អ្នកជំនាញមកពី មជ្ឈមណ្ឌលបន្លែពិភពលោក (World Vegetable Center) ពន្យល់ថា នៅពេលភ្លៀងធ្លាក់ ឬស្រោចទឹក ដំណក់ទឹកនឹងខ្ទាតមេរោគពីក្នុងដីមកជាប់នឹងស្លឹកខាងក្រោម។ ការប្រលេះស្លឹកក្រោមចេញ គឺជាការកាត់ផ្ដាច់ស្ពាន​ដែលមេរោគអាចចម្លងឡើងមកលើដើមបានយ៉ាងមានប្រសិទ្ធភាព។

៣. ផ្ដោតសារធាតុចិញ្ចឹមទៅចិញ្ចឹម «មែកមេ»

រុក្ខជាតិមានថាមពលកំណត់។ បើវាត្រូវបែងចែកជាតិជីទៅចិញ្ចឹមមែកតូចតាចនៅខាងក្រោម វានឹងគ្មានកម្លាំងគ្រប់គ្រាន់ទៅចិញ្ចឹមផ្កា និងផ្លែឡើយ។

ការកាត់មែកដែលមិនផ្ដល់ផល​នឹង​ជួយឱ្យរុក្ខជាតិផ្ដោតអាហារទៅលើមែកមេ និងត្រួយខាងលើ។ លទ្ធផលគឺ ដើមធំមាំ ផ្កាច្រើន និងកាន់​ផ្លែបានល្អ​មិនងាយជ្រុះ។

៤. ងាយស្រួលដាក់ជី និងថែទាំ

នៅពេលគល់ស្រឡះ បងប្អូនងាយស្រួលពិនិត្យមើលសុខភាពឫស និងគល់។ ជាពិសេស ពេលបងប្អូនដាក់ជី (ជីកំប៉ុស្ត៍ ឬជីទឹក) សារធាតុចិញ្ចឹមនឹងទៅដល់គោលដៅភ្លាមៗ ដោយមិនបារម្ភរឿងជីទៅចិញ្ចឹមមែកដែលមិនចាំបាច់ ឬស្មៅដែលដុះលាក់ខ្លួនឡើយ។

បច្ចេកទេសអនុវត្តជាក់ស្ដែង

អ្នកជំនាញកសិកម្មណែនាំឱ្យបងប្អូនប្រលេះមែក និងស្លឹកដែលដុះនៅក្រោម «មែកជើងក្អែក» (មែកដែលបែកជាតួ V ទីមួយ) ចេញឱ្យអស់។

គួរជ្រើសរើសការប្រលេះមែកនៅ​ពេលព្រឹកដែលមេឃស្រឡះ ដើម្បីឱ្យមុខរបួសឆាប់ស្ងួត ការពារការឆ្លងមេរោគតាមមុខកាត់។ ចៀសវាងការកាត់ ឬប្រលេះមែកនៅពេលមេឃកំពុងភ្លៀង ឬមានសំណើមខ្លាំង។ ការយល់ដឹងពីបច្ចេកទេសតូចៗទាំងនេះ នឹងជួយឱ្យបងប្អូនចំណេញទាំងជី ចំណេញទាំងកម្លាំងពលកម្ម និងទទួលបានទិន្នផលខ្ពស់ជាងមុន។

ដោយ៖ ចាន់ តារា
ប្រភព៖ Agriculture Institute / FAO