More

    តួនាទី​និង​សារៈ​សំខាន់​នៃ​ឫស​ចំពោះ​ដំណាំ​

    ឫសប្រៀបដូច​ជាម៉ាស៊ីនដែលរុញច្រានការលូតលាស់របស់ដំណាំ​ទាំងមូល។ ប្រសិនបើឫសមិនរឹងមាំ ទោះបងប្អូនដាក់ជី ឬស្រោចទឹកច្រើនយ៉ាងណាក៏ដោយ ក៏ដំណាំមិនអាចទទួលបានផលល្អដែរ។

    អត្ថបទនេះ​នឹង​ពន្យល់​លម្អិតអំពីតួនាទី​របស់ឫសដំណាំ និងសារៈសំខាន់នៃអុកស៊ីសែនសម្រាប់ឫសដំណាំ។

    ១. តួនាទី និងសារៈសំខាន់នៃឫសចំពោះដំណាំ

    យោងតាម អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) ឫសបំពេញតួនាទីសំខាន់ៗចំនួន ៤៖

    • ការទប់លំនឹង៖ ឫសជួយឱ្យដើមរុក្ខជាតិឈរត្រង់ និងធន់នឹងខ្យល់បក់បោក។
    • ការបឺតស្រូប៖ ឫសជាច្រកផ្លូវតែមួយគត់សម្រាប់ស្រូបយកទឹក និងសារធាតុចិញ្ចឹមពីដី។
    • ឃ្លាំងអាហារ៖ ឫសរក្សាទុកថាមពល (ស្ករ) ដែលបានមកពីការធ្វើរស្មីសំយោគពីស្លឹក ដើម្បីប្រើប្រាស់នៅពេលចាំបាច់។
    • ការផលិតអ័រម៉ូន៖ ឫសផលិតអ័រម៉ូនសំខាន់ៗដែលបញ្ជាឱ្យដើម និងស្លឹកលូតលាស់​។

    ២. ហេតុអ្វីបានជាឫសត្រូវការអុកស៊ីសែន?

    បងប្អូនប្រហែលជាដឹងថា ស្លឹកត្រូវការឧស្ម័នកាបូនិចដើម្បីផលិតអាហារ ប៉ុន្តែឫសត្រូវការអុកស៊ីសែនដើម្បីដកដង្ហើម។

    ឫសត្រូវការថាមពលដើម្បីបឺតស្រូប​សារធាតុចិញ្ចឹមពីដី។ បើគ្មានអុកស៊ីសែន ឫសគ្មានកម្លាំងបូមជីឡើយ។ ដូចគ្នា​ដែរ​ កោសិកាឫសថ្មីៗមិនអាចកើតឡើងបានទេ បើគ្មានការដកដង្ហើម។មួយ​វិញទៀត​ អុកស៊ីសែនជួយបំប្លែងជាតិពុលមួយចំនួនក្នុងដី មិនឱ្យចូលទៅបំផ្លាញកោសិកាឫស។

    ៣. ផលវិបាកនៅពេលឫសខ្វះអុកស៊ីសែន

    នៅពេលដីដក់ទឹកខ្លាំង ឬដីណែនខ្លាំង​អុកស៊ីសែនក្នុង​ដី​នឹង​ខ្វះ​ខាត​ ដែលបណ្តាលឱ្យ៖

    1. ឫសឈប់លូតលាស់៖ ចុងឫសចាប់ផ្តើមងាប់ ធ្វើឱ្យដំណាំក្រិន។
    2. ការបឺតស្រូបជីធ្លាក់ចុះ៖ ស្លឹកចាប់ផ្តើមលឿង ទោះបីជាបងប្អូនទើបតែបាចជីរួចក៏ដោយ។
    3. ការកកើតមេរោគ៖ បាក់តេរីដែលមិនត្រូវការអុកស៊ីសែននឹងកើតឡើង ហើយបញ្ចេញសារធាតុពុលដូចជាឧស្ម័នមេតាន ដែលធ្វើឱ្យឫសរលួយ និងមានក្លិនស្អុយ។

    ៤. គន្លឹះថែទាំឫសដំណាំកុំឱ្យមានជំងឺ

    យោងតាមការណែនាំពី USDA បងប្អូនគួរអនុវត្តដូចខាងក្រោម៖

    • រៀបចំប្រព័ន្ធរំដោះទឹក៖ កុំឱ្យទឹកដក់លើរង ឬក្នុងស្រែលើសពី២៤ម៉ោង (លើកលែងតែស្រូវ)។
    • ប្រើជីសរីរាង្គ និងកំប៉ុស្ត៖ ជួយឱ្យដីធូរ មានរន្ធខ្យល់ច្រើន ងាយស្រួលឱ្យឫសដកដង្ហើម។
    • ការប្រើប្រាស់ទ្រីកូដឺម៉ា (Trichoderma)៖ បាញ់ ឬស្រោចផ្សិតមានប្រយោជន៍នេះ ដើម្បីការពារ និងកម្ចាត់ផ្សិតអាក្រក់ដែលបង្កឱ្យរលួយឫស។
    • ការពារ​ដីកុំឲ្យ​រឹងខះ ៖ កុំដើរជាន់ ឬបើកបរគ្រឿងចក្រធ្ងន់ៗក្បែរគល់ដំណាំ ដែលធ្វើឱ្យដីហាប់ណែន បិទរន្ធខ្យល់។

    សាកលវិទ្យាល័យ Purdue បញ្ជាក់ថា ការស្រោចទឹកច្រើនពេក​(ជាំទឹក)គឺជាមូលហេតុចម្បងដែលសម្លាប់រុក្ខជាតិ មិនមែនដោយសារទឹកទេ គឺដោយសាររុក្ខជាតិថប់ដង្ហើមងាប់ព្រោះទឹកដេញអុកស៊ីសែនចេញពីដីអស់។

    សម្រាប់ស្ថានប័ន Frontiers in Plant Science បង្ហាញថា ការបង្កើនកម្រិតអុកស៊ីសែនក្នុងដី អាចជួយបង្កើនទិន្នផលបានរហូតដល់ ១៥% ទៅ ២០%។

    ហេតុ​នេះ ឫសដែលដកដង្ហើមបានស្រួល គឺជាឫសដែលមានសុខភាពល្អ។ ការថែទាំដីឱ្យមានរន្ធខ្យល់ និងការបង្ហូរទឹកឱ្យបានល្អ គឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យនៃកសិកម្ម។

    ដោយ៖ ចាន់ តារា
    ប្រភព៖ Farm Advisory Service /FAO / USDA