More

    ចង់ដាំម្ទេសបើមិន​យល់ចំណុចទាំងនេះទេ ដឹងតែមិនបានផល

    ថ្វីបើការដាំដុះម្ទេស ហាក់មានសភាពងាយស្រួល និង​មាន​ភាពសម្បូរបែបនៃគ្រាប់ពូជក៏​ដោយ ក៏​ការដាំជាក់ស្ដែងទាមទារការយកចិត្តទុកដាក់ថែទាំដើម្បីបានផលល្អ។

    ម្ទេស ដូចជារុក្ខជាតិផ្សេងទៀតដែរ ទាមទារកត្តាអំណោយផលមួយចំនួន ដើម្បីលូតលាស់បានល្អ។ យ៉ាងនេះក្ដី ក៏មានកត្តាផ្សេងៗមួយចំនួន ដែលនាំឲ្យ​ម្ទេសលូតលាស់មិនល្អ​ផងដែរ។​

    ខាងក្រោមជាកត្តាសំខាន់ៗមួយចំនួនដែលនាំឲ្យការដាំដុះម្ទេសមិនសូវបានល្អ។​

    - Advertisement -

    កត្តាដី៖ ការដាំដុះម្ទេសដែលលូតលាស់បានល្អ ត្រូវការដីដែលមានជីរជាតិ និងសម្បូរសារជាតិចិញ្ចឹមច្រើន។ ផ្ទុយទៅវិញ ដីស្ងួត និងរេចរិល បង្កការលំបាកដល់ការលូតលាស់របស់ម្ទេស។

    កត្តាទឹក៖ ថ្វីបើម្ទេស ត្រូវការទឹកដូចរុក្ខជាតិដទៃ តែ​បើទឹកច្រើនពេក ក៏មិនល្អសម្រាប់ការលូតលាស់របស់ម្ទេសផងដែរ។ នេះក៏ដោយសារម្ទេសជាប្រភេទរុក្ខជាតិត្រូវការបរិមាណទឹកមធ្យមសមរម្យ មិនតិចពេក ហើយក៏មិនច្រើនពេក។ ទឹកច្រើនពេកធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ម្ទេស ជាពិសេសសុខភាពឫសរបស់រុក្ខជាតិនេះតែម្ដង ដែលអាចបណ្ដាល​ឲ្យ​ងាប់​តែម្ដង។

    កត្តាកម្តៅ៖ ម្ទេស គឺជាប្រភេទរុក្ខជាតិដែលត្រូវការកម្តៅ និងពន្លឺថ្ងៃច្រើនដើម្បីលូតលាស់ប្រសើរ។ ការខ្វះពន្លឺថ្ងៃ និងកម្តៅគ្រប់គ្រាន់មិនល្អទេសម្រាប់ម្ទេស។

    កត្តាជំងឺ៖ ការថែទាំ គឺជាវិធីប្រសើរតែមួយគត់ ក្នុងការឆ្លើយតបបញ្ហានេះ ដោយម្ទេសងាយរងជំងឺ ដោយមេរោគ និងបាតេរីផ្សេងៗ។ កង្វះការថែទាំ ធ្វើឲ្យ​ម្ទេសលូតមិនល្អ ងាយស្វិត ស្រពោន ហើយមិនបានផលល្អ។ ដូច្នេះការតាមដានពិនិត្យការលូតលាស់ម្ទេស ការដាក់ជី និងអាហារបំប៉ន ជួយដោះស្រាយបញ្ហាប្រឈមមួយនេះ ធ្វើឲ្យម្ទេសលូតបានល្អ និងបានផលច្រើន។  

    កត្តាសំខាន់ៗខាងលើ គឺបញ្ហាប្រឈមពាក់ព័ន្ធមួយចំនួន ដែលជួយអ្នកដាំដុះអាចគិតគូរពិចារណា រួចដាក់ចេញនូវវិធីផ្សេងៗដើម្បីដោះស្រាយ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់នៃកត្តាមិនល្អទាំងនេះ ទៅលើម្ទេសដែលខ្លួនកំពុងដាំ។  បើ​បង​ប្អូន​ចង់ចែក​រំលែក​បទពិសោធ​អំពីការ​ដាំម្ទេស​ កុំ​ភ្លេច​ទាក់ទង​មក​ក្រុម​ការងារកសិ/Kakse តាម​រយៈប្រអប់សាររបស់​​ហ្វេ​សប៊ុក​​។​​

    ចែករំលែកដោយ៖ សែន តុលា
    ប្រភព៖ AmericanFarm