តើពណ៌ដីអាចប្រាប់យើងអ្វីខ្លះអំពីសុខភាពដី?

តើបងប្អូនកសិករធ្លាប់សង្កេតឃើញទេថា ដីក្នុងចម្ការ ឬស្រែរបស់យើងមានពណ៌ខុសៗគ្នា ដូចជា ពណ៌ស្រាល ពណ៌ត្នោតស្រាល ពណ៌ត្នោតចាស់ និងពណ៌ខ្មៅ? តើពណ៌ទាំងនេះអាចប្រាប់យើងអំពីគុណភាពដីបានយ៉ាងដូចម្តេច?

ជាការពិត ពណ៌ដីជាសញ្ញាមួយដែលអាចជួយឱ្យយើងសង្កេតមើលសុខភាពដី ដូចជា បរិមាណសារធាតុសរីរាង្គ សមត្ថភាពរក្សាទឹក ការបង្ហូរទឹក និងសារធាតុរ៉ែដែលមានក្នុងដី។ ប៉ុន្តែ ពណ៌ដីតែមួយមុខមិនអាចបញ្ជាក់ថា ដីមានជីជាតិខ្ពស់ ឬទាបបានទេ។

១. ដីមានពណ៌ស្រាលខ្លាំង

ដីដែលមានពណ៌ស្រាលអាចមានសារធាតុសរីរាង្គតិច ជាពិសេសដីខ្សាច់ ឬដីដែលត្រូវទឹកហូរនាំសារធាតុចិញ្ចឹមចេញច្រើន។ ដីប្រភេទនេះក៏អាចរក្សាទឹកបានតិច អាស្រ័យលើលក្ខណៈដី។

វិធីកែលម្អ៖ គួរបន្ថែមជីលាមកសត្វដែលពុកផុយល្អ ជីកំប៉ុស និងសម្ភារៈសរីរាង្គសម្រាប់គ្របដី។ ប្រសិនបើអាច គួរធ្វើតេស្តដី ដើម្បីដឹងពីសារធាតុចិញ្ចឹមដែលដំណាំត្រូវការ។

២. ដីមានពណ៌ត្នោតស្រាល

ពណ៌នេះអាចបង្ហាញពីកម្រិតសារធាតុសរីរាង្គមធ្យម ឬវត្តមានសារធាតុរ៉ែដែកនៅក្នុងដី។ ទោះជាយ៉ាងណា លក្ខណៈដីក៏អាស្រ័យលើប្រភពកំណើតដី សាច់ដី និងសមត្ថភាពបង្ហូរទឹកផងដែរ។

វិធីថែទាំ៖ រក្សាសារធាតុសរីរាង្គក្នុងដី កុំភ្ជួររាស់ដីខ្លាំងពេកបើមិនចាំបាច់ និងតាមដានសំណើមដីឱ្យសមស្រប។

៣. ដីមានពណ៌ត្នោតចាស់

ជាទូទៅ ដីពណ៌ត្នោតចាស់អាចមានសារធាតុសរីរាង្គច្រើនជាងដីពណ៌ស្រាល ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់នោះទេ។ សារធាតុសរីរាង្គជួយធ្វើឱ្យដីមានរចនាសម្ព័ន្ធល្អ ជួយឱ្យសារធាតុចិញ្ចឹមវិលជុំក្នុងដី និងជួយដល់ការរស់នៅរបស់មីក្រូសារពាង្គកាយដែលមានប្រយោជន៍។

វិធីថែទាំ៖ បន្តបន្ថែមសារធាតុសរីរាង្គដែលសមស្រប និងរក្សារចនាសម្ព័ន្ធដីឱ្យល្អ ដើម្បីឱ្យឫសរុក្ខជាតិអាចលូតលាស់បានល្អ។

៤. ដីមានពណ៌ខ្មៅ ឬ​ត្នោត​ចាស់

ដីពណ៌ខ្មៅអាចមានសារធាតុសរីរាង្គច្រើន ជាពិសេសនៅតំបន់ខ្លះៗ។ ប៉ុន្តែ ពណ៌ខ្មៅក៏អាច​បណ្តាល​មកពីសារធាតុរ៉ែ ឬលក្ខខណ្ឌដីផ្សេងទៀតដែរ។

វិធីថែទាំ៖ ត្រូវរក្សាតុល្យភាពសារធាតុចិញ្ចឹម គ្រប់គ្រងការបង្ហូរទឹក និងជួយឱ្យមីក្រូសារពាង្គកាយក្នុងដីមានសកម្មភាពល្អ។ សូមកុំសន្និដ្ឋានថា ដីពណ៌ខ្មៅមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ដំណាំគ្រប់ប្រភេទ។

ហេតុអ្វីបានជាសុខភាពដីមានសារៈសំខាន់?

ដីដែលមានសុខភាពល្អជួយឱ្យឫសរុក្ខជាតិលូតលាស់បានល្អ រក្សាសំណើមបានសមស្រប ប្រើប្រាស់សារធាតុចិញ្ចឹមបានមានប្រសិទ្ធភាព និងជួយដល់សកម្មភាពរបស់មីក្រូសារពាង្គកាយដែលមានប្រយោជន៍។ កត្តាទាំងនេះរួមចំណែកដល់ការលូតលាស់របស់ដំណាំ និងផលិតភាពកសិកម្មក្នុងរយៈពេលវែង។

ដើម្បីកែលម្អសុខភាពដី បងប្អូនកសិករគួរប្រើជីលាមកសត្វដែលពុកផុយល្អ ឬជីកំប៉ុសតាមតម្រូវការដី គ្របដីដោយសម្ភារៈសរីរាង្គសមស្រប ការពារការហូរច្រោះដី និងការបង្ហាប់ដីខ្លាំងពេក ព្រមទាំងគ្រប់គ្រងសំណើម និងការបង្ហូរទឹកឱ្យបានល្អ។

ចំណុចសំខាន់មួយទៀត គឺគួរធ្វើតេស្តដីជាប្រចាំ ដើម្បីដឹងពីកម្រិតអាស៊ីត-បាស (pH) បរិមាណកាបូនសរីរាង្គ និងសារធាតុចិញ្ចឹមដែលមានសម្រាប់ដំណាំ។

សូមចងចាំ ដីមានពណ៌ខ្មៅចាស់​ មិនមានន័យថាដីមានជីជាតិល្អជានិច្ចនោះទេ។ យើងត្រូវពិនិត្យ​លក្ខណៈសាច់ដី កម្រិត pH ការបង្ហូរទឹក និងសារធាតុចិញ្ចឹមផ្សេងៗរួមគ្នា។

ដូច្នេះ បងប្អូនកសិករគួរចាប់ផ្តើមពីការសង្កេតមើលដី ធ្វើតេស្តដីនៅពេលអាចធ្វើបាន និងកែលម្អដីតាមតម្រូវការជាក់ស្តែង ដើម្បីរក្សាដីឱ្យមានសុខភាពល្អ និងបង្កើនផលិតភាពកសិកម្មបានយូរអង្វែង។ សង្កេតមើលដី ធ្វើតេស្តដី និងថែរក្សាដីឱ្យបានត្រឹមត្រូវ៕

ដោយ៖ ចាន់ តារា
ប្រភព៖ Gulab orchard shilaroo