ពីងពាងក្រហម គឺជាសត្វល្អិតខ្នាតតូចបំផុត ប៉ុន្តែការបំផ្លាញរបស់វាអាចក្លាយជាបញ្ហាធ្ងន់ធ្ងរមុនពេលដែលយើងអាចកត់សម្គាល់វាបានទាន់ពេលវេលា។ ពួកវាស៊ីចំណីដោយការទម្លុះកោសិកាដំណាំ និងបឺតយកសារធាតុចិញ្ចឹមខាងក្នុងចេញ ដែលធ្វើឱ្យសមត្ថភាពរបស់ដើមប៉េងប៉ោះក្នុងការធ្វើរស្មីសំយោគ និងលូតលាស់ជាប្រក្រតីមានការថយចុះយ៉ាងខ្លាំង។

១. រោគសញ្ញាទូទៅនៃការបំផ្លាញដោយពីងពាងក្រហម
- ស្លឹកមានពណ៌លឿង ឬមានស្នាមអុចៗ៖ ស្នាមអុចពណ៌លឿង ឬសតូចៗលេចឡើងនៅលើស្លឹកបណ្តាលមកពីការស៊ីបំផ្លាញ។ នៅពេលដែលការរាតត្បាតកើនឡើង ស្លឹកអាចប្រែជាស្លេក ឬលឿង។
- មានសំណាញ់ល្អិតៗ៖ ការរាតត្បាតខ្លាំងរបស់ពីងពាងអាចបង្កើតជាសំណាញ់ល្អិតៗនៅផ្ទៃខាងក្រោមស្លឹក រវាងស្លឹក និងជុំវិញត្រួយខ្ចី។
- គែមស្លឹកស្ងួត និងពណ៌ត្នោត៖ ស្លឹកដែលរងការខូចខាតខ្លាំងអាចមានគែមស្ងួតពណ៌ត្នោត ហើយចុងក្រោយរួញ ឬជ្រុះធ្លាក់ចុះ។
- ការលូតលាស់ថ្មីមានភាពយឺតយ៉ាវ៖ ស្លឹកខ្ចីអាចនៅតែតូច ខូចទ្រង់ទ្រាយ ឬរួញ ហើយការលូតលាស់របស់ដំណាំធ្លាក់ចុះយ៉ាងខ្លាំង។
- ស្លឹកប្រែជាពណ៌ប្រាក់៖ ការស៊ីបំផ្លាញជាបន្តបន្ទាប់អាចធ្វើឱ្យស្លឹកវិវត្តទៅជាមានពណ៌ប្រាក់ ពណ៌ស្ពាន់ ឬមើលទៅមានសភាពស្ងួតស្រអាប់។
២. ហេតុអ្វីបានជាចំនួនពីងពាងក្រហមកើនឡើងយ៉ាងលឿន?
ចំនួនពីងពាងក្រហមអាចកើនឡើងយ៉ាងឆាប់រហ័សក្នុងលក្ខខណ្ឌអាកាសធាតុក្តៅ ស្ងួត និងមានធូលីដីច្រើន។ លើសពីនេះ ដំណាំដែលខ្វះទឹក ឬជួបប្រទះភាពតានតឹង ក៏កាន់តែងាយរងគ្រោះថ្នាក់ខ្លាំងពីការបំផ្លាញនេះផងដែរ។

៣. វិធានការដែលកសិករត្រូវអនុវត្ត
- ដើរពិនិត្យផ្ទៃខាងក្រោមស្លឹក និងត្រួយខ្ចីឱ្យបានទៀងទាត់។
- រកចៃតូចៗដែលកំពុងចល័ត ពងរបស់វា និងសំណាញ់ល្អិតៗ។
- រក្សាសំណើមដី និងការស្រោចស្រពឱ្យបានត្រឹមត្រូវដើម្បីជៀសវាងភាពតានតឹងដល់ដំណាំ។
- សម្អាតចម្ការកុំឱ្យមានធូលីដីហប់ខ្លាំង និងបោសសម្អាតស្មៅដែលជាជម្រករបស់សត្វល្អិត។
- លើកទឹកចិត្តដល់ការអភិរក្សសត្វល្អិតជាសត្រូវធម្មជាតិ ដូចជាអណ្តើកមាស ឬពីងពាងមានប្រយោជន៍ដទៃទៀត។
- ប្រសិនបើចាំបាច់ត្រូវប្រើប្រាស់ថ្នាំគីមី ត្រូវកំណត់អត្តសញ្ញាណប្រភេទពីងពាង និងប្រើប្រាស់ថ្នាំដែលបានចុះបញ្ជីការត្រឹមត្រូវដោយគោរពតាមការណែនាំលើស្លាកសញ្ញាឱ្យបានត្រឹមត្រូវ។ គួរចៀសវាងការប្រើថ្នាំមុខតែមួយដដែលៗ ដើម្បីកាត់បន្ថយភាពធន់របស់ចៃ។ សូមប្រឹក្សាជាមួយមន្ត្រីកសិកម្មឃុំដើម្បីបានព័ត៌មានច្បាស់លាស់។
- ចៀសវាងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតទូទៅ ញឹកញាប់ពេកដោយគ្មានការចាំបាច់ ព្រោះវាអាចបំផ្លាញសត្រូវធម្មជាតិ ហើយថែមទាំងធ្វើឱ្យបញ្ហាចៃ ឬពីងពាងកាន់តែធ្ងន់ធ្ងរឡើង។
មិនមែនរាល់ស្លឹកប៉េងប៉ោះដែលលឿង ឬរួញសុទ្ធតែបង្កឡើងដោយចៃ ឬពីងពាងនោះទេ។ កង្វះសារធាតុចិញ្ចឹម ជំងឺបង្កដោយវីរុស ភាពតានតឹងពីបរិស្ថាន និងសត្វល្អិតដទៃទៀត ក៏អាចបង្កើតរោគសញ្ញាស្រដៀងគ្នានេះដែរ។ ដូច្នេះ ត្រូវផ្ទៀងផ្ទាត់រកមូលហេតុឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តបាញ់ថ្នាំ៕
ដោយ៖ ចាន់ តារា
ប្រភព៖ Gulab orchard shilaroo / FAO
