ការ​ជ្រើស​រើស​ទីតាំង​និង​របៀប​នៃ​ការ​ជីក​ស្រះ​ចិញ្ចឹម​ត្រី​

ការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ និងលក្ខណៈពាណិជ្ជកម្មខ្នាតតូច មានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាព បង្កើតប្រាក់ចំណូលបន្ថែម និងធានាសន្តិសុខស្បៀងអាហារ ដោយផ្តល់នូវប្រូតេអ៊ីនប្រកបដោយគុណភាពខ្ពស់សម្រាប់គ្រួសារ និងសហគមន៍។ លើសពីនេះ ការអភិវឌ្ឍវារីវប្បកម្មបានជួយកាត់បន្ថយសម្ពាធយ៉ាងខ្លាំងលើការនេសាទត្រីពីធម្មជាតិ។

ដើម្បីទទួលបានជោគជ័យ និងទទួលបានទិន្នផលខ្ពស់ក្នុងការចិញ្ចឹមត្រី ជំហានដំបូង និងជាគ្រឹះដ៏សំខាន់បំផុត គឺការជ្រើសរើសទីតាំងឱ្យបានត្រឹមត្រូវ និងការជីកស្រះស្របតាមលក្ខណៈបច្ចេកទេស។ ស្រះដែលស្ថាបនាបានត្រឹមត្រូវ នឹងជួយសម្រួលដល់ការគ្រប់គ្រងទឹក ការផ្តល់ចំណី ការការពារជំងឺ និងការប្រមូលផលត្រីបានយ៉ាងងាយស្រួល។

១. ការជ្រើសរើសទីតាំងសម្រាប់ជីកស្រះចិញ្ចឹមត្រី

មុននឹងសម្រេចចិត្តជីកស្រះ កសិករត្រូវសិក្សា និងពិចារណាលើកត្តាសំខាន់ៗចំនួន ៣ ដូចខាងក្រោម៖

ប្រភពទឹក និងគុណភាពទឹក

ទឹកគឺជាកត្តាជីវិតចម្បងសម្រាប់ត្រី។ ទីតាំងស្រះត្រូវតែមានប្រភពទឹកគ្រប់គ្រាន់ និងមានគុណភាពល្អ៖

  • ប្រភពទឹក៖ អាចជាទឹកភ្លៀង ទឹកប្រឡាយ ស្ទឹង ទន្លេ បឹងបួរ ឬទឹកអណ្តូង/ទឹកផុសក្រោមដី។
  • គុណភាពទឹក៖ ត្រូវតែជាទឹកស្អាត គ្មានជាតិពុល គ្មានថ្នាំសម្លាប់សត្វល្អិត ឬកាកសំណល់គីមីកសិកម្ម និងគ្មានការបំពុលដោយជាតិកខ្វក់ផ្សេងៗ។
  • បរិមាណទឹក៖ ត្រូវមានប្រភពទឹកដែលអាចផ្គត់ផ្គង់ និងរក្សាកម្រិតទឹកក្នុងស្រះបានពេញមួយរដូវចិញ្ចឹម (យ៉ាងហោចណាស់ ៦ ទៅ ៨ ខែ)។

ប្រភេទដី និងលក្ខណៈសម្បត្តិដី

ប្រភេទដីមានឥទ្ធិពលផ្ទាល់ទៅលើសមត្ថភាពរក្សាទឹករបស់ស្រះ៖

  • ដីដែលស័ក្តិសមបំផុត៖ គឺ ដីឥដ្ឋ ឬ ល្បាយដីឥដ្ឋ ព្រោះវាមានសាច់ដីហាប់ រអិល និងអាចរក្សាទឹកបានល្អបំផុត មិនជ្រាបទឹកចេញលឿនឡើយ។
  • ដីដែលត្រូវចៀសវាង៖ ដីខ្សាច់ ឬដីល្បាយខ្សាច់ច្រើន ព្រោះដីប្រភេទនេះជោរទឹក និងជ្រាបទឹកបាត់អស់យ៉ាងលឿន។

វិធីសាស្ត្រតេស្តដីដោយដៃ

យកដីជម្រៅប្រហែល ០,៥ – ១ ម៉ែត្រ មកលាយទឹកបន្តិច រួចច្របាច់ផ្កាប់ជារាងមូលដូចបាល់​។ ប្រសិនបើដីនោះអាចក្តាប់ណែនជាប់គ្នាបានល្អ មិនបែករុះរោយទេ មានន័យថាដីនោះមានជាតិដីឥដ្ឋច្រើន និងល្អសម្រាប់ការជីកស្រះ។

ស្ថានភាពភូមិសាស្ត្រ និងទីតាំងស្រះ

  • ទីតាំងជិតផ្ទះ៖ គួរជីកស្រះនៅជិតផ្ទះដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ផ្តល់ចំណី តាមដានសុខភាពត្រី និងការពារសុវត្ថិភាពពីការលួច ឬសត្វស៊ីត្រី។
  • ទីវាលស្រឡះ៖ ស្រះគួរស្ថិតនៅទីវាល ទទួលបានពន្លឺថ្ងៃគ្រប់គ្រាន់ (យ៉ាងហោចណាស់ ៦-៨ ម៉ោងក្នុងមួយថ្ងៃ) ដើម្បីជួយដល់ការបង្កើតប្លង់តុង និងអុកស៊ីសែនក្នុងទឹក​។
  • ចៀសវាងដើមឈើធំៗជុំវិញស្រះ៖ ព្រោះស្លឹកឈើជ្រុះចូលស្រះ នឹងធ្វើឱ្យស្អុយទឹក ថែមទាំងបាំងពន្លឺថ្ងៃទៀតផង។
  • សុវត្ថិភាពពីទឹកជំនន់៖ ជ្រើសរើសទីតាំងទំនាបល្មមដែលមិនលិចដោយ​ទឹកជំនន់ ឬប្រសិនបើតំបន់នោះមានទឹកជំនន់ ត្រូវលើកភ្លឺស្រះឱ្យខ្ពស់ផុតពីកម្រិតទឹកជំនន់អតិបរមា​។

២. របៀប និងលក្ខណៈបច្ចេកទេសនៃការជីកស្រះ

រូបរាង និងទំហំស្រះ

  • រូបរាង៖ ស្រះដែលល្អបំផុតគួរមាន រាងបួនជ្រុងទ្រវែង ព្រោះងាយស្រួលក្នុងការគ្រប់គ្រង ការបោះចំណី និងការបកអួន ឬអូសយកត្រី។
  • ទំហំស្រះ៖ សម្រាប់ការចិញ្ចឹមលក្ខណៈគ្រួសារ ទំហំស្រះដែលសមស្របគឺចាប់ពី ១០០ ម៉ែត្រការេ (១០m x ១០m) ដល់ ៥០០ ម៉ែត្រការេ ឬធំជាងនេះតាមលទ្ធភាព និងពលកម្ម​។

ជម្រៅ និងកម្រិតទឹកក្នុងស្រះ

  • ជម្រៅស្រះសរុប៖ គួរជីកជម្រៅចាប់ពី ១,៥ ម៉ែត្រ ទៅ ២ ម៉ែត្រ។
  • កម្រិតទឹកចិញ្ចឹម៖ ត្រូវរក្សាកម្រិតជម្រៅទឹកឱ្យបានចាប់ពី ១,២ ម៉ែត្រ ទៅ ១,៥ ម៉ែត្រ។ កម្រិតទឹកនេះជួយរក្សាសីតុណ្ហភាពទឹកឱ្យថេរ និងការពារមិនឱ្យទឹកក្តៅខ្លាំងនៅរដូវ​ប្រាំង​។​

ជម្រាលជើងទេ និងការសង់ភ្លឺស្រះ

ការធ្វើជម្រាលជើងទេ គឺជារឿងចាំបាច់បំផុតដើម្បីការពារដីបាក់ច្រោះ៖

សមាសភាគស្រះលក្ខណៈបច្ចេកទេសណែនាំគោលបំណង និងអត្ថប្រយោជន៍
ជម្រាលជើងទេទម្លាក់ជម្រៅ ១ម ត្រូវទេចេញ ១,៥ម ទៅ ២មការពារដីច្រោះ និងបាក់ស្រុតច្រាំងស្រះចូលក្នុងទឹក
ខ្នងភ្លឺស្រះទទឹងខ្នងភ្លឺ ១ម៉ែត្រ ទៅ ១,៥ ម៉ែត្រ (បង្ហាប់ដីឱ្យហាប់)ផ្តល់ភាពរឹងមាំ ងាយស្រួលដើរ និងការពារទឹកជំនន់ហូរចូល
បាតស្រះធ្វើឱ្យរាបស្មើ និងមានជម្រាលបន្តិច (១%) ទៅខាងលូបង្ហូរទឹកងាយស្រួលក្នុងការបញ្ចេញទឹក និងប្រមូលផលត្រីឱ្យអស់ពីស្រះ

ប្រព័ន្ធទឹកចេញ-ចូល និងរនាំងការពារ

  • ទុយោ/ប្រឡាយទឹកចូល៖ ត្រូវបំពាក់ស្បៃក្រឡាញឹកនៅមាត់ទុយោ ដើម្បីរារាំងកូនត្រីកាច ឬសត្វល្អិតចង្រៃមិនឱ្យចូលក្នុងស្រះ។
  • ទុយោ/ប្រឡាយទឹកចេញ (លូបង្ហូរ)៖ ត្រូវបំពាក់ស្បៃការពារផងដែរ ដើម្បីការពារកូនត្រីចិញ្ចឹមមិនឱ្យរត់ចេញនៅពេលបញ្ចេញទឹក។
  • របងការពារជុំវិញ៖ គួរធ្វើរបងស្បៃនីឡុង ឬបាំងព្រំជុំវិញភ្លឺស្រះ កម្ពស់ ០,៥ – ០,៨ ម៉ែត្រ ដើម្បីការពារសត្វលូនវារ (ដូចជា កង្កែប ពស់ អណ្តើក) និងសត្វស៊ីត្រីផ្សេងៗ។

៣. ការរៀបចំស្រះមុនពេលលែងកូនត្រីចិញ្ចឹម

  • ការហាលបាតស្រះ៖ បន្ទាប់ពីជីករួច ត្រូវហាលបាតស្រះឱ្យស្ងួតប្រេះស្រកានាគ រយៈពេល ៧ – ១០ ថ្ងៃ ដើម្បីកម្ចាត់មេរោគ និងឧស្ម័នពុល។
  • ការបាចកំបោរ៖ បាចកំបោរសក្នុងអត្រា ២ – ៣ គីឡូក្រាម ក្នុង១០០ ម៉ែត្រការេ ដើម្បីសម្រួល pH ដី និងកម្ចាត់ពពួកប៉ារ៉ាស៊ីត។
  • ការដាក់ជីធម្មជាតិ៖ ដាក់ជីលាមកសត្វស្ងួត (មាន់/ទា/គោ/ក្របី) ២០ – ៣០ គីឡូក្រាម ក្នុង ១០០ ម៉ែត្រការេ ដើម្បីបង្កើតចំណីធម្មជាតិ (ប្លង់តុង)។
  • ការបញ្ចូលទឹក៖ បញ្ចូលទឹកស្អាតតាមស្បៃចម្រោះឱ្យបានជម្រៅ ១,២ ម៉ែត្រ និងទុកចោល ៥ – ៧ ថ្ងៃ រហូតទឹកឡើងពណ៌បៃតងខ្ចី ទើបលែងកូនត្រី។

ការជ្រើសរើសទីតាំង និងការជីកស្រះចិញ្ចឹមត្រីបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស គឺជាសសរទ្រូងនៃភាព​ជោគជ័យក្នុងការធ្វើវារីវប្បកម្ម។ ការយកចិត្តទុកដាក់លើគុណភាពទឹក ប្រភេទដីឥដ្ឋ ការធ្វើជម្រាលជើងទេការពារការបាក់ដី និងការរៀបចំប្រព័ន្ធទឹកចេញ-ចូលបានល្អ មិនត្រឹមតែជួយឱ្យត្រីលូតលាស់លឿន និងមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃថវិកា និងកម្លាំងពលកម្មក្នុងការថែទាំរយៈពេលវែងទៀតផង៕

ដោយ៖ សែន តុលា
ប្រភព៖ ឯកសារក្រសួងកសិកម្ម