More

    តើមួយជីវិតគោផលិតទឹកដោះជាមធ្យមប៉ុន្មានលីត្រ?

    ជាមធ្យម គោអាចមានជីវិតតាមធម្មជាតិប្រមាណ ២០ ទៅ ៣០ ឆ្នាំ។ ទោះជាយ៉ាងណា ក្នុងករណីការចិញ្ចឹមគោបែបជាកសិដ្ឋានដែលយកផលចំណេញជាធំ គោកម្ររស់ដល់កម្រិតធម្មជាតិណាស់។ គោប្រភេទខ្លះចិញ្ចឹម ៥-៦ ឆ្នាំ ខ្លះចិញ្ចឹមបានជិត ២-៤ ឆ្នាំ ឯខ្លះទៀតត្រឹមជិត ២ ឆ្នាំ ត្រូវចូលសត្វឃាតស្ថាន ដើម្បីកាប់យកសាច់ទៅលក់បំពេញតម្រូវការទីផ្សារ។

    ដោយឡែក គោទឹកដោះ មានអាយុជាមធ្យម ៥ ទៅ ៦ ឆ្នាំ ទៅតាមប្រភេទពូជ និងសុខភាពគោ។ គោប្រភេទនេះ គឺចិញ្ចឹមដើម្បីយកទឹកដោះ។ ដើម្បីមានទឹកដោះ គឺគោប្រភេទនេះគឺតម្រូវឲ្យពរពោះជា​ច្រើនដង ដើម្បីកកើតជាទឹកដោះ ដើម្បីចម្រាញ់ជាផលិតផលសំខាន់ៗមានទីផ្សារមួយចំនួនដូចជា ទឹកដោះគោឆៅ ទឹកដោះគោស្រស់ យ៉ាអួ ម្សៅទឹកដោះគោ និងឈីសជាដើម។ ដូច្នេះហើយ ដោយពរពោះ និងសម្រាលកូនញឹកញាប់បែបនេះ ទើបគោទឹកដោះ ច្រើនជួបបញ្ហាសុខភាពផ្សេងៗ ឬសភាពទន់ខ្សោយ ឬឆាប់លែងមានកូន ហើយលែងបញ្ចេញទឹកដោះ ដែលជាហេតុមួយចំនួនរួមចំណែកនាំឲ្យគោប្រភេទនេះមានអាយុតិច។

    ក្នុងន័យនេះ ក្នុងមួយជីវិត គោទឹកដោះជាមធ្យមទឹកដោះប្រមាណជាង៤ម៉ឺន ៨ម៉ឺនលីត្រ​អាស្រ័យ​លើ​ចំនួន​ដង​នៃ​ការ​បង្ក​កំណើត​។ នេះបើយោងតាមការពិសោធន៍របស់កសិដ្ឋានមួយនៅសហរដ្ឋអាមេរិក។ ច្បាស់ណាស់ មិនមែនគ្រប់គោទឹកដោះ សុទ្ធតែមានផលិតទឹកដោះបានច្រើនដូចនេះឡើយ។ ចំនួនទឹកដោះផលិត គឺអាស្រ័យលើ ប្រភេទគោ ពូជគោ ការរៀបចំបង្កាត់ពូជ បន្តពូជរបស់គោ សុខភាពគោ ចំណីអាហាររបស់គោ កន្លែងរស់នៅរបស់គោ ការថែទាំគោ និងវិធីយកទឹកដោះត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេស​ជាដើម។ តួលេខខាងលើ គ្រាន់តែជាតួលេខមូលដ្ឋានមួយដែលកើតចេញពីការស្រាវជ្រាវពិសោធន៍ និងកត់ត្រារបស់កសិដ្ឋានមួយប៉ុណ្ណោះ។

    - Advertisement -

    ការចិញ្ចឹមគោទឹកដោះ ដើម្បីបានផលខ្ពស់ ទាមទារការវិនិយោគជាច្រើន ជាចំណុចសំខាន់ៗ ដូចជា ការជ្រើសរើសពូជគោដែលផ្ដល់ទឹកដោះខ្ពស់ បច្ចេកទេសបង្កាត់ពូជ និងបន្តពូជគោដើម្បីឲ្យគោកាន់តែអត្រាទឹកដោះខ្ពស់ បច្ចេកទេសរៀបចំកសិដ្ឋាន និងទីជម្រកប្រសើរឲ្យគោរស់នៅ បច្ចេកទេសជ្រើសរើសស្មៅល្អ ទឹកល្អ និងអាហារបំប៉នផ្សេងៗដើម្បីឲ្យគោទទួលទាន បច្ចេកទេសពិនិត្យថែទាំគោ បច្ចេកទេសទាញយកទឹកដោះចេញពីគោដើម្បីធានាថាបានផលជាអតិបរមា និងព័ត៌មាន ព្រមទាំងការយល់ដឹង  ផ្សេងៗដើម្បីដឹងថាពេលណាត្រូវបញ្ជូនគោទៅសត្វឃាតស្ថាន។ ទាំងអស់នេះទាមទារការវិនិយោគជាច្រើន លើសម្ភារៈ បរិក្ខារផ្សេងៗ និងជាពិសេសអ្នកជំនាញដើម្បីបង្ហាត់បង្រៀន និងប្រឹក្សាយោបល់ ព្រមទាំងជួយលើការងារបច្ចេកទេសមួយចំនួន៕

    អត្ថបទដោយ៖ សែន តុលា
    ប្រភព៖ American FarmSteadHers