More

    ជំងឺដុំពកស្បែកលើគោគ្មានថ្នាំព្យាបាល តែមានវិធីការពារ

    ជំងឺដុំពកស្បែក គឺជាបញ្ហាធំមួយច្រើនជួបប្រទះ ពេលចិញ្ចឹមគោក្របី។ ជំងឺនេះកើតមានឡើងតាមរដូវកាលជាពិសេសនៅរដូវវស្សាដែលមានពពួកសត្វល្អិតច្រើន ដែលជាភ្នាក់ងារចម្លងមេរោគ។ ជំងឺដុំពកស្បែក​បង្កឲ្យមានការខាតបង់ធ្ងន់ធ្ងរដល់ការចិញ្ចឹមគោក្របីដោយ​ធ្វើឲ្យ​ខូចស្បែក មាន​បញ្ហាបង្កកំណើត រលូតកូន ស្រកទម្ងន់ បរិមាណទឹកដោះថយចុះខ្លាំង និងក្នុងករណីខ្លះបង្កឲ្យសត្វងាប់​តែម្ដង។

    ភ្នាក់ងារចម្លងជំងឺនេះ មាន​ដូចខាងក្រោម៖

    • ភាគច្រើនឆ្លងតាមសត្វល្អិត ដូចជា មូស មាននៅក្នុងក្រោល។
    • តាមរយៈការនាំគោក្របីដែលមានជំងឺពីតំបន់ផ្សេង។
    • អាចឆ្លងតាមរយៈការស៊ីចំណី និងផឹកទឹករួមគ្នា ទឹកដោះ ការបង្កាត់ពូជ ការព្យាបាល បើមិនដូរម្ជុល ឬការប៉ះពាល់ផ្ទាល់។

    រោគសញ្ញាជំងឺ រួមមាន៖

    - Advertisement -
    • សត្វក្ដៅខ្លួនខ្លាំងពី ៤០ ទៅ ៤១ អង្សាសេ លែងស៊ីចំណី និងបរិមាណទឹកដោះថយចុះ
    • មានដុំពកលើស្បែករាងមូល រឹង ឬទន់  ប្រវែងពី ១ ទៅ ៥ ស.ម.
    • ដុំពកអាចរាបទៅវិញទៅតាមការវិវត្តនៃជំងឺ ហើយក្លាយជាក្រមរ និងដំបៅជ្រៅនៅផ្នែកកណ្ដាល ដែលទាក់ទាញពពួកសត្វល្អិតដូចជាមូស និងរុយជាដើម
    • ដំបៅមាត់ និងច្រមុះ និងបបូរមាត់
    • ហៀរទឹករងៃចេញពីភ្នែកនិងច្រមុះ ហើយហូរទឹកមាត់ច្រើន។

    ជំងឺនេះបង្កដោយវីរុសហើយពុំមានថ្នាំអាចព្យាបាលមានប្រសិទ្ធភាពទេ។ ការព្យាបាលបំបាត់រោគសញ្ញាអាចជួយបានដូចជា ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ និងរលាក រួមផ្សំជាមួយថ្នាំផ្សះដើម្បីកម្ចាត់ពួកបាក់តេរីដែលឆ្លងចូលតាមក្រោយ។ ប្រឹក្សាជាមួយ​ពេទ្យ​សត្វដើម្បីបានការព្យាបាល​ត្រឹមត្រូវ​។​

    ទោះមិនទាន់មានថ្នាំព្យាបាល តែជំងឺនេះអាចបង្ការបានដោយការចាក់វ៉ាក់សាំង ដែលវ៉ាក់សាំងនេះមានលក្ខណៈសំខាន់ៗដូចតទៅ៖

    • វ៉ាក់សាំងមានប្រសិទ្ធភាពអាចការពារបានបន្ទាប់ពីចាក់បាន៣សប្ដាហ៍។
    • គួរចាក់វ៉ាក់សាំងឲ្យគោក្របី នៅមុនពេលដែលហ្វូងគោក្របីទាំងមូលឆ្លងជំងឺ
    • អាចមានប្រតិកម្មតិចតួចក្រោយពេលចាក់រួចដូចជា ហើមនៅកន្លែងចាក់ តែមិនបង្កគ្រោះថ្នាក់នោះទេ និងអាចបាត់ទៅវិញក្នុងរយៈពេលពី ១ ទៅ២សប្ដាហ៍ ហើយមានគ្រុនក្ដៅរយៈពេលខ្លី៕

    ចែករំលែកដោយ៖ សែន តុលា
    ប្រភព៖ ឯកសារក្រសួង​កសិកម្ម