ការចិញ្ចឹមមាន់ទទួលបានជោគជ័យ មិនត្រឹមតែអាស្រ័យលើពូជ និងចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែអនាម័យក្នុងទ្រុងមាន់ក៏ជាកត្តាសំខាន់បំផុតផងដែរ។ ទ្រុងមាន់គ្មានអនាម័យអាចជាប្រភពចម្លងនិងបង្កាត់ពូជមេរោគ ដែលនាំឲ្យមានការខាតបង់ធ្ងន់ធ្ងរដល់កសិករចិញ្ចឹមមាន់។
១. តើទ្រុងមាន់គ្មានអនាម័យមានន័យដូចម្ដេច?
ទ្រុងមាន់គ្មានអនាម័យ គឺសំដៅលើស្ថានភាពទ្រុង ឬបរិវេណចិញ្ចឹមមាន់ដែលស្ថិតក្នុងសភាពមិនស្អាត មិនមានការគ្រប់គ្រងសំណើម និងបង្កើនលទ្ធភាពនៃការរស់នៅនិងរីកសាយភាយរបស់មេរោគ។
លក្ខណៈសំខាន់ៗនៃទ្រុងគ្មានអនាម័យរួមមាន៖
- បាតទ្រុងសើម៖ លាមកមាន់ និងទឹកនោមលាយឡំគ្នា បណ្តាលឲ្យបាតទ្រុងសើម ហើយមានការកកកុញនៃឧស្ម័នអាម៉ូញាក់(មានក្លិនស្អុយ ឆ្អេះ)។
- លាមកកកខះ៖ ការមិនកើបលាមក ឬសម្អាតទ្រុងបានទៀងទាត់ ធ្វើឲ្យមេរោគ និងប៉ារ៉ាស៊ីត (ដូចជាព្រូន) មានកន្លែងសម្ងំខ្លួន។
- ឧបករណ៍ដាក់ចំណី/ទឹកកខ្វក់៖ ធុងដាក់ទឹក ឬចានដាក់ចំណីមានស្លែ មេរោគ ឬលាមកប្រឡាក់។
- សត្វល្អិត៖ មានវត្តមានសត្វល្អិតចម្លងរោគច្រើន (ដូចជា មូស រុយ) កណ្តុរ ឬសត្វផ្សេងៗទៀតដែលនាំមេរោគចូលទ្រុង។
- ខ្យល់ចេញចូលមិនគ្រប់គ្រាន់៖ កង្វះខ្យល់ចេញចូល ធ្វើឲ្យឧស្ម័នពុល (អាម៉ូញាក់) កកស្ទះក្នុងទ្រុង។

២. ទ្រុងមាន់គ្មានអនាម័យប៉ះពាល់សុខភាពមាន់បែបណា?
ទ្រុងមាន់ដែលកខ្វក់ និងសើម គឺជាកន្លែងបង្កាត់ពូជដ៏ល្អសម្រាប់មេរោគបាក់តេរី វីរុស ផ្សិត និងប៉ារ៉ាស៊ីត ដែលបង្កជាជំងឺធ្ងន់ធ្ងរដល់មាន់។
ផលប៉ះពាល់លើមាន់៖
- ជំងឺផ្លូវដង្ហើម រួមមានជំងឺផ្ដាសាយ ជំងឺរលាកទងសួត និងជំងឺរលាកភ្នែក។ បញ្ហានេះកើតចេញពីបាតទ្រុងសើម បង្កើត ឧស្ម័នអាម៉ូញាក់ ដែលធ្វើឲ្យរលាកភ្នែក និងប្រព័ន្ធដង្ហើមរបស់មាន់ កាត់បន្ថយភាពស៊ាំ និងងាយឆ្លងមេរោគ។
- ជំងឺផ្លូវរំលាយអាហារ គឺអាចធ្វើឲ្យមាន់មានជំងឺរាករូស (Coccidiosis) ជំងឺគ្រុនពោះវៀន (Typhoid) និងព្រូនជាដើម។ បញ្ហានេះបង្កឡើងមកពីលាមកកកស្ទះ និងទឹកកខ្វក់ ផ្ទុកមេរោគបាក់តេរីដែលធ្វើឲ្យមាន់រាករូស បាត់បង់ជាតិទឹក និងឈានដល់ងាប់ក៏មាន។
- ការថយចុះផលិតភាព គឺធ្វើឲ្យមាន់ផលិតពងតិច សម្បកពងស្តើង និងលូតលាស់មិនបានល្អ។ នៅពេលដែលមាន់មានជំងឺរ៉ាំរ៉ៃ សារធាតុចិញ្ចឹមត្រូវបានប្រើដើម្បីប្រឆាំងនឹងជំងឺ ជំនួសឲ្យការបង្កើតសាច់ ឬពង។
៣. វិធានការរក្សាអនាម័យទ្រុង
ដើម្បីទប់ស្កាត់ផលប៉ះពាល់ទាំងនេះ កសិករគប្បីអនុវត្តវិធានការអនាម័យជាប្រចាំ៖
- សម្អាតបាតទ្រុង៖ ត្រូវកើប និងផ្លាស់ប្តូរកម្រាលទ្រុងដែលសើម (ចំបើង ឬស្រកីដូង) ជាទៀងទាត់ ហើយបើកវាលទុកឲ្យកម្រាលស្ងួតល្អ។
- គ្រប់គ្រងសំណើម៖ ធានាថាទ្រុងមានការបង្ហូរទឹកល្អ ហើយមិនត្រូវដាក់ធុងទឹកជិតពេកនឹងកន្លែងដេក ឬកន្លែងស៊ីចំណី។
- សម្អាតឧបករណ៍៖ លាងសម្អាតចាន/ធុងដាក់ទឹក និងចានចំណីជារៀងរាល់ថ្ងៃ ដើម្បីការពារការកកើតស្លែ និងមេរោគ។
- លាងសម្អាត និងសម្លាប់មេរោគ៖ នៅចន្លោះពេលនៃការចិញ្ចឹមម្តងៗ (ពេលដកហ្វូងមាន់ចេញ) ត្រូវលាងសម្អាតទ្រុងទាំងមូលដោយទឹក និងសាប៊ូ រួចបាញ់ថ្នាំសម្លាប់មេរោគឲ្យបានត្រឹមត្រូវ។
- ធានាខ្យល់ចេញចូល៖ រៀបចំទ្រុងឲ្យមានខ្យល់ចេញចូលបានល្អ ដើម្បីកាត់បន្ថយការកកស្ទះឧស្ម័នអាម៉ូញាក់ និងរក្សាកម្រាលទ្រុងឲ្យនៅស្ងួត។
ការថែរក្សាអនាម័យទ្រុងមាន់ គឺជាការវិនិយោគដ៏ឆ្លាតវៃ ដើម្បីការពារមាន់ពីជំងឺ កាត់បន្ថយចំណាយលើថ្នាំពេទ្យ និងបង្កើនប្រាក់ចំណេញក្នុងគ្រួសារ។
ចែករំលែកដោយ៖ សែន តុលា
ប្រភព៖ NOVOGEN
