ការផ្ដាច់ដោះមិនមែនអាស្រ័យលើពេលវេលាតែមួយមុខនោះទេ សំខាន់គឺកូនគោមានសមត្ថភាពអាចស៊ីអាហារឹងបានហើយឬនៅ។ជាធម្មតាមិនថាកូនគោបោះដោះមេ ឬទឹកដោះស្ងួតនោះទេ គឺត្រូវការពេលចន្លោះពី២ទៅបីខែ ដើម្បីផ្ដាច់ដោះសំខាន់វាចេះស៊ីចំណីរឹង។
ការចិញ្ចឹមកូនគោដោយប្រើទឹកដោះគោស្ងួតឆុង គឺជាការងារដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ ហើយបើចង់ផ្ដាច់ដោះគួរស្វែងយល់ពីចំណុចទាំងនេះដែរ។
គោលការណ៍សំខាន់នៃការផ្តាច់ដោះ
ជាទូទៅ ពេលវេលាដែលសមស្របបំផុតសម្រាប់ការផ្តាច់ដោះកូនគោ (ទោះជាបៅមេ ឬបៅដោះឆុង) គឺ៖
១. ផ្តាច់ដោះនៅអាយុប្រហែល ២ ទៅ ៣ ខែ
សម្រាប់កូនគោដែលលូតលាស់ល្អ និងមានសុខភាពធម្មតា យើងអាចផ្តាច់ដោះបាននៅអាយុ ៨ ទៅ ១២ សប្តាហ៍ (ប្រហែល ២ ទៅ ៣ ខែ)។
២. លក្ខខណ្ឌគន្លឹះមុនផ្តាច់ដោះ
កុំផ្ដាច់ដោះត្រឹមតែមើលអាយុ! ត្រូវផ្ដាច់ដោះលុះត្រាតែកូនគោ៖
- ស៊ីចំណីរឹងបានជាប់លាប់៖ កូនគោត្រូវតែអាចស៊ីចំណីរឹងសម្រាប់កូនគោ បានយ៉ាងតិច ០,៧ ទៅ ១ គីឡូក្រាម ក្នុងមួយថ្ងៃជាប់ៗគ្នា៣ថ្ងៃ មុននឹងសម្រេចចិត្តផ្ដាច់ដោះ។
មូលហេតុ៖ ទឹកដោះជួយឲ្យកូនគោធំធាត់លឿន ប៉ុន្តែចំណីរឹង ដូចជាចំណីសម្រាប់កូនគោ និងស្មៅទន់ៗ ទើបជាកត្តាដែលជំរុញឲ្យក្រពះ របស់វាលូតលាស់ និងអាចរំលាយចំណីរដុបបានដោយខ្លួនឯង។ បើក្រពះមិនទាន់លូតលាស់ល្អ វានឹងចុះទម្ងន់ធ្ងន់ធ្ងរក្រោយផ្តាច់ដោះ។

យុទ្ធសាស្ត្រចិញ្ចឹមកូនគោដោយដោះឆុង
ដើម្បីឲ្យកូនគោបងអាចផ្តាច់ដោះបានលឿន និងរឹងមាំ សូមអនុវត្តដូចខាងក្រោម៖
សប្តាហ៍ទី១៖ ធានាថាវាបានបៅ ទឹកដោះដំបូងរបស់មេផ្សេង (បើមាន) ក្នុងរយៈពេល ៦ ម៉ោងដំបូង បើទោះជាមេវាងាប់ក៏ដោយ។ ផ្តល់ទឹកដោះឆុង ២-៣ ដងក្នុងមួយថ្ងៃ។ បង្កើនភាពស៊ាំ និងថាមពលដំបូង។
សប្តាហ៍ទី ២-៣៖ បន្តផ្តល់ទឹកដោះឆុងតាមកម្រិត។ ចាប់ផ្ដើមដាក់ ចំណីរឹងសម្រាប់កូនគោ និងស្មៅទន់ៗ ឲ្យវាភ្លក្សលេងបន្តិចម្តងៗ។ បង្រៀនឲ្យស្គាល់ចំណីរឹង និងជំរុញភាពរឹងមាំរបស់ក្រពះ។
សប្តាហ៍ទី ៤-៨៖ បង្កើនចំណីរឹង តាមតម្រូវការរបស់កូនគោ។ ចាប់ផ្តើមកាត់បន្ថយបរិមាណទឹកដោះឆុង បន្តិចម្តងៗ (ឧទាហរណ៍ ពី ៣ ដង/ថ្ងៃ មក ២ ដង/ថ្ងៃ)។ បង្កើនការស៊ីចំណីរឹងដើម្បីត្រៀមផ្តាច់ដោះ។
សប្តាហ៍ទី ៨-១២៖ តាមដានការស៊ីចំណីរឹង។ កាត់បន្ថយទឹកដោះឆុងរហូតដល់សូន្យ ប្រសិនបើវាស៊ីចំណីរឹងបានលើសពី ០,៧ គីឡូក្រាម ជាប់ៗគ្នា៣ថ្ងៃ។ ផ្តាច់ដោះដោយជោគជ័យ។
គន្លឹះបន្ថែម៖
- ទឹកស្អាត៖ ត្រូវដាក់ទឹកស្អាតឲ្យកូនគោផឹកបានគ្រប់ពេល។
- អនាម័យ៖ លាងសម្អាតដប ឬធុងទឹកដោះឲ្យបានស្អាតរាល់ពេលឆុងរួច ដើម្បីការពារការរាករូស។
- ការលាយទឹកដោះ៖ កុំឆុងទឹកដោះគោស្ងួតខាប់ ឬរាវពេក ត្រូវធ្វើតាមការណែនាំលើកំប៉ុងដើម្បីរក្សាតុល្យភាពសារធាតុចិញ្ចឹម។
សូមព្យាយាមតាមដានការលូតលាស់ និងការស៊ីចំណីរឹងរបស់កូនគោ នោះបងប្អូននឹងអាចផ្តាច់ដោះវាដោយជោគជ័យ។
អត្ថបទ៖ ទូច សុខា
ប្រភព៖ Manitoba
