កសិករជាច្រើនតែងជួបបញ្ហាក្នុងការដាំដុះស្រូវ ដូចជាស្រូវមានអាការៈ ពុកគល់ រលួយគល់ ឬពេលព្រោះហើយ រលួយពន្លក ដោយសារតែ ប្រព័ន្ធឫសខ្សោយចាដើម។ បញ្ហាចម្បងទាំងនេះច្រើនតែកើតចេញពីដីស្រែរបស់យើងមានជាតិជូរខ្លាំង ឬហៅម្យ់ាងទៀតថាដីមានកម្រិតអាស៊ីតខ្ពស់។
ដើម្បីដោះស្រាយបញ្ហានេះ ប្រជាកសិករគួរប្រើប្រាស់កំបោរកសិកម្ម។
អត្ថប្រយោជន៍សំខាន់ៗ
កំបោរកសិកម្មផ្ដល់អត្ថប្រយោជន៍យ៉ាងសម្បូរបែបដល់ដីស្រែរបស់បងប្អូន៖
- បន្សាបជាតិអាស៊ីត និងសម្លាប់មេរោគ៖ វាជួយសម្របសម្រួលកម្រិត pH ក្នុងដីឱ្យមានលំនឹង ដែលកាត់បន្ថយជាតិជូរ និងជួយសម្លាប់មេរោគក្នុងដីមួយចំនួន។
- កែប្រែរចនាសម្ព័ន្ធដី៖ ធ្វើឱ្យដី ផុសធូរ ល្អ បង្កើតឱ្យមាន រន្ធខ្យល់ចេញចូល បានល្អប្រសើរ។
- ពង្រឹងប្រព័ន្ធឫស៖ ជួយឱ្យឫសដំណាំស្រូវ ចាក់ចូលបានជ្រៅ និងរឹងមាំ អាចស្រូបយកសារធាតុចិញ្ចឹមបានល្អប្រសើរ។
- ពន្លឿនការរលាយកាកសំណល់៖ វាជួយកាច់កាកសំណល់ និងជញ្ជ្រាំងទៅក្នុងដីឱ្យក្លាយជាកំប៉ុស្ដធម្មជាតិបានលឿន។

របៀបប្រើប្រាស់
កសិករគួរបាចកំបោរកសិកម្មក្រោយប្រមូលផលរួចគឺនៅពេលដែលធ្វើការវាយដី ឬភ្ជួរលុបចំជញ្ជ្រាំង។
- សម្រាប់កសិករដែលចង់ព្រោះស្រូវបន្ត ត្រូវរង់ចាំពី៧ទៅ១០ថ្ងៃក្រោយបាចកំបោរ ទើបអាចចាប់ផ្ដើមព្រោះពូជស្រូវបន្តបាន។
- បរិមាណប្រើប្រាស់ អាស្រ័យលើប្រភេទដីរបស់បងប្អូន (ដីជូរខ្លាំង ដីខ្សាច់ ឬដីឥដ្ឋ)។
សូមប្រឹក្សាជាមួយ មន្ត្រីកសិកម្មឃុំ ឬអ្នកជំនាញ ផ្សេងទៀតមុននឹងធ្វើការប្រើប្រាស់ ដើម្បីកំណត់បរិមាណឱ្យបានត្រឹមត្រូវ និងចំណាយមានប្រសិទ្ធភាព។
ចំណាំ៖ ការប្រើកំបោរច្រើនពេកអាចធ្វើឱ្យ pH ឡើងខ្ពស់ ដីប្រែជាមានជាតិបាស ដែលបណ្ដាលឱ្យសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនដូចជា ផូស្វ័រ (P) ស័ង្កសី (Zn) និងដែក (Fe) មិនអាចស្រូបយកដោយឫសស្រូវបានល្អវិញនាំឱ្យប៉ះពាល់ដល់ទិន្នផលទៅវិញ។
ដោយ៖ ទូច សុខា
ប្រភព៖ CARMEUSE
