More

    ផលប៉ះពាល់នៃជាតិអាស៊ីត និងជាតិបាសលើគុណភាពដី

    កម្រិត pH របស់ដី ជាតិអាស៊ីត ឬជាតិបាស មានឥទ្ធិពលយ៉ាងខ្លាំងទៅលើគុណភាពដី ទិន្នផលដំណាំ និងសមត្ថភាពរបស់ដំណាំក្នុងការស្រូបយកសារធាតុចិញ្ចឹម។ កសិករគួរយល់ដឹងពីផលប៉ះពាល់ទាំងនេះ។​

    ១. ដីមានជាតិអាស៊ីត (pH ក្រោម ៦,០)

    នៅពេលដីមានជាតិអាស៊ីតខ្លាំង វាបង្កបញ្ហាជាច្រើន៖

    • កង្វះសារធាតុចិញ្ចឹម៖ កាត់បន្ថយការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗដូចជា អាសូត (N) ផូស្វ័រ (P) ប៉ូតាស្យូម (K) កាល់ស្យូម (Ca) និង ម៉ាញ៉េស្យូម (Mg)។
    • ជាតិពុលកើនឡើង៖ បង្កើនការរលាយនៃធាតុពុលដូចជា អាលុយមីញ៉ូមនិង ម៉ង់ហ្គាណែស ដែលអាចបំផ្លាញឫសដំណាំ។
    • ការលូតលាស់៖ ដំណាំអាច តឿ ក្រិន ស្លឹកលឿង និងប្រព័ន្ធឫសលូតលាស់មិនបានល្អ។ សត្វល្អិត​ល្អៗក្នុងដី ដូចជាបាក់តេរីចាប់យកអាសូត ក៏ត្រូវរងផលប៉ះពាល់ផងដែរ។
    • ដំណោះស្រាយ៖ ត្រូវប្រើ កំបោរកសិកម្ម (Lime) ដើម្បីបង្កើនកម្រិត pH ដី។ ដើម្បី​ដឹង​ពី​របៀន​ប្រើ​ប្រាស់​ត្រឹមត្រូវ​សូម​ប្រឹក្សាជាមួយ​អ្នក​ជំនាញ​កសិកម្ម​ ឬ​មន្ត្រី​កសិកម្ម​ឃុំ​។​

    ២. ដីមានជាតិបាស (pH លើស ៧,៥)

    ដីមានជាតិបាសក៏បង្កបញ្ហាដល់ដំណាំដែរ បើទោះជាជាធម្មតាវា​កម្រកើតមាននៅតំបន់ដាំស្រូវ​ក៏ដោយ។​

    - Advertisement -
    • ការទប់ស្កាត់សារធាតុចិញ្ចឹម៖ កាត់បន្ថយការរលាយ និងការស្រូបយកសារធាតុចិញ្ចឹមតូច ឬ​មីក្រូធាតុ​ដូចជា ជាតិដែក (Fe) ស័ង្កសី (Zn) ទង់ដែង (Cu) និង ផូស្វ័រ (P) ដែលនាំឱ្យស្លឹក​ឡើង​លឿង (Chlorosis)។
    • រចនាសម្ព័ន្ធដី៖ អាចបណ្ដាលឱ្យដី ឡើងរឹងខះ និងមិនងាយជ្រាបទឹក។
    • ការលូតលាស់៖ ដំណាំបង្ហាញរោគសញ្ញា ស្លឹកលឿង ដោយសារកង្វះជាតិដែក ការចេញផ្កាមិនល្អ និងទិន្នផលទាប។
    • ដំណោះស្រាយ៖ គួរប្រើ សារធាតុសរីរាង្គ ឬ ស្ពាន់ធ័រ ដើម្បីបន្ថយកម្រិត pH ដី។

    ៣. កម្រិត pH ដីដ៏ល្អបំផុត

    ដំណាំចំណីអាហារភាគច្រើនលូតលាស់បានល្អបំផុតនៅក្នុងដីដែលមានជាតិ​អាស៊ីតបន្តិចទៅអព្យាក្រឹត ឬណឺត​ គឺចន្លោះពី pH ៦,០ ដល់ ៧,០។

    នៅក្នុងចន្លោះនេះ សារធាតុចិញ្ចឹមសំខាន់ៗត្រូវបានរលាយ និងអាចស្រូបយកបានច្រើនបំផុត ហើយមីក្រូជីវសាស្ត្រល្អៗក្នុងដីក៏លូតលាស់បានយ៉ាងល្អផងដែរ។

    សរុបមក​ ជាតិអាស៊ីតខ្លាំងធ្វើឱ្យសារធាតុចិញ្ចឹមមិនអាចប្រើប្រាស់បាន និងបញ្ចេញលោហធាតុពុល។ ជាតិបាសខ្លាំងទប់ស្កាត់មីក្រូសារធាតុចិញ្ចឹម។ ការរក្សា កម្រិត pH ឱ្យមានតុល្យភាព គឺស្មើនឹងការមានដីមានសុខភាពល្អ ជីវជាតិគ្រប់គ្រាន់ និងទិន្នផលខ្ពស់។ កសិករ​យើង​អាច​ស្វែង​រក​ទិញ​ឧបរណ៍​វាស់​កម្រិត​pH ដី​បាន​នៅ​តាម​ទីផ្សារ ឬប្រឹក្សា​ជាមួយ​មន្ត្រី​កសិកម្ម​មុន​នឹង​ទិញ ដើម្បីជៀសវាង​ទិញ​ចំ​ផលិត​ផល​ដែល​មិន​មាន​គុណភាព​។​

    អត្ថបទ៖ ទូច សុខា
    ប្រភព៖ Crop Science