More

    វិធីការពារមាន់ពង និងមាន់សាច់ពេលអាកាសធាតុចុះត្រជាក់

    នៅពេលអាកាសធាតុចុះត្រជាក់ គឺជារដូវដែលបណ្តាលឲ្យមាន់ងាយកើតជំងឺ និងប៉ះពាល់ដល់ផលិតភាពរបស់វា ជាពិសេសសម្រាប់កូនមាន់ និងមាន់ពង។ ការបាត់បង់កម្តៅខ្លាំង ធ្វើឲ្យមាន់ត្រូវប្រើថាមពលច្រើនដើម្បីរក្សាកម្តៅខ្លួន ដែលអាចនាំឲ្យមាន់ចុះទម្ងន់ ឈឺ ឬងាប់បាន ។

    ខាងក្រោមនេះជាវិធានការសំខាន់ៗដែលកសិករគួរបអនុវត្ត៖

    ១. ការគ្រប់គ្រងជម្រក និងកម្ដៅ

    ការរក្សាកម្ដៅក្នុង​ទ្រុងមាន់ គឺជាអាទិភាពចម្បងក្នុងរដូវត្រជាក់។

    - Advertisement -
    • បិទទ្រុងដើម្បីកាត់បន្ថយខ្យល់ត្រជាក់ខ្លាំង

    បិទ ឬបាំងផ្នែកខាងលើ និងផ្នែកដែលខ្យល់ត្រជាក់បក់ចូលខ្លាំងនៃទ្រុងមាន់ ដោយប្រើសំពត់ ឬបាវ។ ត្រូវប្រយ័ត្នកុំបិទជិតពេក រហូតដល់គ្មានខ្យល់ចេញចូលទាល់តែសោះ ព្រោះវាអាចបង្កើន ឧស្ម័នអាម៉ូញាក់ ដែលប៉ះពាល់ដល់ផ្លូវដង្ហើមមាន់។

    • ប្រើប្រព័ន្ធកម្ដៅ

    ជាពិសេសសម្រាប់កូនមាន់ (អាយុក្រោម ៤ សប្ដាហ៍) ត្រូវដាក់ អំពូលកម្ដៅ (Brooder Lamps) ឬឧបករណ៍ផ្ដល់កម្ដៅផ្សេងៗ ដើម្បីធានាថាពួកវាទទួលបានកម្ដៅគ្រប់គ្រាន់​ក្នុងសប្ដាហ៍ដំបូង រួចបន្ថយបន្តិចម្ដងៗ។

    • រក្សាឲ្យកម្រាលទ្រុងស្ងួត

    កម្រាលទ្រុងសើមធ្វើឲ្យមាន់ឆាប់ត្រជាក់។ ត្រូវផ្លាស់ប្តូរ ឬបន្ថែមស្រទាប់ ចំបើង អង្កាម ឬ ស្រកីដូងស្ងួតថ្មីៗ ដើម្បីជួយស្រូបយកសំណើម និងរក្សាកម្ដៅដី។

    ២. ការគ្រប់គ្រងចំណីអាហារ និងទឹក

    ក្នុងរដូវត្រជាក់មាន់ត្រូវការថាមពលបន្ថែមដើម្បីបង្កើតកម្ដៅខ្លួន។

    • បង្កើនថាមពលក្នុងចំណី

    អាចបង្កើនបរិមាណចំណីបន្តិច ឬប្តូរទៅចំណីដែលមានជាតិខ្លាញ់ និងថាមពល ខ្ពស់ជាងពេល​ធម្មតា​បន្តិចតាមការណែនាំរបស់អ្នកជំនាញ។ ផ្តល់ចំណីទៅតាមពេលដែលត្រជាក់ខ្លាំងបំផុត ដូចជាពេលព្រឹកព្រលឹម។

    ៣. ការគ្រប់គ្រងសុខភាព និងការបង្ការជំងឺ

    សីតុណ្ហភាពចុះត្រជាក់ ធ្វើឲ្យមាន់ងាយឆ្លងជំងឺផ្លូវដង្ហើម។

    • កាត់បន្ថយភាពតានតឹង

    កុំផ្លាស់ប្តូរទីកន្លែងមាន់ ឬធ្វើការចាក់វ៉ាក់សាំង ឬទម្លាក់​ព្រូនក្នុងកំឡុងពេលដែលអាកាសធាតុត្រជាក់ខ្លាំងពេក ព្រោះភាពតានតឹងអាចធ្វើឲ្យមាន់ចុះខ្សោយ។

    • តាមដានជំងឺផ្លូវដង្ហើម

    ត្រូវតាមដានសញ្ញាមាន់កើតជំងឺផ្លូវដង្ហើម ដូចជា ក្អក ហៀរសំបោរ ឬ ពិបាកដកដង្ហើម។ បើឃើញមានសញ្ញាបែបត្រូវញែកមាន់ឈឺ ចេញពីហ្វូងជាបន្ទាន់ ហើយពិគ្រោះជាមួយពេទ្យសត្វ​។

    • បន្ថែមវីតាមីន

    កសិករ​យើង​អាចបន្ថែម វីតាមីន (Vitamin) ដូចជា Vitamin C ឬ Electrolytes ទៅក្នុងទឹកផឹក ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់មាន់ និងទប់ទល់នឹងភាពតានតឹង។

    សម្រាប់មាន់ពង៖ ការបាត់បង់កម្តៅអាចបណ្តាលឲ្យការផលិតពងថយចុះ។ ការរក្សាកម្ដៅ និងការធានាជាតិកាល់ស្យូមគ្រប់គ្រាន់ក្នុងចំណី គឺសំខាន់បំផុតដើម្បីរក្សាផលិតភាព។

    សម្រាប់មាន់សាច់៖ ការត្រជាក់ខ្លាំងអាចបណ្តាលឲ្យមាន់ប្រមូលផ្តុំគ្នា ធ្វើឲ្យមាន់នៅកណ្តាលក្តៅពេក និងមាន់នៅខាងរងាពេក ដែលអាចបណ្តាលឲ្យថប់ដង្ហើម ឬជំងឺរលាកបាតជើង។

    ប្រភព៖ Poultry Keeper
    អត្ថបទ៖ ទូច សុខា