More

    មើលម៉េចទើបដឹងថាស្រូវកំពុងខ្វះអាសូត?​

    អាសូត (N) គឺជា​សារធាតុ​ចិញ្ចឹម​ចម្បង​ដ៏​សំខាន់​បំផុត​សម្រាប់​ការ​លូតលាស់​ផ្នែក​ស្លឹក និង​ដើម​របស់​ដំណាំ​ស្រូវ។ នៅពេល​ស្រូវ​ជួប​បញ្ហា​ខ្វះ​អាសូត វានឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​បែក​គុម្ព ការ​លូតលាស់ និង​ទិន្នផល​។

    ១. មូលហេតុ​ដែល​នាំឱ្យ​ស្រូវ​ខ្វះ​អាសូត

    កង្វះ​អាសូត​អាច​បណ្ដាល​មក​ពី​កត្តា​ចម្បងៗ​ដូចជា៖

    • ការ​បាត់បង់​តាមរយៈ​ទឹក៖ អាសូត​ប្រភេទ​នីត្រាត (Nitrate) ងាយ​រលាយ​ក្នុង​ទឹក ហើយ​អាច​ហូរ​បាត់បង់​ទៅ​ជាមួយ​ទឹក​បាន​យ៉ាង​ងាយ ជាពិសេស​ក្នុង​ដី​ខ្សាច់ និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។
    • តាមរយៈរំហួត៖ នៅពេល​ដាក់​ជី​អ៊ុយរ៉េ​លើ​ដី​ស្រែ​ស្ងួត​ ឬ​មាន​ខ្យល់​ខ្លាំង អាសូត​អាច​ហួត​ទៅ​ក្នុង​បរិយាកាស​ជា​ឧស្ម័ន​អាម៉ូញាក់។
    • ការ​មិន​បាន​ដាក់​ជី​គ្រប់គ្រាន់៖ កសិករ​ដាក់​ជី​អាសូត​ក្នុង​បរិមាណ​តិច​ជាង​តម្រូវការ​របស់​ដំណាំ ឬ​មិនបាន​ដាក់​ជី​តាម​ពេលវេលា​សំខាន់ៗ។
    • បញ្ហា​ស្មៅ៖ ស្មៅ​ដុះ​ច្រើន​នៅ​ក្នុង​ស្រែ​ស្រូប​យក​អាសូត​ពី​ដី​លឿន​ជាង​ស្រូវ។
    • ដី​មាន​សារធាតុ​សរីរាង្គ​ទាប៖ ដី​ដែល​ខ្វះ​សារធាតុ​សរីរាង្គ​មិនអាច​ផ្តល់​អាសូត​បាន​គ្រប់គ្រាន់​តាមរយៈ​ការ​រលួយ​ធាតុ​ធម្មជាតិ។
    • កម្រិត pH របស់​ដី​មិន​សមស្រប៖ ដី​មាន​ជាតិ​អាស៊ីត​ខ្លាំង (pH ទាប) ឬ​ជាតិបាស​ខ្លាំង (pH ខ្ពស់) អាច​ប៉ះពាល់​ដល់​ដំណើរការ​របស់​បាក់តេរី​ដែល​បំលែង​អាសូត​ទៅជា​ទម្រង់​ដែល​ស្រូវ​អាច​ស្រូបយក​បាន។

    ២. រោគសញ្ញា​នៃ​ការ​ខ្វះ​អាសូត

    រោគសញ្ញា​កង្វះ​អាសូត​តែងតែ​បង្ហាញ​ចេញ​នៅ​លើ​ស្លឹក​របស់​ស្រូវ​៖

    - Advertisement -
    • ស្លឹក​ប្រែ​ពណ៌​លឿង (Chlorosis)

    រោគសញ្ញា​ដំបូងៗ​គឺ​ស្លឹក​ស្រូវ​ចាស់ៗ ឬ​ស្លឹក​ខាងក្រោម​នឹង​ប្រែ​ជា​ពណ៌​បៃតង​ខ្ចី ឬ លឿង​ស្លេក មុនគេ។ សម្រាប់​រោគសញ្ញា​ធ្ងន់ធ្ងរវិញ​ កង្វះ​អាសូត​កាន់តែ​ខ្លាំង ស្លឹក​ថ្មីៗ​ក៏​ប្រែ​ពណ៌​លឿង​ដែរ ធ្វើឱ្យ​វាលស្រែ​ទាំងមូល​មើល​ទៅ​ឃើញ​សភាព​ស្លេកស្លាំង។

    • ដើម​តឿ​ខ្សោយ៖ ស្រូវ​មាន​ការ​លូតលាស់​យឺត ដើម​តូច ស្គម​ខ្សោយ ហើយ​ងាយ​រង​ការ​បំផ្លាញ​ពី​សត្វល្អិត និង​ជំងឺ។
    • បែក​គុម្ព​តិច៖ ស្រូវ​បែក​គុម្ព​មិនបាន​ច្រើន​ដូច​ការ​រំពឹង​ទុក ដែល​ធ្វើឱ្យ​ចំនួន​កួរ​ក្នុង​មួយ​គុម្ព​ថយ​ចុះ។
    • កួរ​ស្រូវ​តូចខ្លី៖ កួរ​ស្រូវ​ដែល​ចេញ​មក​ក៏​មាន​ទំហំ​តូច គ្រាប់​មាន​បរិមាណ​ប្រូតេអ៊ីន​ទាប និង​ទិន្នផល​សរុប​ទាប។

    ៣. វិធីសាស្ត្រ​ដោះស្រាយ និង​បង្ការ

    ការ​ដោះស្រាយ​បញ្ហា​កង្វះ​អាសូត​ទាមទារ​ឱ្យ​មានការ​ចាត់វិធានការ​បន្ទាន់ និង​ការ​បង្ការ​រយៈពេល​វែង។

    ក. ការ​ដោះស្រាយ​បន្ទាន់ (ពេល​ឃើញ​រោគសញ្ញា)

    • ដាក់​ជី​អាសូត​បន្ថែម៖ ត្រូវ​ដាក់​ជី​អ៊ុយរ៉េ (Urea) ក្នុង​បរិមាណ​សមស្រប​ទៅតាម​ដំណាក់កាល​លូតលាស់​របស់​ស្រូវ​ភ្លាមៗ​តាម​ការណែនាំ​របស់​អ្នកជំនាញ។ ប្រឹក្សា​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ​បើ​មិន​ច្បាស់​ពី​របៀប​ប្រើ​ប្រាស់​ត្រឹមត្រូវ​។
    • ការ​ដាក់​ជី​តាម​ស្លឹក (Foliar Feeding)៖ ក្នុង​ករណី​ស្រូវ​ខ្លះ​ធ្ងន់ធ្ងរ អាច​ប្រើ​ជី​ទឹក​ដែល​មាន​អាសូត​ខ្ពស់បាញ់​លើ​ស្លឹក​ដើម្បីឱ្យ​ស្រូវ​ស្រូបយក​បាន​លឿន។

    ខ. វិធីសាស្ត្រ​បង្ការ​រយៈពេល​វែង

    • ការគ្រប់គ្រង​ការ​ដាក់​ជី​ត្រឹមត្រូវ

    បែងចែក​ការ​ដាក់​ជី ដោយ​ដាក់​ជី​អាសូត​ជាពីរ​ទៅ​បី​លើកទៅតាម​ដំណាក់កាល​សំខាន់ៗ​របស់​ស្រូវ (ពេល​បែក​គុម្ព ពេល​ចាប់ផ្តើម​ចេញ​កួរ) ដើម្បី​ជៀសវាង​ការ​បាត់បង់​ដោយសារ​ទឹក ឬ​ការ​ហួត។

    • ការគ្រប់គ្រង​ទឹក

    កសិករ​យើង​ត្រូវ​រក្សា​ទឹក​កុំឱ្យ​ជម្រៅ​ជ្រៅ​ពេក​ពេល​ដាក់​ជី​អ៊ុយរ៉េ ដើម្បី​កាត់បន្ថយ​ការ​បាត់បង់​ជី។បើ​ប្រើ​ជី​អ៊ុយរ៉េ ត្រូវ​ដាក់​នៅពេល​ស្រូវ​ត្រូវ​ការ ហើយ​ត្រូវ​ភ្ជួរ​កប់​បន្តិច ឬ​ដាក់​នៅពេល​ដី​សើម​ល្មម។

    • ការគ្រប់គ្រង​សារធាតុ​សរីរាង្គ

    បញ្ចូល​ចំបើង ឬ​ជី​កំប៉ុស្ត ទៅក្នុង​ដី​ឱ្យបាន​ច្រើន ដើម្បី​បង្កើន​សារធាតុ​សរីរាង្គ ដែល​នឹង​បញ្ចេញ​​អាសូត​បន្តិច​ម្តងៗ​សម្រាប់​ស្រូវ។

    • ការគ្រប់គ្រង​ស្មៅ៖ កម្ចាត់​ស្មៅ​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​កុំឱ្យ​ស្មៅ​ប្រកួតប្រជែង​ស្រូប​យក​អាសូត​ពី​ស្រូវ។

    បើ​បងប្អូន​មាន​បញ្ហា​បែប​នេះ គួរ​ស្វែង​រក​ជំនួយ​ពី​មន្ត្រី​កសិកម្ម​ឃុំ ឬ​កសិករ​ដែល​មាន​បទ​ពិសោធន៍​នៅ​ក្នងុ​សហគមន៍​របស់​បងប្អូន​។​

    ចែករំលែកដោយ៖​ សែន តុលា
    ប្រភព៖ Rice Knowledge Bank