More

    វិធានការគ្រប់គ្រងមូសផ្លុងលើដំណាំស្រូវ

    មូសផ្លុងគឺជាសត្វល្អិតចង្រៃមួយប្រភេទដែលបណ្ដាលឱ្យមានការខូចខាតខ្លាំងទៅលើដំណាំស្រូវនៅដំណាក់កាលបែកគុម្ព ហើយត្រូវបានគេរកឃើញក្នុងកម្រិតគួរឱ្យកត់សម្គាល់នៅតាមបណ្ដាខេត្តមួយចំនួនដូចជា ស្វាយរៀង ព្រៃវែង និងកំពតជាដើម។

    ១. របៀបបំផ្លាញរបស់មូសផ្លុង

    មូសផ្លុងមិនមែនជាសត្វដែលស៊ីបំផ្លាញស្លឹកដោយផ្ទាល់ទេ ប៉ុន្តែការបំផ្លាញរបស់វាគឺមានលក្ខណៈ​ពិសេសរបស់​វា។

    មូសផ្លុងញីពងនៅស្លឹកស្រូវ។ ដង្កូវតូចៗដែលញាស់ចេញពីពងនឹងចូលលាក់ខ្លួននៅក្នុងដើមស្រូវ ហើយស៊ីបំផ្លាញគល់នៃបណ្ដូលស្រូវ ដែលកំពុងលូតលាស់។

    - Advertisement -

    ការស៊ីបំផ្លាញនេះបណ្ដាលឱ្យបណ្ដូលស្រូវដែលត្រូវចេញមក ប្រែជាបំពង់មូល ឡើងពណ៌ប្រាក់ (ពណ៌សស្រអាប់) ដែលមើលទៅដូចជាស្លឹកខ្ទឹម។ ដើមស្រូវដែលរងការបំផ្លាញនឹងមិនអាចចេញកួរបាន ដែលនាំឱ្យខាតបង់ទិន្នផលទាំងស្រុងចំពោះដើមនោះ។ ការបំផ្លាញកើតមានចាប់ពីដំណាក់កាលសំណាបរហូតដល់ចុងបញ្ចប់នៃដំណាក់កាលបែកគុម្ព។

    ២. វិធីសាស្ត្រ​ការពារ និង​កម្ចាត់​មូសផ្លុង

    ដោយសារដង្កូវមូសផ្លុងរស់នៅក្នុងដើមស្រូវ ការប្រើថ្នាំសម្លាប់សត្វល្អិតដោយការបាញ់ គឺមានការលំបាកខ្លាំង។ ដូច្នេះ វិធានការការពារ និងគ្រប់គ្រងរួមបញ្ចូលគ្នា (IPM) គឺមានប្រសិទ្ធភាពបំផុត។

    ក. វិធីសាស្ត្របង្ការបែប​វប្បកម្ម

    ជ្រើសរើស​ពូជ​ធន់។ កសិករ​ពូជស្រូវដែលធន់ទ្រាំនឹងមូសផ្លុង ដូចជាពូជ ខា66 នាងមិញ ឬពូជដែលណែនាំដោយមន្ទីរកសិកម្មមូលដ្ឋាន។ ដូច​គ្នា​ដែរ ការ​អនាម័យសម្អាតស្រែ​ក៏​ជា​រឿង​សំខាន់​។ កសិករ​អាច​ភ្ជួរ​លុប​ឬដុត​សំណល់​ដំណាំ​ចាស់ក្រោយ​ច្រូតកាត់ និងកាប់ឆ្ការ​ស្មៅ​ចង្រៃ នៅ​ជុំវិញ​បរិវេណ​ស្រែព្រោះ​ស្មៅ​ជា​ជម្រក​របស់​មូសផ្លុង។

    បន្ថែម​នេះ​កសិករ​ត្រូវ​ការគ្រប់គ្រង​ការ​ដាំដុះ។ កសិករ​ត្រូវដាំដុះ​ឲ្យ​បាន​ព្រមៗ​គ្នានៅក្នុង​តំបន់​តែមួយ និងជៀសវាង​ការ​ដាំដុះ​បន្តបន្ទាប់​គ្នា​ឥតដាច់ ដើម្បី​កាត់ផ្ដាច់​វដ្ត​ជីវិត​របស់​សត្វល្អិត។ ដូចគ្នា ការគ្រប់គ្រង​ជីក៏​ជារឿង​ចាំបាច់​។ ដាក់​ជី​អាសូត (អ៊ុយរ៉េ) ក្នុង​កម្រិតមធ្យម និងបែងចែក​ជាច្រើន​លើក។ ការ​ប្រើ​ជី​ប៉ូតាស្យូម (K) ក្នុង​កម្រិត​សមស្រប​ក៏​អាច​ជួយ​ពង្រឹង​ភាព​ធន់​របស់​ដើមស្រូវ​បាន​ដែរ។ បន្ថែម​ពី​នេះ ការអនុវត្ត​ការ​ដាំដំណាំ​បង្វិល ឬ​ទុក​ដី​ទំនេរ​មួយរយៈ​ដើម្បី​កាត់បន្ថយ​ប្រជាករ​មូសផ្លុង ក៏​ជា​រឿង​ល្អ​។

    ខ. ការកម្ចាត់​ដោយ​ផ្ទាល់​

    កសិករ​យើង​ត្រូវតាមដាន​ជាប្រចាំ នៅ​ដំណាក់កាល​សំណាប និង​បែកគុម្ព ហើយត្រូវ​បោច ឬ​ដក​ដើម​ស្រូវដែល​ចេញ​រោគសញ្ញា (មាន​សណ្ឋានដូចស្លឹកខ្ទឹម) ចេញ​ពី​ស្រែ​ភ្លាមៗ ដើម្បី​កាត់ផ្ដាច់​វដ្ត​មេរោគ។

    កសិករ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​សត្វល្អិត​មាន​ប្រយោជន៍​ដូចជា ពីងពាង និង​ ឪម៉ាល់ដែល​ជា​ភ្នាក់​ងារ​ជួយ​កម្ចាត់​​ដង្កូវ​មូសផ្លុង។

    ចំពោះ​ការប្រើប្រាស់​ថ្នាំគីមីវិញ កសិករ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​យក​ល្អគួរ​ប្រឹក្សាជាមួយ​មន្ត្រី​កសិកម្ម​ឃុំ ឬ​អ្នក​ជំនាញ​កសិកម្ម​នៅ​មូល​ដ្ឋាន​។​ ការ​កម្ចាត់​ដោយ​ថ្នាំគីមី​គឺលំបាក​បំផុត ព្រោះ​ដង្កូវ​នៅ​ខាងក្នុង​ដើម។ ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​គឺ​ប្រភេទ​ដែល​អាច​ជ្រាបចូល​ទៅក្នុង​ដើម​ស្រូវ​បាន។

    ការ​ត្រាំ​សំណាបក៏​ជា​វិធី​ជួយ​ម្យ៉ាង​ដែរ។ ក្នុង​តំបន់​ដែល​មាន​ការ​រាតត្បាត​ញឹកញាប់ អាច​ត្រាំ​ឫស​សំណាប​ក្នុង​​ថ្នាំ​សម្លាប់​សត្វល្អិត​មុន​ស្ទូង​ក៏​អាច​ជួយ​ការពារ​បាន​ដែរ។

    ចំណាំ៖ ត្រូវ​ប្រើប្រាស់​ថ្នាំគីមី​ដោយ​ប្រុងប្រយ័ត្ន និង​តាម​ការណែនាំ​របស់​មន្ត្រី​កសិកម្ម ដើម្បី​ចៀសវាង​សម្លាប់​សត្វល្អិត​ល្អៗ និង​បង្កើន​ភាព​ធន់​របស់​សត្វល្អិត​ចង្រៃ

    ចែករំលែកដោយ៖ សែន តុលា
    ប្រភព៖ ឯកសារក្រសួងកសិកម្ម