More

    វិធីតាម​ដាន​និង​គ្រប់គ្រង​សត្វ​ល្អិត​លើ​ដំណាំ​ពោត​ឱ្យ​ទាន់​ពេល

    បងប្អូនកសិករយើង​ដឹងទេ ការគំរាមកំហែងដ៏ធំបំផុតដល់ដំណាំពោតរបស់យើង គឺមិនមែនគ្រាន់តែជាបញ្ហាទឹកភ្លៀង ឬគ្រោះរាំងស្ងួតនោះទេ តែវាគឺជាការវាយលុករបស់សត្វល្អិតចង្រៃ។ ការខកខានក្នុងការតាមដាន និងគ្រប់គ្រងសត្វល្អិតតាំងពីដំណាក់កាលដំបូង អាចបណ្តាលឱ្យបាត់បង់ទិន្នផលយ៉ាងច្រើន។ ដើម្បីការពារចំការពោតរបស់បងប្អូនសូមអនុវត្តតាមការណែនាំងាយៗទាំងនេះ។

    ១. សត្វល្អិតទូទៅដែលត្រូវប្រុងប្រយ័ត្ន

    មានសត្វល្អិតសំខាន់ៗបីប្រភេទដែលបង្កការខូចខាតធ្ងន់ធ្ងរដល់ដំណាំពោតនៅដំណាក់កាលផ្សេងៗគ្នា។ ដង្កូវ​ហ្វូង​បំផ្លាញ​ស្លឹក វាយ​លុក​នៅ​ដំណាក់​កាល​ស្លឹក​ពោត​នៅ​ខ្ចី​។ មួយ​ទៀត គឺ​ដង្កូវ​ចោះដើម​ វាចោះចូល​ទៅ​ក្នុង​ដើម​ពោត និង​បំផ្លាញ​ដើម​ពោត។ សត្វ​ចង្រៃ​មួយ​ប្រភេទ​ទៀត​គឺ​ពពួក​កណ្ដៀរ ដោយ​ពួក​វា​វាយ​លុក​នៅ​ដំណាក់​កាល​ពោត​ទើប​ដុះ​។​

    ២. រោគសញ្ញាដែលត្រូវពិនិត្យមើលឱ្យបានឆាប់រហ័ស

    ដើម្បីចាប់ផ្តើមការព្យាបាលទាន់ពេល បងប្អូនត្រូវស្គាល់ពីរោគសញ្ញានៃការបំផ្លាញរបស់សត្វ​ល្អិត​។

    - Advertisement -

    ដង្កូវ​ហ្វូង​បំផ្លាញ​ស្លឹក ដោយ​ចោះរន្ធលើ​ស្លឹក ឬ​មាន​ស្នាម​កាត់​ដាច់នៅលើ​ស្លឹក​ខ្ចី​។​ សម្រាប់​ដង្កូវ​ចោះ​ដើម​វិញ គឺស្លឹកនៅ​កណ្តាលរបស់ពោតងាប់ និងប្រែជាលឿងឬត្នោត ខណៈស្លឹកខាងក្រៅនៅមានសភាពធម្មតា។ សម្រាប់​កណ្ដៀរ​វិញ ពួក​វា​ស៊ី ឬ​កកេរ​គល់​កូន​ពោត​តូចៗ​ ជា​ហេតុ​នាំ​ឲ្យ​ដាច់គល់​ និង​ងាប់​។​

    ៣. វិធានការបង្ការ និងដោះស្រាយរហ័ស

    ការគ្រប់គ្រងសត្វល្អិតត្រូវធ្វើឡើងដោយភាពម៉ត់ចត់ និងទាន់​ពេល​វេលា​។ កសិករ​យើង​ត្រួវ​តាមដានចំការរាល់សប្តាហ៍ ដោយ​ត្រូវចុះពិនិត្យចំការពោតរបស់បងប្អូនឱ្យបានយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ជាពិសេសពិនិត្យមើលស្លឹកខ្ចីៗដើម្បីរកមើលរោគសញ្ញាខាងលើ។

    សម្រាប់ការគ្រប់គ្រងដង្កូវហ្វូង និងសត្វល្អិតដទៃទៀតដែលការវាយលុកឈានដល់កម្រិតធ្ងន់ធ្ងរ (មានសត្វល្អិតច្រើន) ត្រូវប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដែលត្រូវបានណែនាំ និងអនុញ្ញាត​ឱ្យប្រើប្រាស់សម្រាប់ដំណាំពោត និង​ប្រើដោយប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំលើស្លាកសញ្ញាឱ្យបានម៉ត់ចត់។ សូម​ប្រឹក្សា​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ​ដើម្បី​ដឹង​ច្បាស់​អំពី​ការ​ប្រើ​ប្រាស់​។​

    សូមចងចាំថា ការចំណាយពេលវេលាតិចតួចដើម្បីតាមដានរោគសញ្ញានៅដំណាក់កាលដំបូង នឹងជួយសន្សំសំចៃការចំណាយលើថ្នាំគីមី និងរក្សាទិន្នផលពោតរបស់បងប្អូនឱ្យបានខ្ពស់។ ប្រសិនបើមានចម្ងល់ ឬជួបប្រទះសត្វល្អិតដែលមិនស្គាល់ សូមទាក់ទងអ្នកជំនាញកសិកម្មនៅតាមមូលដ្ឋានដើម្បីទទួលបានជំនួយបន្ថែម។

    អត្ថបទដោយ៖ ចាន់ តារា
    ប្រភព៖ Agriscience